ខួប១២ឆ្នាំ ! Fresh News ជប់លៀងជូនបុគ្គលិក ចែកថវិកាម្នាក់ៗ២០០ដុល្លារ និងចាប់រង្វាន់ធំទឹកប្រាក់៥០០០ដុល្លារ !

16-05-2026 16:24

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏ពិសេសនៃថ្ងៃកំណើតរបស់បណ្ដាញព័ត៌មាន Fresh News ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក តែងតែជប់លៀងជូនបុគ្គលិក ឬនាំបុគ្គលិកធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ប៉ុន្តែនៅក្នុងឱកាសខួប១២ឆ្នាំនេះ លោកអគ្គនាយក បានរៀបចំកម្មវិធីជប់លៀង ជូនបុគ្គលិកនៅទីស្នាក់ការកណ្តាល ព្រមទាំងចែកថវិកាម្នាក់២០០ដុល្លារ និងចាប់រង្វាន់ធំទឹកប្រាក់ ៥០០០ដុល្លារ។

ខួប១២ឆ្នាំនេះលោក លឹម ជាវុត្ថា បានផ្តល់កាដូពិសេសជូនបុគ្គលិក តាមរយៈការចាប់រង្វាន់ ក្នុងនោះរួមមានរង្វាន់ធំលេខ១ ទទួលបានទឹកប្រាក់ ៥០០០ដុល្លារ, រង្វាន់ទី២ ទឹកប្រាក់១០០០ដុល្លារ ទូរស័ព្ទដៃ Samsung ចំនួន២០គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។ នៅក្នុងឱកាសនោះ ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន និង ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអញ្ជើញមកចូលរួមជាកិត្តិយស និងអញ្ជើញចាប់រង្វាន់ធំជូនដល់បុគ្គលិកផងដែរ។

លោក លឹម ជាវុត្ថា បានថ្លែងទៅកាន់បុគ្គលិកនៅក្នុងឱកាសនោះថា «ពីមុនយើងមាន១ បន្ទាប់មកយើងមាន២ ឥឡូវនេះយើងមាន៣​ (Fresh News, CoolApp & Fresh AI) រយៈពេល១២ឆ្នាំកន្លងមកនេះ យើងបានដើររួមផ្លូវជាមួយគ្នា ដោយឆ្លងកាត់ទាំងឧបសគ្គ ការខិតខំប្រឹងប្រែង និងភាពជោគជ័យជាច្រើន។ ភាពរីកចម្រើន និងកិត្តិយសដែល Fresh News ទទួលបាននៅថ្ងៃនេះ មិនអាចកើតមានឡើយ ប្រសិនបើគ្មានការចូលរួមការលះបង់ និងការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នា។ ខ្ញុំមិនអាចដឹកនាំ Fresh News ឲ្យឈានដល់ចំណុចនេះតែម្នាក់ឯងបានទេ ព្រោះជោគជ័យនេះគឺកើតចេញពីកម្លាំងសាមគ្គី ភាពស្មោះត្រង់ និងសមត្ថភាពរបស់ បងប្អូនគ្រប់រូប។ ដោយសារតែវត្តមាន និងការរួមចំណែកដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា ទើប Fresh News អាចឈរយ៉ាងរឹងមាំ និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ហើយបានបន្តកើតឡើងនៅសមិទ្ធិផលថ្មី២ទៀតនោះគឺ CoolApp និង Fresh AI»

លោក លឹម ជាវុត្ថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលតែងតែបានផ្តល់ ប្រាក់ឧបត្ថម្ភរៀងរាល់ឆ្នាំដល់បុគ្គលិកក្នុងម្នាក់ៗចំនួន២០០ដុល្លារ ដែលចំនួនសរុប១៥០នាក់នៅក្នុងឱកាសខួបម្តងៗ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ក្រុមហ៊ុនជីបម៉ុង ដែលបានឧបត្ថម្ភកាដូពិសេសទូរស័ព្ទ Samsung ២០គ្រឿង ស្រាបៀរ និងភេសជ្ជៈ១៥០កេស, សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានជួយឧបត្ថម្ភម្ហូបអាហារ សាច់គោ ជ្រូក និងភេសជ្ជៈ៥០កេស, សូមអរគុណដល់ក្រុមហ៊ុន បាកាស និងប៉ូការីស្វេត ព្រមទាំងមី សរុបចំនួន១០០កេស ព្រមទាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ឯកឧត្តមអភិបាលខេត្ត និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនទាំងអស់ដែលបានចូលរួមជួយ ឧបត្ថម្ភជាថវិកានិងសម្ភារៈដល់កម្មវិធីរបស់ Fresh News។

អគ្គនាយក លឹម ជាវុត្ថា បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរ ដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»

ឱកាសខួប១២ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលបន្តផ្តល់ការគាំទ្រផ្សព្វផ្សាយលើបណ្តាញព័ត៌មាន Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យ បណ្តាញព័ត៌មាន Fresh News អាចឈរជើងរឹងមាំ លើការផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការងារជូនបុគ្គលិកផងដែរ៕