សម្ដេចព្រះសង្ឃនាយករងទី៣ អំពាវនាវដល់សាមណសិស្ស សិក្សានៅពុទ្ធិកសិក្សា វត្តគោកទិល ខិតខំសិក្សារៀនសូត្រដើម្បីលើកកម្ពស់ចំណេះដឹង ក្នុងព្រះពុទ្ធសាសនា

15-05-2026 08:00

(កំពង់ធំ)៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិក សិក្សាជាតិ អំពាវនាវដល់សាមណសិស្ស សិក្សានៅពុទ្ធិកសិក្សា វត្តគោកទិល ឲ្យយកព្រះទ័យខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងព្រះពុទ្ធសាសនា ក៏ដូចចំណេះដឹងទូទៅ សម្រាប់ជាប្រយោជន៍ដល់គ្រប់ព្រះអង្គ ដើម្បីចូលរួមចំណែក ដល់ការរីកចម្រើនក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ។

ការអំពាវនាវរបស់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិក សិក្សាជាតិ ធ្វេីឡេីងក្នុង ពិធីបើកបវសនកាល ពុទ្ធិកសិក្សា នៅវត្តគោកទិល (វត្តធម្មនាថ) ឃុំតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកស្រីអគ្គមហាឧបាសិកា ខៀវ ស៉ីណា ជា ចាន់តូ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត មានសង្ឃដិកាថា ពាក់ព័ន្ធនឹងការសិក្សាគឺមានសារៈសំខាន់ណាស់ មិនថាគ្រហស្ថ ឬព្រះសង្ឃ ដើម្បីពង្រីកសមត្ថភាព និងការលើកកម្ពស់ចំណេះយល់ដឹងបន្ថែម ក្នុងការឈានទៅសម្រេចបានតាមចក្ខុវិស័យមួយពិតប្រាកដ ដែល ជាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជាប្រយោជន៍គ្រប់ព្រះអង្គ, សម្ដេចក៏បានអំពាវនាវដល់សាមណសិស្ស ឲ្យយកព្រះទ័យខិត ខំរៀនសូត្រ ដើម្បីចូលលើកកម្ពស់ចំណេះដឹងទាំងនៅក្នុងព្រះពុទ្ធសាសនា ក៏ដូចចំណេះដឹងទូទៅ ឲ្យសមស្របតាមការរីកចម្រើនថ្មីៗ ក្នុងបរិបទនាបច្ចុប្បន្ន ដើម្បីចូលរួមចំណែកការរីកចម្រើនក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិផងដែរ។

លោកស្រីអគ្គមហាឧបាសិកា ខៀវ ស៉ីណា ជា ចាន់តូ ក៏បានលើកឡើងសមិទ្ធផលនានាទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធ ចក្រកំពុងមានការរីកច្រើន បញ្ហានេះសូមឱ្យគណៈកម្មការវត្ត និងព្រះសង្ឃសាមណសិស្សទាំងអស់ យកចិត្តទុកលើបញ្ហាអនាម័យ និងបរិស្ថាន នៅក្នុងសាលាពុទ្ធិក ក៏ដូចតាមវត្តនានាដែលគង់នៅ ដើម្បីទទួលបានព្រះសុខភាពល្អ ព្រមទាំងចូលថែរក្សាវិស័យព្រះពុទ្ធ សាសនា និងសង្គមជាតិឱ្យបានគង់វង្ស។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គមហាឧបាសិកា បានប្រគេនបច្ច័យចំនួន៤លានរៀល ដែលជាព្រះអំណោយដ៏ថ្លៃថ្លា របស់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សា សម្រាប់ការទ្រទ្រង់លើការសិក្សា នៅក្នុងបវេសនាកាលថ្មីនេះ, ក្នុងនោះលោកស្រីក៏បានប្រគេនអំណោយជាបច្ច័យទេយ្យទាន ប្រគេន ដល់សាមណសិស្ស និងអំណោយជូនដល់លោកយាយ លោកតាដែលបានអញ្ជើញចូលរួមផងដែរ៕