រដ្ឋបាលស្រុកតាំងគោក រៀបចំពិធីសូត្រមន្តថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុយាងចូល ៧៤ព្រះវស្សា

14-05-2026 23:01

(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៧៣ យាងចូល៧៤ព្រះវស្សា។

ពិធីនេះត្រូវបានធ្វើឡើងនៅវត្តសសីរ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមវត្តមានលោក ហាក់​ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងមានព្រះសង្ឃ មន្ត្រីរាជការនៃរដ្ឋបាលស្រុកតាំងគោក លោកតា លោកយាយ និងប្រជាពលរដ្ឋជាច្រេីននាក់ទៀតផងដែរ។

ក្នុងឱកាសនោះ មន្ត្រីរាជការទាំងអស់បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូនព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គទូទាំងកម្ពុជាជាដរាបតរៀងទៅ៕