កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបទល្មើសបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់, ចាប់ខ្លួនជនល្មើស៤នាក់ (ចិន៣នាក់) និងរំដោះជនរងគ្រោះត្រឡប់មកវិញ ()
15-05-2026 14:57
(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសចាប់បង្ខាំង ធ្វើទារុណកម្មយ៉ាងឃោឃៅ និងជំរិតទារប្រាក់ ប្រព្រឹត្ដនៅចំណុចកាស៊ីណូ «ស៊ីងហោភីក» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ជនល្មើសចំនួន៤នាក់ (ចិន៣នាក់) និងរំដោះជនរងគ្រោះជនជាតិចិនត្រឡប់មកវិញជាមួយរងរបួសពេញខ្លួន និងយ៉ាងធ្ងន់ធ្ងរ។
ប្រតិបត្តិការបំបែកករណីនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានទទួលព័ត៌មានថា មានករណីចាប់ជំរិតទារប្រាក់មួយកើតឡើង ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ បង្កដោយជនសង្ស័យជាជនជាតិចិន និងជនរងគ្រោះជាជនជាតិចិនដូចគ្នា ហើយជនសង្ស័យបានបើករថយន្ដម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4899 យកទៅភ្លុងចោលនៅចំណុចភូមិស្មាច់ដែង សង្កាត់រាម ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅចំណុចទីតាំងរថយន្ដផ្លុងចោលខាងលើ និងបានយករថយន្ដខាងលើមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ និងជួយសង្គ្រោះជនរងគ្រោះ។
លុះដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៤០នាទី កម្លាំងចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដោយមានការសម្រេប សម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះទៅចំណុចផ្ទះវីឡាមួយកន្លែង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡា ពេលសមត្ថកិច្ចកំពុងតែឡោមព័ន្ធនោះ ជនសង្ស័យបានដឹងខ្លួន មានបំណងចង់រត់គេចខ្លួន តែត្រូវបានជនរងគ្រោះឆ្លៀតឱកាសរត់ចេញពីផ្ទះវីឡានោះ ក្រោយមកត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះបាន។
ជនរងគ្រោះឈ្មោះ HUANG ZEWEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (រងរបួសធ្ងន់ធ្ងរ និងមានរបួសពេញខ្លួន)។
ជនសង្ស័យចំនួន៤នាក់ មានចិនចំនួន៣នាក់ និងខ្មែរម្នាក់ រួមមាន៖
*ទី១៖ ឈ្មោះ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
*ទី២៖ ឈ្មោះ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
*ទី៣៖ ឈ្មោះ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
*ទី៤៖ ឈ្មោះ ជា ជ័យជេស្ដា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
វត្ថុតាងដែលដកហូតរួមមាន៖
១-ផ្លាកលេខរថយន្ដលេខ ភ្នំពេញ 2BA-9099 ចំនួន១គូ
២- ខ្នោះដៃចំនួន៧គូ
៣- ដែកចុងស្រួចចំនួន១
៤- ដែកទីបមូលប្រហែល២.៥ម៉ែត្រ ចំនួន១
៥- ដង្កាប់ចំនួន១
៦- ស្នាប់ដៃចំនួន២
៧- ខ្សែកៅស៊ូចំនួន១
៨- កូនកាំបិតចំនួន១
៩- វិទ្យុទាក់ទងចំនួន២គ្រឿង
១០- កន្សែងតូចចំនួន២ (ប្រឡាក់ឈាម)
១១- វាំងននចំនួន១ (ប្រឡាក់ឈាម)
១២- ស្រោមខ្នើយចំនួន១ (ប្រឡាកឈាមសម្រាប់រុំមុខ)
១៣- តង់កៅស៊ូពណ៌ខៀវ (ប្រឡាក់ឈាម)
១៤- ដែកជើងតុពណ៌មាសចំនួន១ (បាក់)
១៥-វ៉ាលីពណ៌ខ្មៅ ចំនួន១
១៦-ទូរសព្ទដៃចំនួន៦គ្រឿង
១៧- លិខិតឆ្លងដែនជនជាតិខ្មែរចំនួន១
១៨- លិខិតឆ្លងដែនជនជាតិចិនចំនួន១
១៩- លិខិតឆ្លងដែនជនជាតិឡាវចំនួន១
របាយការណ៍បានបញ្ជាក់ថា ករណីខាងលើ គឺជនសង្ស័យមានការរៀបចំគម្រោងទុកជាមុន (មានអង្គការចាត់តាំង) ដោយក្នុងប្រតិបត្ដិការនោះ គឺជនសង្ស័យមានគ្នាប្រហែល ៧ទៅ ៨នាក់ ជនជាតិចិន ហើយក្នុងចំណោម ជនសង្ស័យនោះ គឺមានម្នាក់ជាមិត្ដភក្ដិរបស់ជនរងគ្រោះ ដោយដឹងពីស្ថានភាពរបស់ជនរងគ្រោះច្បាស់លាស់ និងបានរៀបចំសម្ភារធ្វើសកម្មភាព ដូចជា ខ្នោះដៃ វ៉ាលី ឧបករណ៍ធ្វើទារុណកម្មជាដើម ជាពិសេសរថយន្ដ និងផ្ទះសម្រាប់ធ្វើសកម្មភាព (រថយន្ដ៣គ្រឿងទុកផ្លាស់ប្ដូរគ្នា)។
បន្ទាប់ពីរៀបចំគម្រោងរួចរាល់ ជនសង្ស័យដែលជាមិត្ដភក្ដិរបស់ជនរងគ្រោះ បានហៅជនរងគ្រោះមកកាស៊ីណូមួយកន្លែងម្ដុំតោ២។ បន្ទាប់ពីជនរងគ្រោះបានទៅដល់ ជនសង្ស័យក៏បាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចក៏បានធ្វើសកម្មភាពចាប់ជងរងគ្រោះតែម្ដង ដោយគ្នារបស់គេចំនួន៤នាក់ ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលីសចិនថា ជនរងគ្រោះបានប្រព្រឹត្ដបទល្មើស ត្រូវបានប៉ូលីសចិនចាប់ខ្លួន និងបានចាប់វាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលីធំពណ៌ខ្មៅ រួចក៏រុញវ៉ាលីនោះចេញពីកាស៊ីណូ សំដៅទៅផ្ទះវីឡាធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្ដចំនួន ៣គ្រឿង ផ្លាស់ប្ដូរពីមួយទៅមួយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មលើជនរងគ្រោះ ជំរិតយកប្រាក់បានចំនួន៥ម៉ឺនដុល្លារ។
នៅពេលនេះសម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថរៀបចំបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/284049













