វិភាគអន្តរជាតិ៖ យុទ្ធសាស្ត្រអាមេរិកចំពោះចិន៖ ពីលោក និកសុន រហូតដល់លោក ត្រាំ
14-05-2026 22:01
(វ៉ាស៊ីនតោន)៖ នៅពេលអតីតប្រធានាធិបតីអាមេរិក លោក Richard M. Nixon ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៧២ វាគឺជាយុទ្ធសាស្ត្រមួយ។ លោកជឿជាក់ថាការបើកចំហការទូតជាមួយ រដ្ឋាភិបាលកុម្មុយនិស្តចិន និងការបន្ទាបទំនាក់ទំនងជាមួយតៃវ៉ាន់ដែលប៉េកាំងអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននឹងបម្រើផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក ដំណើរទស្សនកិច្ច ជាបន្តបន្ទាប់របស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសចិនត្រូវបានធ្វើឡើងផ្អែកលើគោលគំនិតបែបនេះ។ សម្រាប់ថ្នាក់ដឹកនាំចិនវិញ ពួកគេមើលឃើញថាកិច្ចប្រជុំកំពូលជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយ ភាពតានតឹង បញ្ជាក់ពីផលប្រយោជន៍ស្នូលរបស់ខ្លួន និងផ្ដល់ក្ដីសង្ឃឹមលើទំនាក់ទំនងរឹងមាំជាច្រើនឆ្នាំទៅមុខ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកជានិច្ចកាលធ្វើឡើងក្នុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ម្ដងចុះម្ដងឡើង និងម្ដងផ្អែម និងម្ដងល្វីង។ កាលពីអតីតកាល ប្រធានាធិបតីអាមេរិក សង្ឃឹមថាការធ្វើសមារណកម្មតាមរយៈពាណិជ្ជកម្ម អាចនឹងនាំទៅរកការផ្លាស់ប្ដូរនយោបាយក្នុងទីក្រុងប៉េកាំងនៅថ្ងៃណាមួយ។ តែខណៈអំណាច និងឥទ្ធិពលចិនកើនឡើងកាន់តែធំ មេដឹកនាំចិនកាន់តែមានទំនុកចិត្ត នៅក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យកម្លាំងចលករនៃការរៀបចំកិច្ចប្រជុំកំពូលបានផ្លាស់ប្ដូរ។ ក្រុមមន្ត្រីចិន និងអ្នកវិភាគចិនក្នុងពេលបច្ចុប្បន្នមានជំនឿថាសហរដ្ឋអាមេរិកជាមហាអំណាចមួយ កំពុងលិច។ នៅមុនធ្វើទស្សនកិច្ចទៅប៉េកាំង (ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោកមានគម្រោង ស្នើឱ្យលោក ស៊ី ជីនពីងដែលរូបលោកចាត់ទុកថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់ «បើកចំហប្រទេសចិន» ហើយនេះភាសាមួយដែលប្រធានាធិបតីអាមេរិកស្ទើរគ្រប់ជំនាន់យកមកពិព័ណ៌នាពីទំនាក់ទំនងជាមួយចិន ជាងកន្លះស.វមកនេះ។
* ឆ្នាំ១៩៧២៖ លោក Richard M. Nixon
ដំណើរទស្សនកិច្ចរបស់លោក Nixon ទៅកាន់ប្រទេសចិន ជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសដ៏សំខាន់បំផុតមួយរបស់ប្រធានាធិបតីអាមេរិក នៅក្នុងសម័យក្រោយសង្រ្គាមលោកលើកទី២។ វាកើតឡើង ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីអតីតទីប្រឹក្សាសន្តិសុខជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានធ្វើទស្សនកិច្ចជាសម្ងាត់ទៅកាន់ប៉េកាំងកាលពីឆ្នាំ១៩៧១ ដើម្បីស្ទាបស្ទង់ពីលទ្ធភាពសម្រាប់ ការបើកចំហការទូតជាមួយអតីតមេដឹកនាំកំពូលចិន លោក Mao Zedong និងអតីតនាយករដ្ឋមន្ត្រីចិន លោក Zhou Enlai។ សហរដ្ឋអាមេរិកនៅពេលនោះមិនមានទំនាក់ទំនងផ្លូវការជាមួយចិនប្រជាមានិតទេ ចាប់តាំងពីលោកប្រធាន Mao បង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩។ ផ្ទុយទៅវិញ វ៉ាស៊ីនតោនគាំទ្ររដ្ឋាភិបាលប្រឆាំងកុម្មុយនិស្ត្តដឹកនាំដោយគណបក្ស Kuomintang នៅកោះតៃវ៉ាន់ដែលជា រដ្ឋអំណាចស្របច្បាប់របស់ចិន។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរដ៏សំខាន់មួយបានកើតឡើងនៅក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោក ដោយបានជំរុញឱ្យលោក Nixon និងលោក Kissinger សម្រេចចិត្ត កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយចិន ក្នុងគោលបំណងចាប់ដៃចិនប្រឆាំងនឹងអតីតសហភាពសូវៀត បន្ទាប់ពីជម្លោះរវាងបងប្អូនកុម្មុយនិស្តទាំង២ផ្ទុះឡើង។
* ឆ្នាំ១៩៧៥៖ លោក Gerald R. Ford
អតីតប្រធានាធិបតីអាមេរិក លោក Gerald R. Ford បានធ្វើដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅកាន់ចិនកាលពីខែធ្នូ ឆ្នាំ១៩៧៥ ១០ខែមុននឹងលោក Mao Zedong ទទួលមរណភាព។ ចិននៅពេលនោះ ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃបដិវត្តន៍វប្បធម៌។ តែគណបក្សកុម្មុយនិស្តចិននៅតែមានឆន្ទៈដើរតាមជំហានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក នៅពេលដែលលោក Ford បានធ្វើទស្សនកិច្ច ហើយកិច្ចចរចាបានត្រួសត្រាយផ្លូវឆ្ពោះទៅរកទំនាក់ទំនងជាប្រក្រតីដែលអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter នឹងបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ (ទាំងលោក Jimmy Carter និងអតីតប្រធានាធិបតីអាមេរិក លោក Joe Biden មិនដែលធ្វើដំណើរទស្សនកិច្ចទៅចិនឡើយអំឡុងអាណត្តិជាប្រធានាធិបតីអាមេរិក)។
* ឆ្នាំ១៩៨៤៖ លោក Ronald Reagan
លោក Ronald Reagan ជាអតីតប្រធានាធិបតីអាមេរិកម្នាក់ស្អប់កុម្មុយនិស្តខ្លាំងបំផុត និងតែងតែលើកឡើងពីភាពចាំបាច់នៃការផ្ដួលរំលំរបបកុម្មុយនិស្តមិនថានៅទីណាទេ ជាពិសេសនៅសូវៀត។ ប៉ុន្តែនៅពេល ធ្វើទស្សនកិច្ចទៅចិនក្នុងឆ្នាំ១៩៨៤ លោកមិនបាននិយាយអំពីភាពចាំបាច់នៃការផ្ដួលរំលំ ឬបំផ្លាញគោលនយោបាយរបស់គណបក្សកុម្មុយនិស្តចិននោះទេ។ លោក Reagan បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងនាមជារដ្ឋបុរសមានភាពជាក់ស្ដែងនិយមម្នាក់ជាមួយការជំរុញឆ្ពោះទៅរកកិច្ចពិភាក្សាលើពាណិជ្ជកម្ម ដែលក្រោយមកបានក្លាយជាចំណុចកណ្ដាលនៃទំនាក់ទំនងអាមេរិក-ចិន។ លោក Reagan បានប្រាប់ ក្រុមអ្នកសារព័ត៌មា នបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកថាលោកសង្ឃឹមថាអាចនឹងចាក់បញ្ចូលសា្មរតីទីផ្សារសេរីទៅក្នុងសេដ្ឋកិច្ចចិន។
* ឆ្នាំ១៩៨៩៖ លោក George H.W. Bush
នៅពេលលោកប្រធានាធិបតី George H.W. Bush ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៨៩ លោកបានវិលត្រឡប់ទៅកាន់ចិនជាប្រទេសមួយដែលរូបលោកបានបង្កើតទំនាក់ទំនងជាមួយ រួចទៅហើយ តាមរយៈមុខនាទីរបស់លោកជាប្រធានការិយាល័យទំនាក់ទំនងអាមេរិកក្នុងទីក្រុងប៉េកាំង ឬស្មើនឹងឯកអគ្គរដ្ឋទូតអាមេរិកពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ពោលគឺមុនពេលទំនាក់ទំនងការទូតផ្លូវការរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើង។ ទំនាក់ទំនងអាមេរិក និងចិនមានភាពរីកចម្រើនរហូតដល់នាំទៅរកការធ្វើទស្សនកិច្ចរបស់លោក Bush។ ប៉ុន្តែបាតុកម្ម និងព្រឹត្តិការណ៍បង្ក្រាបរបស់អាជ្ញាធរចិននៅឯទីលាន Tiananmen បានធ្វើឱ្យទំនាក់ទំនងប្រែទៅជាស្មុគស្មាញនៅក្នុងឆ្នាំ១៩៨៩នោះដែរ។ ហេតុការណ៍មួយដែលបានកើតឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក Bush បានឱ្យប្រផ្នូលជាមុនថារឿងមិនល្អនឹងកើតឡើង។
អតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Winston Lord និងស្ថានទូតអាមេរិកបានបញ្ជូនទៅឱ្យក្រុមមន្ត្រីចិននូវបញ្ជីឈ្មោះអ្នកដែលរដ្ឋាភិបាលអាមេរិកចង់អញ្ជើញឱ្យចូលរួមក្នុងពិធីលាងសាយភោជន៍ថ្នាក់រដ្ឋ។ អ្នកស្ថិតក្នុង បញ្ជីឈ្មោះភ្ញៀវកិត្តិយសទាំងនោះ រួមមានលោក Fang Lizhi ជាតារាវិទូដ៏ល្បីល្បាញម្នាក់ និងជាសកម្មជននយោបាយម្នាក់ដែលហ៊ានរិះគន់ការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន។ ភ្លាមៗនៅមុនពិធីជប់លៀងចាប់ផ្ដើម រដ្ឋាភិបាលចិនបានលុបឈ្មោះលោក Fang ចេញពីបញ្ជីឈ្មោះភ្ញៀវកិត្តិយស តែក្រុមមន្ត្រីអាមេរិកបានប្រឆាំងជំទាស់។ ក្នុងឆ្នាំដដែល នៅពេលយោធាចិនប្រើធម៌ក្ដៅបង្រ្កាបក្រុមបាតុករនៅទីលាន Tiananmen នៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា លោក Fang បានរត់ចូលទៅជ្រកកោនក្នុងស្ថានទូតអាមេរិក។
* ឆ្នាំ១៩៩៨៖ លោក Bill Clinton
ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានកើតឡើងក្នុងពេលសហរដ្ឋអាមេរិកបានក្លាយជាកំពូលមហាអំណាចលេខ១ផុតលេខគ្មានគូប្រជែង ក្រោយអតីតសហភាពសូវៀតដួលរលំ។ ដូច្នេះហើយទើបក្រុមមន្ត្រីអាមេរិក នៅពេលនោះជឿថាការចូលរួមរបស់ចិនក្នុងសណ្ដាប់ធ្នាប់ពិភពលោកមួយដឹកនាំសហរដ្ឋអាមេរិកជារឿងចៀសមិនរួច។ ការជឿបែបនេះបានលេចជារូបរាងកាន់តែច្បាស់ ក្រោយអតីតប្រធានាធិបតីចិន លោក Jiang Zemin បានព្យាយាមនិយាយភាសាអង់គ្លេស និងលើកឡើងពីសុន្ទរកថា Gettysburg Address របស់អតីតប្រធានាធិបតីអាមេរិក លោក Abraham Lincoln ក្នុងបទសម្ភាសន៍ជាមួយ CBS News។ លើសពីនេះទៅទៀត អំឡុងទស្សនកិច្ចរបស់លោក Clinton លោក Jiang ថែមទាំងធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយទៀតផងថាសន្និសីទសារព័ត៌មានរវាងមេដឹកនាំទាំង២ នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍។
* ឆ្នាំ២០០១ ២០០២ ២០០៥ និងឆ្នាំ២០០៨៖ លោក George W. Bush
លោកប្រធានាធិបតី George W. Bush បានស្ថិតនៅក្នុងទីក្រុងប៉េកាំងដើម្បីចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ ជាព្រឹត្តិការណ៍ជានិមិត្តរូបមួយដែលត្រូវបានមនុស្សជាច្រើនបកស្រាយថាឱកាស ដែលចិនប្រកាសប្រាប់ពិភពលោកថាខ្លួនបានក្លាយជាមហាអំណាចដ៏សំខាន់មួយរបស់ពិភពលោក។ វាជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក Bush ក្នុងយុគសម័យសកលភាវូបនីយកម្ម និងជាពេលដែលសេដ្ឋកិច្ចចិន បានកើនឡើងជាលំដាប់ បន្ទាប់ពីបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ ទស្សនកិច្ចរបស់លោក Bush កើតមានឡើងមុនបន្តិចប៉ុណ្ណោះ មុននឹងវិបត្តិហិរញ្ញវត្ថុសកលផ្ទុះឡើង។ វិបត្តិហិរញ្ញវត្ថុ និងសង្រ្គាមរបស់ សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ បានជំរុញឱ្យមានការជឿជាក់នៅក្នុងចំណោមក្រុមមន្ត្រីចិន ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតីចិន លោក Hu Jintao ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងដើរខុសផ្លូវ។ នៅក្នុងក្រសែភ្នែក ថ្នាក់ដឹកនាំចិន ពួកគេមើលឃើញថាការរះឡើងរបស់ចិនគ្មានអ្វីអាចមកបញ្ឈប់បានឡើយ ផ្ទុយពីប្រព័ន្ធរបស់បណ្ដាប្រទេសលោកខាងលិចដែលកំពុងវិវត្តន៍ទៅរកភាពទន់ខ្សោយ។ តាមលោក John Delury ជាអ្នកប្រវត្តិសាស្ត្រម្នាក់អំពីតំបន់អាស៊ីបូព៌ា ឥលូវវាបានក្លាយជារឿងធម្មតាទៅហើយដែលមនុស្សជាច្រើនយល់ថាឆ្នាំ២០០៨ ជាចំណុចរបត់ថ្មីមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
* ឆ្នាំ២០០៩ ២០១៤ និងឆ្នាំ២០១៦៖ លោក Barack Obama
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Barack Obama ក្នុងឆ្នាំ២០០៩ កើតមានឡើងក្រោមស្រមោលនៃវិបត្តិហិរញ្ញវត្ថុសកលដែលបានរីកដាលចេញពីបរាជ័យរបស់ស្ថាប័នហិរញ្ញវត្ថុអាមេរិក។ ខណៈលោក Obama ព្យាយាមនាំសហរដ្ឋអាមេរិកងើបចេញពីស្ថានការណ៍លំបាក សេដ្ឋកិច្ចរបស់ចិនបន្តកើនឡើងជាលំដាប់ដោយសារតែការដាក់ចេញគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចរបស់គណបក្សកុម្មុយនិស្តចិន។ ក្នុងជំនួបនៅប៉េកាំង លោក Obama បានលើកឡើងពីកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុក្នុងទីក្រុងកូប៉ិនហាក និងផែនការរបស់លោកដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ តាមរយៈការស្វែងរកកិច្ចព្រមព្រៀងមួយតាមមធ្យោបាយការទូត។ លោក Obama បានធ្វើទស្សនកិច្ចទៅចិនសាជាថ្មីក្នុងឆ្នាំ២០១៤ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនៃក្រុមបណ្ដាប្រទេសអាស៊ី និងបានជួបលោក ស៊ី ជីនពីងក្នុងកិច្ចពិភាក្សាទ្វេភាគី និងពិធីលាងសាយភោជន៍កម្រិតរដ្ឋ។
តែមិនយូរប៉ុន្មាន ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបានត្រឡប់ទៅរកភាពតានតឹងឡើងវិញ ដោយប៉េកាំងបានបង្កើនការធ្វើសកម្មភាពយោធានៅក្នុងតំបន់ ព្រមទាំងចោទប្រកាន់គ្នាទៅវិញទៅមកពីការលួចយកការណ៍។ នៅអំឡុងដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក្នុងឆ្នាំ២០១៦ យន្ដហោះរបស់លោក Obama បានចុះចតនៅក្នុងទីក្រុង Hangzhou។ ប៉ុន្តែលោក Obama បែរជាត្រូវចុះតាមទ្វារក្រោយរបស់យន្ដហោះ ដោយសារតែក្រុមមន្ត្រីចិនមិនបានដាក់ជណ្ដើរនៅផ្នែកខាងមុខយន្ដហោះ។ នេះអាចជាកំហុសបច្ចេកទេស ប៉ុន្តែក្រុមអ្នកវិភាគជាច្រើននាំគ្នាបកស្រាយថាជាចេតនារបស់ចិន និងចង់បង្ហាញពីការកើនឡើងអំណាចរបស់ចិន មិនចាំបាច់ឱនលំទោនដាក់សហរដ្ឋអាមេរិកទេ។
* ឆ្នាំ២០១៧៖ លោក Donald J. Trump
លោក ដូណាល់ ត្រាំ បានរិះគន់ចិនជាពិសេសពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦។ ព្រមពេលជាមួយគ្នា ក្រុមអ្នកនយោបាយសាធារណរដ្ឋជាច្រើនបានចាប់ផ្ដើម រិះគន់លើសេដ្ឋកិច្ចសកលភាវូបនីយកម្ម។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅចិននៅពេលនោះធ្វើឡើងជាមួយគោលបំណងរឹតត្បិតលើការធ្វើសកលភាវូបនីយកម្ម និងកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចអាមេរិកលើ ទីផ្សារចិន ដោយជំរុញឱ្យក្រុមហ៊ុនអាមេរិកមួយចំនួយរើចេញពីចិន។ តែសម្រេចសម្រួចទៅ នៅទីបំផុត លោក ត្រាំ បានសរសើរលោក ស៊ី ជីនពីង ពេញៗមាត់ដោយហៅថាមេដឹកនាំចិនថា «អ្នកជាបុរសដ៏ពិសេសម្នាក់»។ លោក ត្រាំ និងលោក ស៊ី ជីនពីង បានដើរកម្សាន្តនៅឯព្រះរាជាវាំងស្ដេចចិន និងប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគមួយចំនួន។
ប៉ុន្តែមិនយូរប៉ុន្មាន ក្រោយដំណើរទស្សនកិច្ចរបស់លោក លោក ត្រាំ ក្នុងខែមករា ឆ្នាំ២០១៨ បានចាប់ផ្ដើមធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន ធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងប្រែជាកាន់តែប្រឈមមុខ ដាក់គ្នា បើទោះជាលោក ត្រាំ គេចវេសនិយាយពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីបន្ទន់ចិត្តមេដឹកនាំចិនក៏ដោយ។ នេះជាការផ្លាស់ប្ដូរចេញពីគោលនយោបាយរាប់ទសវត្សរ៍កន្លងមករបស់សហរដ្ឋអាមេរិកចំពោះចិន ដែល តែងតែផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន ខណៈមិនភ្លេចឡើយពីការនិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ការផ្លាស់ប្ដូរនេះអាចនឹងត្រូវបានលោក ត្រាំធ្វើឱ្យមានលក្ខណៈកាន់តែបើកចំហ ក្នុងអាណត្តិទី២របស់លោក៕
















