រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះជន្មាយុគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា
14-05-2026 21:57
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពន្ធនាគារខេត្ត មន្ត្រីរាជការជុំវិញខេត្ត យុវជន ស.ស.យ.ក និងសិស្ស-និស្សិត រៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាកិច្ចចាប់ផ្តើមនៃពិធីដ៏មហានក្ខត្តឫក្សនេះ ក៏មានព្រះវត្តមានរបស់ ព្រះសមាធិធម្ម យិត្ត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ ដោយព្រះអង្គបានដឹកនាំព្រះមន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់ជាន់ថ្នាក់ រៀបចំកិច្ចពិធីសាសនា សូត្រមន្តស្វាធ្យាយជយន្តោ និងពុទ្ធជ័យមង្គល ដើម្បីថ្វាយព្រះពរជ័យមង្គល សិរីសួស្តី វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ បានអានសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរជ័យយ៉ាងមហោឡារិក ដោយបានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏មហាប្រសើរ ដែលព្រះអង្គតែងតែលះបង់ព្រះរាជកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសុខសន្តិភាពសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។
ការប្តេជ្ញាចិត្តដង្ហែតាមព្រះរាជកិច្ចដឹកនាំ
ជាចុងក្រោយ លោក ប៉ែន កុសល្យ ក៏បានបញ្ជាក់ពីភក្តីភាពយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំទាំងមូល ក្នុងការដង្ហែតាមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាលំដាប់។
សូមបញ្ជាក់ថា ថ្ងៃទី១៤ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលប្រជាជាតិខ្មែរទាំងមូល រួមចិត្តរួមថ្លើម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់បំផុត ដែលទ្រង់ជាតំណាងនៃឯកភាពជាតិ និងជាមហាកម្លាំងចលករនៃសុខដុមរមនារបស់កម្ពុជា៕
















