Fresh Exclusive: កម្ពុជា កំពុងធ្វើទំនើបកម្មកងទ័ព៖ ការពារទឹកដី ការពារប្រជាជន និងទប់ស្កាត់សង្គ្រាមនៅថ្ងៃអនាគត (Video inside)

15-05-2026 18:42

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី Hun Manet បានមានប្រសាសន៍បញ្ជាក់អំពីការធ្វើកំណែទម្រង់វិស័យយោធា ដែលកំពុងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសន្តិសុខ និងការពារជាតិសម័យថ្មី ក្នុងសតវត្សរ៍ទី២១ ខណៈពិភពលោក កំពុងផ្លាស់ប្តូរពីសង្គ្រាមបែបបុរាណ ទៅកាន់សង្គ្រាមដែលពឹងផ្អែកលើបច្ចេកវិទ្យា ល្បឿនបញ្ជាការ និងប្រព័ន្ធស៊ើបការណ៍ទំនើប។

Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ជុំវិញការប្រែប្រួលទស្សនវិជ្ជាយោធារបស់កម្ពុជា និងការកសាង «កងទ័ពសម្រាប់សន្តិភាព» ក្នុងយុគសម័យសង្គ្រាមទំនើប៖

នៅពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការពង្រឹងវិស័យការពារជាតិ មិនមែនជា «ភ្លើងចំបើង» ប៉ុន្តែជាការងារក្នុងរយៈពេលវែងនោះ មនុស្សមួយចំនួនអាចគិតថា នេះគ្រាន់តែជាការកែទម្រង់រដ្ឋបាលធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែង ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនេះ កំពុងបង្ហាញពីភាពប្រែក្លាយដ៏សំខាន់មួយ នៅក្នុងទស្សនវិជ្ជាការពារជាតិរបស់កម្ពុជា។

សម្តេចបវរធិបតី បានថ្លែងថា កម្ពុជា មិនចង់បានកងទ័ពដែល «ធំដោយចំនួន» ប៉ុន្តែខ្សោយដោយប្រសិទ្ធភាពឡើយ៖ «ឥឡូវយើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួន, កាត់ការិយា ល័យមួយចំនួន, កាត់ផ្នែកមួយចំនួនចោល, បង្រួមការិយា ល័យមួយចំនួន ដែលមានតួនាទីដូចគ្នា ដោយដាក់វានៅក្រោមតែមួយ។

កម្ពុជា កំពុងព្យាយាមកសាងកងទ័ពដែលមានរចនាសម្ព័ន្ធស្រាល ប៉ុន្តែរឹងមាំ, មានការគ្រប់គ្រងច្បាស់លាស់, មានបច្ចេកវិទ្យា, មានអភិបាលកិច្ច និងមានសមត្ថភាពឆ្លើយតបរហ័សចំពោះគ្រប់ស្ថានការណ៍សន្តិសុខថ្មីៗ។ និយាយឱ្យច្បាស់ នេះគឺជាការបម្លែងពី “កងទ័ពបែបបុរាណ” ទៅជា “កងទ័ពសម័យទំនើប”។

*ពីកងទ័ពធំ ទៅកងទ័ពឆ្លាត និងរហ័ស
ប្រសាសន៍ដែលមានទម្ងន់បំផុតមួយ របស់សម្តេចបវរធិបតី គឺការលើកឡើងថា គេត្រូវ «បង្រួមក្បាលឱ្យតូច តែពង្រីកខ្លួនឱ្យធំ និងរឹងមាំ»។ នេះជាទស្សនវិជ្ជាកំណែទម្រង់ការពារជាតិប្រកបដោយអត្ថន័យសំខាន់។
សម្តេចបវរធិបតីបានថ្លែងថា៖ «បើលុបពីក្រសួងហើយ ជំនាញខ្លះ ត្រូវលុបពីលើដល់ក្រោមតែម្ដង…(ព្រោះ) វាអត់ត្រូវការ។ ការងារខ្លះ, ការិយាល័យមួយអាចធ្វើការបាន…មិនចាំបាច់មានការិយាល័យពីរទេ…លុបចោលមួយទៅ…បង្រួមតួនាទីមកមួយទៅ…ឲ្យក្បាលកាន់តែតូច។»
ក្នុងពិភពសង្គ្រាមសម័យថ្មី ប្រទេសមួយ មិនអាចពឹងផ្អែកតែលើចំនួនមនុស្សច្រើនបានទៀតឡើយ។ សង្គ្រាមទំនើប កំពុងផ្អែកលើល្បឿន បច្ចេកវិទ្យា ប្រព័ន្ធបញ្ជាការ និងសមត្ថភាពឆ្លើយតបរហ័ស។
ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល ចាប់ផ្តើមកាត់បន្ថយអង្គភាពដែលស្ទួនតួនាទី, បង្រួមការិយាល័យ និងលុបផ្នែកដែលមិនចាំបាច់។

ការកែទម្រង់នេះ មិនមែនធ្វើដើម្បីកាត់បន្ថយកម្លាំងការពារជាតិទេ ប៉ុន្តែដើម្បីបំបាត់ “រចនាសម្ព័ន្ធធ្ងន់ និងយឺត” ដែលអាចធ្វើឱ្យប្រព័ន្ធបញ្ជាការខ្សោយលើប្រសិទ្ធភាព។

*ពី ៦០០០នាក់ មក ៦០០នាក់៖ នេះមិនមែនជាការនិយាយលេងទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញច្បាស់ថា អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ កំពុងឆ្លងកាត់ការកែទម្រង់ដ៏ធំមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិស្ថាប័នការពារជាតិកម្ពុជា។ សម្តេចបវរធិបតី បានថ្លែងថា កាលពីមុន អគ្គបញ្ជាការដ្ឋាន មានកម្លាំងប្រមាណ៦០០០នាក់ ប៉ុន្តែបច្ចុប្បន្ន បានកាត់បន្ថយមកនៅត្រឹមជាង២០០០នាក់ ហើយនៅថ្ងៃអនាគត គ្រោងបន្តបង្រួមឱ្យនៅសល់ត្រឹមជាង៦០០នាក់ប៉ុណ្ណោះ។

នេះមានន័យថា កម្ពុជា មិនកំពុងធ្វើ “ការកាត់បន្ថយចំនួន” ធម្មតាទេ ប៉ុន្តែកំពុងធ្វើ កំណែទម្រង់រចនាសម្ព័ន្ធបញ្ជាការ ដើម្បីបម្លែងពីប្រព័ន្ធយោធាដែលធ្ងន់ ស្មុគស្មាញ និងស្ទួនតួនាទី ទៅជាប្រព័ន្ធបញ្ជាការដែលស្រាល រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិភពសន្តិសុខសម័យថ្មី សង្គ្រាមមិនរង់ចាំឱ្យរដ្ឋបាលធ្វើឯកសារ ឬបញ្ជូនខ្សែបញ្ជាការយឺតៗនោះទេ។ សង្គ្រាមទំនើប ពឹងផ្អែកលើល្បឿននៃការសម្រេចចិត្ត, ភាពត្រឹមត្រូវនៃព័ត៌មាន និងសមត្ថភាពឆ្លើយតបភ្លាមៗ។ ប្រសិនបើប្រព័ន្ធបញ្ជាការ មានភាពស្ទក់ ស្មុគស្មាញ និងពោរពេញដោយស្ថាប័នស្ទួន, នោះការយឺតត្រឹមប៉ុន្មាននាទី ក៏អាចប្រែក្លាយទៅជាការបាត់បង់សមរភូមិ ឬការបាត់បង់ជីវិតកងទ័ពបានដែរ។

ហេតុនេះហើយ ទើបកម្ពុជា កំពុងព្យាយាមបង្កើត “ក្បាលតូច តែដៃរហ័ស”។ និយាយឱ្យច្បាស់ គឺបង្រួមរដ្ឋបាល ប៉ុន្តែពង្រឹងសមត្ថភាពប្រតិបត្តិការ។ កាត់បន្ថយអង្គភាពដែលមិនចាំបាច់ ប៉ុន្តែបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការបញ្ជា និងការឆ្លើយតបគ្រប់ស្ថានការណ៍សន្តិសុខ ទាំងអស់។
នេះជាសញ្ញាបង្ហាញថា កម្ពុជា កំពុងផ្លាស់ប្តូរពី “កងទ័ពធំដោយចំនួន” ទៅ “កងទ័ពឆ្លាតដោយប្រព័ន្ធ” ដែលជាទិសដៅកំណែទម្រង់កងទ័ពសម័យទំនើបនៅលើពិភពលោក។

*សង្គ្រាមឆ្នាំ២០២៥ បានផ្លាស់ប្តូរទស្សនវិជ្ជាសន្តិសុខរបស់កម្ពុជា

ការកែទម្រង់វិស័យការពារជាតិរបស់កម្ពុជា នៅពេលនេះ មិនអាចបំបែកចេញពីបទពិសោធន៍សង្គ្រាមឆ្នាំ២០២៥ បានឡើយ។ សង្គ្រាមឈ្លានពានមួយដែលប្រទេសថៃ បានវាយទន្ទ្រានយកទឹកដីកម្ពុជានោះ មិនត្រឹមតែបង្កការខូចខាតលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែបានផ្លាស់ប្តូររបៀបគិតរបស់កម្ពុជា ចំពោះ “សង្គ្រាមសម័យថ្មី” និង “ការការពារជាតិ” ផងដែរ។

នៅពេលដែលកម្ពុជា ប្រឈមមុខនឹងការវាយប្រហារពីភាគីថៃ ដែលប្រើយន្តហោះ F-16, ដ្រូន និងប្រព័ន្ធអាវុធទំនើប ពិភពលោកបានឃើញយ៉ាងច្បាស់ថា សង្គ្រាមសតវត្សទី២១ មិនដូចសង្គ្រាមបែបបុរាណ ដែលពឹងផ្អែកតែលើចំនួនកងទ័ព និងការប្រយុទ្ធលើដីនោះទេ។
ជាក់ស្តែង សង្គ្រាមរុស្ស៊ី–អ៊ុយក្រែន និងសង្គ្រាមរវាងសហរដ្ឋអាមេរិក–អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានបង្ហាញថា អ្នកដែលមានប្រៀប មិនមែនជាអ្នកដែលមានទ័ពច្រើនជាងគេទេ ប៉ុន្តែជាអ្នកដែលមានបច្ចេកវិទ្យាទំនើប, ប្រព័ន្ធស៊ើបការណ៍មានប្រសិទ្ធភាព, ប្រព័ន្ធបញ្ជាការលឿន និងសមត្ថភាពសម្រេចចិត្តរហ័សជាងគេ។

សង្គ្រាមសម័យថ្មី គឺជាសង្គ្រាមនៃ “ល្បឿនព័ត៌មាន” និង “បច្ចេកវិទ្យា” មុននឹងក្លាយជាសង្គ្រាមនៃចំនួនមនុស្ស។ ដ្រូនមួយ អាចធ្វើការស៊ើបការណ៍ ឬវាយប្រហារ បានលឿនជាងកងទ័ពរាប់រយនាក់។ ប្រព័ន្ធបញ្ជាការដែលយឺត ឬស្មុគស្មាញពេក អាចធ្វើឱ្យបាត់បង់ឱកាសការពារ ឬឆ្លើយតបក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។

ហេតុនេះហើយ ទើបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកែទម្រង់វិស័យការពារជាតិ មិនអាចផ្អែកតែលើការបង្កើនចំនួនកងទ័ពបានទៀតឡើយ ប៉ុន្តែត្រូវធ្វើលើការហ្វឹកហ្វឺន, ការធ្វើទំនើបកម្មគ្រឿងបំពាក់, ការរៀបចំរចនាសម្ព័ន្ធបញ្ជាការ និងការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងកងទ័ព។

និយាយជារួម កម្ពុជា កំពុងព្យាយាមកសាង “កងទ័ពសម្រាប់សង្គ្រាមសម័យថ្មី” មិនមែន “កងទ័ពសម្រាប់សង្គ្រាមបែបចាស់” នោះឡើយ។

*ការពារទឹកដី” ត្រូវភ្ជាប់ជាមួយ “ការពារជីវិតកងទ័ព

ចំណុចសំខាន់មួយទៀត ដែលមនុស្សជាច្រើន ប្រហែលមិនទាន់ចាប់អារម្មណ៍ក្នុងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការផ្តោតយ៉ាងខ្លាំងលើសុខភាព និងសុខុមាលភាពរបស់កងទ័ព។ នេះបង្ហាញថា ទស្សនវិជ្ជាការពារជាតិរបស់កម្ពុជា នៅពេលនេះ មិនមែនគិតតែអំពីអាវុធ ឬសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែកំពុងគិតអំពី “មនុស្ស” ដែលនៅពីក្រោយឯកសណ្ឋានយោធា។

ការណែនាំឱ្យពង្រឹងគ្លីនិកនៅតាមអង្គភាពកងទ័ព, បង្កើនថ្នាំពេទ្យ និងលើកកម្ពស់គុណភាពសេវាព្យាបាល បង្ហាញថា រាជរដ្ឋាភិបាល មិនចង់ឱ្យកងទ័ព គ្រាន់តែជាកម្លាំងសម្រាប់ចូលប្រយុទ្ធនោះទេ ប៉ុន្តែត្រូវជាកម្លាំងដែលមានសុវត្ថិភាព មានការថែទាំ និងមានប្រព័ន្ធគាំទ្ររឹងមាំផងដែរ។
នេះជាការផ្លាស់ប្តូរគំនិតដ៏សំខាន់មួយក្នុងវិស័យការពារជាតិ។ ពីព្រោះក្នុងអតីតកាល ប្រទេសជាច្រើន តែងផ្តោតលើការទិញអាវុធ និងបង្កើនចំនួនកងទ័ព ប៉ុន្តែពេលខ្លះ បែរជាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់លើសុខភាព និងសុខុមាលភាពរបស់យោធិនឡើយ។

ប៉ុន្តែសង្គ្រាមសម័យថ្មី បានបង្ហាញថា កម្លាំងប្រយុទ្ធដែលរឹងមាំ មិនអាចផ្អែកតែលើអាវុធទំនើបបានឡើយ។ ប្រសិនបើកងទ័ព ខ្វះប្រព័ន្ធសុខាភិបាល, ខ្វះការថែទាំផ្លូវកាយ និងផ្លូវចិត្ត ឬ ខ្វះប្រព័ន្ធគាំទ្រដែលមានប្រសិទ្ធភាព នោះសមត្ថភាពប្រយុទ្ធរយៈពេលវែង ក៏អាចចុះខ្សោយដូចគ្នា។
ហេតុនេះ កងទ័ពសម័យទំនើប មិនមែនត្រឹមតែមានយន្តហោះ ដ្រូន ឬអាវុធទំនើបទេ ប៉ុន្តែត្រូវមានប្រព័ន្ធសុខាភិបាលរឹងមាំ, ប្រព័ន្ធគ្រប់គ្រងមានប្រសិទ្ធភាព និងសុខុមាលភាពល្អសម្រាប់យោធិនផងដែរ។

ក្នុងបរិបទកែទម្រង់នេះ កម្ពុជា កំពុងព្យាយាមកសាង “កងទ័ពដែលមានសមត្ថភាពប្រយុទ្ធ” ក្នុងពេលតែមួយ ដើម្បីក្លាយជា “កងទ័ពដែលមានគុណភាពជីវិត” ផងដែរ។

*ប្រាក់បៀវត្សតាមធនាគារ៖ កំណែទម្រង់អភិបាលកិច្ចក្នុងវិស័យយោធា

ប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការបើកប្រាក់បៀវត្សជូនយោធិនតាមប្រព័ន្ធធនាគារ អាចមើលទៅដូចជាការកែប្រែបច្ចេកទេសរដ្ឋបាលធម្មតា ប៉ុន្តែជាក់ស្តែង វាមានអត្ថន័យជ្រាលជ្រៅជាងនោះ។ នេះគឺជាសញ្ញាបង្ហាញថា កម្ពុជា កំពុងព្យាយាមធ្វើទំនើបកម្ម អភិបាលកិច្ចយោធា មិនមែនត្រឹមតែធ្វើទំនើបកម្មអាវុធប៉ុណ្ណោះទេ។

ក្នុងសម័យសង្គ្រាមទំនើប កម្លាំងយោធាដែលរឹងមាំ មិនអាចផ្អែកតែលើរថក្រោះ ឬប្រព័ន្ធអាវុធទំនើបបានឡើយ ប៉ុន្តែត្រូវមាន “ប្រព័ន្ធគ្រប់គ្រង” ដែលមានប្រសិទ្ធភាព តម្លាភាព និងអាចទុកចិត្តបានផងដែរ។

ហេតុនេះ ការរៀបចំបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ មិនមែនគ្រាន់តែធ្វើឱ្យយោធិនងាយស្រួលទទួលប្រាក់នោះទេ ប៉ុន្តែជាផ្នែកមួយនៃការកែទម្រង់អភិបាលកិច្ចក្នុងវិស័យការពារជាតិ ដែលអាចជួយ៖
• កាត់បន្ថយភាពស្មុគស្មាញក្នុងរដ្ឋបាល
• បង្កើនតម្លាភាព និងភាពច្បាស់លាស់ក្នុងការបើកប្រាក់
• ធានាថាយោធិនទទួលបានប្រាក់ត្រឹមត្រូវ និងទាន់ពេលវេលា
• និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងកងទ័ព។

សំខាន់ជាងនេះ ប្រការនេះបង្ហាញដែរថា កម្ពុជា កំពុងព្យាយាមបម្លែងការគ្រប់គ្រងកងទ័ព ពីប្រព័ន្ធបែបចាស់ ដែលធ្លាប់តែពឹងផ្អែកលើការគ្រប់គ្រងដោយដៃ និងរដ្ឋបាលស្មុគស្មាញ ទៅជាប្រព័ន្ធឌីជីថលនិងទំនើប ដែលអាចតាមដាន គ្រប់គ្រង និងធានាបាននូវប្រសិទ្ធភាពខ្ពស់ជាងមុន។
ជាពិសេស ក្នុងបរិបទដែលសម្តេចបវរធិបតី បានបញ្ជាក់ថា ត្រូវធានា “តុល្យភាពរវាងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការលាក់ការយោធា” នោះ វាបង្ហាញថា កម្ពុជា កំពុងព្យាយាមធ្វើទំនើបកម្មវិស័យយោធា ដោយមិនប៉ះពាល់ដល់សុវត្ថិភាព និងសម្ងាត់ផ្នែកយោធាឡើយ។
និយាយឱ្យច្បាស់ កំណែទម្រង់កងទ័ពនៅពេលនេះ មិនមែនផ្អែកតែលើ “អាវុធ” ទេ ប៉ុន្តែផ្អែកលើ “ប្រព័ន្ធគ្រប់គ្រងទំនើប” ដែលជាបេះដូងនៃកងទ័ពសម័យថ្មី។

*ពីវិមានឈ្នះឈ្នះ ទៅកងទ័ពសម័យថ្មី

ប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្សែគំនិតដ៏សំខាន់មួយ គឺ “ការចងចាំ”។

សម្តេច បានណែនាំឱ្យឆ្លាក់ផ្ទាំងគំនូរ បង្ហាញពីការឈឺចាប់ដោយសារសង្គ្រាម វីរភាពរបស់កងកម្លាំង និងការរួបរួមរបស់មហាគ្រួសារខ្មែរ គឺជាការបង្កើត “អង្គចងចាំជាតិ” មួយសម្រាប់មនុស្សជំនាន់ក្រោយ។

ប្រសាសន៍ណែនាំ ឱ្យឆ្លាក់ព្រឹត្តិការណ៍ការពារអធិបតេយ្យភាពឆ្នាំ២០២៥ នៅលើវិមានឈ្នះឈ្នះ និងសាងសង់ស្តូបរំលឹកវីរភាពរបស់កងកម្លាំងការពារជាតិ នោះវាមិនមែនគ្រាន់តែជាការរៀបចំពិធីរំលឹកប្រវត្តិសាស្ត្រទេ ប៉ុន្តែជាការផ្ញើសារនយោបាយ និងសន្តិសុខដ៏សំខាន់មួយទៅកាន់មនុស្សជំនាន់ក្រោយ។

សារនោះ គឺកម្ពុជា មិនចង់ឱ្យការឈឺចាប់ដោយសារសង្គ្រាម ត្រូវបានបំភ្លេចឡើយ។ ពីព្រោះប្រទេសដែលភ្លេចប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួន អាចប្រឈមហានិភ័យឱ្យសង្គ្រាមត្រឡប់មកវិញម្ដងទៀត។

វិមានឈ្នះឈ្នះ តំណាងឱ្យការបញ្ចប់សង្គ្រាមស៊ីវិល និងការរួបរួមជាតិ។ ប៉ុន្តែនៅក្នុងបរិបទថ្មី បន្ទាប់ពីវិបត្តិសង្គ្រាមឆ្នាំ២០២៥ វិមាននេះ ក៏កំពុងក្លាយជានិមិត្តរូបនៃការការពារអធិបតេយ្យភាព និងការរំលឹកថា សន្តិភាព មិនមែនជារឿងដែលអាចទុកឱ្យកើតឡើងដោយខ្លួនឯងបានឡើយ។
ប៉ុន្តែសម្តេចបវរធិបតី ក៏បានបង្ហាញយ៉ាងច្បាស់ដែរថា “ការចងចាំ” តែមួយ មិនគ្រប់គ្រាន់ទេ។ ប្រទេសមួយ មិនអាចការពារសន្តិភាពបានឡើយ ប្រសិនបើគ្មានសមត្ថភាពការពារខ្លួនឯង។

ហេតុនេះហើយ ទើបកម្ពុជា កំពុងដើរលើផ្លូវពីរដែលស្របគ្នា៖ មួយ គឺការរក្សាសន្តិភាព និងដោះស្រាយវិវាទដោយសន្តិវិធី។ មួយទៀត គឺការកសាងកងទ័ពសម័យថ្មី ដែលមានសមត្ថភាពឆ្លើយតបនឹងសង្គ្រាមទំនើប និងការគំរាមកំហែងថ្មីៗ។
ដូច្នេះ ពីវិមានឈ្នះឈ្នះ ទៅកាន់កំណែទម្រង់កងទ័ពសម័យថ្មី កម្ពុជា កំពុងព្យាយាមកសាងសារមួយច្បាស់លាស់៖ «ប្រទេសដែលចង់រក្សាសន្តិភាព ត្រូវតែមានទាំងការចងចាំប្រវត្តិសាស្ត្រ និងសមត្ថភាពការពារអនាគត»។

សេចក្តីសន្និដ្ឋាន៖

សារសំខាន់បំផុត នៃប្រសាសន៍របស់សម្តេចមហាបវរធិបតី ក្នុងខួបលើកទី១៩ នៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺចង់បញ្ជាក់ថា កម្ពុជា មិនចង់ឱ្យសង្គ្រាមកើតឡើងនៅលើទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែក្នុងពិភពលោក ដែលស្ថានការណ៍សន្តិសុខកាន់តែស្មុគស្មាញ និងសង្គ្រាមសម័យថ្មី កាន់តែពឹងផ្អែកលើបច្ចេកវិទ្យា កម្ពុជា ក៏មិនអាចធ្វេសប្រហែសចំពោះការការពារជាតិបានដែរ។

ហេតុនេះ ការរក្សាសន្តិភាព មិនអាចពឹងផ្អែកតែលើការអត់ធ្មត់ ឬការអំពាវនាវឱ្យមានសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានកម្លាំងការពារជាតិដែលរឹងមាំ ទំនើប និងមានសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងគ្រប់ទម្រង់។ សម្តេចបវរធិបតី បានបង្ហាញយ៉ាងច្បាស់ថា កងទ័ពរឹងមាំនៅសតវត្សទី២១ មិនមែនវាស់ត្រឹមចំនួនមនុស្ស ឬទំហំរដ្ឋបាលនោះទេ។ កម្លាំងយោធាសម័យថ្មី ត្រូវមានការកែទម្រង់រចនាសម្ព័ន្ធ, មានអភិបាលកិច្ចល្អ, មានបច្ចេកវិទ្យាទំនើប, មានប្រព័ន្ធបញ្ជាការលឿន និងមានសមត្ថភាពឆ្លើយតបរហ័សចំពោះស្ថានការណ៍ដែលប្រែប្រួលយ៉ាងឆាប់រហ័ស។

លើសពីនេះ កងទ័ពដែលរឹងមាំ ពុំអាចខ្វះការយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរបស់យោធិនបានឡើយ។ ពីព្រោះកងទ័ព មិនមែនគ្រាន់តែជាកម្លាំងប្រយុទ្ធទេ ប៉ុន្តែជាធនធានជាតិដ៏មានតម្លៃ ដែលត្រូវការការថែទាំ ការពារ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់។
និយាយជារួម កម្ពុជា កំពុងព្យាយាមកសាង “កងទ័ពសម្រាប់សន្តិភាព” មិនមែន “កងទ័ពសម្រាប់សង្គ្រាម” នោះឡើយ។ ពីព្រោះគោលដៅចុងក្រោយនៃការពង្រឹងវិស័យការពារជាតិ មិនមែនដើម្បីចាប់ផ្តើមសង្គ្រាមទេ ប៉ុន្តែដើម្បីទប់ស្កាត់សង្គ្រាម ការពារអធិបតេយ្យភាពជាតិ និងធានាថា ប្រជាជនកម្ពុជា អាចរស់នៅក្នុងសន្តិភាពបានយូរអង្វែង៕​