ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ

15-05-2026 15:23

(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនង សាធារណៈដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តស្ទឹងត្រែងដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងនាមលោក សរ សុពុត្រា អភិបាលខេត្ត ក្នុងឱកាសនោះលោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ និងណែនាំឲ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំរុញបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug លើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថែមទៀត។

ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន បានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកពីតួនាទីរបស់តួអង្គនីមួយៗ សំដៅពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននៅសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើងចៀសផុតបានពីផលវិបាកបញ្ហានានាដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន៕