ជំហានដំបូង នៃការរៀបចំទីតាំងសាលារៀនថ្មីទំហំជិត ៦ហិកតា នៅស្រុកបាកាន ចាប់ផ្តើមដំណើរការយ៉ាងសកម្ម បន្ទាប់ពីមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត
15-05-2026 19:33
(ពោធិ៍សាត់)៖ ទីតាំងគ្រឹះស្ថានសិក្សាថ្មី លើផ្ទៃដីប្រមាណជាជិត ៦ហិកតា ដែលរៀបចំឡើងសម្រាប់ផ្លាស់ប្តូរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន នាពេលអនាគត ត្រូវបាននិងកំពុងដំណើរការកាយស្តារអូរចាស់ ដើម្បីយកអាចម៍ដីមកចាក់បំពេញទីធ្លា ព្រមទាំងរៀបចំស្ថាបនារបងព័ទ្ធជុំវិញ នៅក្នុងជំហានទី១។
នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានមានសង្ឃដីកាឱ្យដឹងថា សម្រាប់ជំហានដំបូងដែលមានរយៈពេល ៣ថ្ងៃមកនេះ ក្រុមការងារដឹកជញ្ជូនដីបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដោយបែងចែកចេញជា ៣ក្រុម ដើម្បីពន្លឿនការងារចាក់ដី បន្ទាប់ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះធ្វើការកំណត់ព្រំដីរួចរាល់។
ព្រះតេជគុណ ឡាយ កន បានមានសង្ឃដីកាបញ្ជាក់បន្ថែមអំពីគោលបំណងសំខាន់នៃការផ្លាស់ប្តូរទីតាំងសាលារៀននេះថា៖ «ការរៀបចំគ្រឹះស្ថានសិក្សាថ្មីនេះ គឺដើម្បីធានាបាននូវបរិស្ថានសិក្សាមួយដែលមានស្តង់ដារ ទំនើប មានសុវត្ថិភាព និងមានវិសាលភាពធំទូលាយជាងមុន សម្រាប់បម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋទៅអនាគតវែងឆ្ងាយពី ២០ ទៅ ៣០ឆ្នាំខាងមុខ។ ទីតាំងថ្មីនេះ នឹងត្រូវរៀបចំបរិស្ថានបៃតង ដោយមានការដាំដើមឈើជាជួរ ឱ្យមានសោភ័ណភាពស្រស់ស្អាត។ ចំពោះទីតាំងចាស់វិញ នឹងត្រូវរក្សាទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងទីអារាមវត្តបាកានវិញ»។ គម្រោងដោះដូរទីតាំងដ៏មានសារៈសំខាន់នេះ ក៏ទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ចុះពិនិត្យដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ផងដែរ។
ជាមួយគ្នានោះដែរ ព្រះគ្រូចៅអធិការវត្តបាកាន ក៏បានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជននានា ប្រសិនបើមានសទ្ធាជ្រះថ្លា ចង់ចូលរួមចំណែកកសាងគ្រឹះស្ថានសិក្សាថ្មីនេះ អាចចូលរួមជាបច្ច័យក្នុងការទិញដី និងចាក់ដីបំពេញទីធ្លាសាលា ទោះតិចក្តីច្រើនក្តី ទៅតាមកម្លាំងសទ្ធា។ ទឹកចិត្តនៃការចូលរួមម្នាក់បន្តិចៗនេះ គឺសបញ្ជាក់ឱ្យឃើញពីសាមគ្គីភាព និងការរួមចំណែកដ៏ខ្ពង់ខ្ពស់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជាទំពាំងស្នងឫស្សីរបស់ជាតិ។
គួររំលឹកជូនថា កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន (ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន) ដើម្បីស្ទាបស្ទង់មតិ និងស្វែងរកការគាំទ្រក្នុងការផ្លាស់ប្តូរទីតាំងសាលាថ្មី ដែលស្ថិតនៅក្បែរទីតាំងចាស់នោះ។
ដំណើរចុះពិនិត្យនាពេលនោះ គឺធ្វើឡើងតាមសំណូមពររបស់ព្រះតេជគុណ ឡាយ កន ដោយសារតែទឹកព្រះទ័យជ្រះថ្លា និងចក្ខុវិស័យវែងឆ្ងាយរបស់ព្រះអង្គ រួមជាមួយសប្បុរសជន និងញាតិញោមជាច្រើនទៀត ដែលមានបំណងចង់ទិញដីទីតាំងថ្មី ទំហំរហូតដល់ទៅជិត ៦ហិកតា ដើម្បីកសាងជាគ្រឹះស្ថានសិក្សាថ្មីដ៏មានស្តង់ដារ សម្រាប់បម្រើដល់វិស័យអប់រំ ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យពិចារណាទៅលើផលប្រយោជន៍រយៈពេលវែង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើការផ្លាស់ប្តូរនេះ ផ្តល់នូវឧត្តមប្រយោជន៍ទាំងសម្រាប់ទីអារាមវត្តផង និងសម្រាប់សិស្សានុសិស្សដែលជាកូនចៅប្រជាពលរដ្ឋផងនោះ សូមយើងទាំងអស់គ្នា រួមគ្នាគាំទ្រ និងចូលរួមឱ្យបានសកម្មបំផុត។
លោក ខូយ រីដា ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់វិស័យអប់រំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែចាត់ទុកវិស័យអប់រំ ជាអាទិភាពចម្បងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព៕



































