រដ្ឋមន្រ្តី ឈាង រ៉ា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល-ថ្នាលទិន្នន័យ ជាជំហានដ៏ត្រឹមត្រូវ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានសេវាសុខាភិបាលច្បាស់លាស់ និងទំនើប
15-05-2026 19:30
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់ព័ត៌មានសុខាភិបាល-ថ្នាលទិន្នន័យ DHIS2 ជាជំហានដ៏ត្រឹមត្រូវមួយ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានសេវាសុខាភិបាលតាមរយៈប្រព័ន្ធព័ត៌មានដែលច្បាស់លាស់ និងទំនើប។
ការថ្លែងរបស់លោកសាស្រ្តាចារ្យ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រង់ព័ត៌មានសុខាភិបាល-ថ្នាលទិន្នន័យ DHIS2 នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ GAVI, អង្គការយូនីសេហ្វ, អង្គការសុខភាពពិភពលោក និងថ្នាក់ដឹកនាំ បុគ្គលិកក្រសួងសុខាភិបាល ជាច្រើនរូបទៀតផងដែរ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា«ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់ព័ត៌មានសុខាភិបាល-ថ្នាលទិន្នន័យ DHIS2 ជាជំហានដ៏ត្រឹមត្រូវទៅរកឌីជីថលភាវូបនីយកម្ម ដែលជាបដិវត្តកម្មថ្មីមួយនឹងផ្លាស់ប្ដូរមុខមាត់វិស័យសុខាភិបាលកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានភាពធន់ វៃឆ្លាត និងមានចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់ និងដើម្បីធានាថាប្រជាជនកម្ពុជា ទទួលបានសេវាសុខាភិបាលតាមរយៈប្រព័ន្ធព័ត៌មានដែលច្បាស់លាស់ និងទំនើប»។
មួយវិញទៀតការដាក់ប្រើប្រាស់ថ្នាល DHIS2 គឺធ្វើឡើងដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឌីជីថល និងឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ជំរុញផលិតភាពសេដ្ឋកិច្ច និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
លោកសាស្រ្តាចារ្យបន្តថា ថ្នាលទិន្នន័យ DHIS2 បានធ្វើឱ្យការប្រមូល និងការប្រើប្រាស់ទិន្នន័យសុខាភិបាលមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុនព្រមទាំងអាចភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗទៀតបាន។ ជាងនេះទៀតអនុញ្ញាតឱ្យយកទិន្នន័យគ្លីនិក ពីកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ទៅសំយោគនិងវិភាគចេញជារបាយការណ៍ច្បាស់លាស់។ ព័ត៌មានទាំងនេះមានសារៈសំខាន់មិនត្រឹមតែ សម្រាប់ការសម្រេចចិត្តនៅកម្រិតគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការសម្រេចចិត្តនៅកម្រិតមូលដ្ឋានសុខាភិបាលផ្ទាល់ផងដែរ។
លើសពីនេះការដាក់ឱ្យប្រើប្រាស់ថ្នាល DHIS2 គឺជាការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលបែកខ្ញែក និងប្រើប្រាស់ក្រដាស មកជាការប្រើប្រាស់ប្រព័ន្ធរួមតែមួយ (ជាពិសេសគឺ DHIS2) ដើម្បីកាត់បន្ថយពេលវេលា បង្កើនប្រសិទ្ធភាពការងារ និងធានាបាននូវ "អធិបតេយ្យភាពទិន្នន័យសុខាភិបាល" របស់កម្ពុជា និងជំរុញកិច្ចសហការអន្តរវិស័យ ដើម្បីប្រែក្លាយទិន្នន័យឱ្យទៅជាលទ្ធផលជាក់ស្តែង សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យ ឈាង រ៉ាបានបន្ថែមថា ទោះបីជាការចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាចមានការលំបាកខ្លះនៅពេលដំបូង ប៉ុន្តែនៅពេលដែលមន្ត្រីសុខាភិបាលស៊ាំនឹងការងារនេះ វានឹងក្លាយជាឧបករណ៍ដ៏មានអំណាចក្នុងការកែលម្អប្រព័ន្ធសុខាភិបាលឱ្យកាន់តែប្រសើរឡើង តម្លាភាព និងមានលក្ខណៈជាស្ដង់ដារអន្តរជាតិ។
ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានកោតសរសើរនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងដំណើរការនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលឌីជីថល ថ្នាលទិន្នន័យ DHIS2 នេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍អន្តរជាតិរួមមាន៖ WHO, UNICEF, CHAI និង GAVI ដែលបានគាំទ្រយ៉ាងសកម្មក្នុងកិច្ចការងារនេះ។
សូមជម្រាបថាបច្ចុប្បន្នមានប្រទេសជាង ៨០ ក្នុងពិភពលោក បាននិងកំពុងប្រើប្រាស់ប្រព័ន្ធ DHIS2។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់ជាសកលថាមានសមត្ថភាពខ្ពស់ក្នុងការប្រមូល គ្រប់គ្រង វិភាគ និងបង្ហាញទិន្នន័យស្ថិតិសុខាភិបាល និងការតាមដានករណីជំងឺ៕



























