មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់គណៈប្រតិភូជាន់ខ្ពស់ឡាវ

15-05-2026 10:32

(ភ្នំពេញ)៖ លោក ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS) ដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោក Phouvong Kittavong អនុរដ្ឋមន្រ្តី នៃក្រសួងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ចំនួន ២៥រូប និងវត្តមានរបស់កញ្ញា Tessa Clear Cullen អ្នកជំនាញវិស័យសាធារណៈ និងជាប្រធានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំប្រទេសកម្ពុជានិងឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក.ប.ទ. ចំនួន ២០រូប នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះលោករដ្ឋលេខាធិការ និងមន្រ្តីជំនាញ ក.ប.ទ. បានធ្វើបទបង្ហាញអំពីប្រវត្តិដំណើរការ ភាពជោគជ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់ FMIS ចាប់ពីឆ្នាំ២០១៧។ គណៈប្រតិភូឡាវក៏បានអញ្ជើញពិនិត្យដំណើរជាក់ស្តែងនៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុផងដែរ។

ក្នុងឱកាសនោះលោកអនុរដ្ឋមន្រ្តី Phouvong Kittavong បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធក្នុងនាមជាក្រសួងប្រើប្រាស់ប្រព័ន្ធ FMIS ហើយលោកនឹងយកបទពិសោធជាក់ស្តែងល្អៗទាំងនេះ ដើម្បីត្រៀមក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ IFMIS របស់ឡាវនៅឆ្នាំ២០២៧ខាងមុខ។

សូមបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សា និងដកស្រង់បទពិសោធជាក់ស្តែង ក្នុងការរៀបចំ ការកសាង ការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅកម្ពុជា ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក.ប.ទ.៕