ក្រុមហ៊ុន GAZ ប្រកាសរកតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា (Video inside)
16-05-2026 16:28
(ភ្នំពេញ)៖ ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី បានប្រកាសរកតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា បន្ទាប់ពីបានតាំងបង្ហាញ និងបើកបរសាកល្បងរថយន្តពាណិជ្ជកម្មរុស្ស៊ី GAZ ដ៏ល្បីល្បាញមួយនេះនៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា៖ «ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីសមិទ្ធផលនៃឧស្សាហកម្មផលិតយានយន្តរបស់សហព័ន្ធរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងអំពីការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ការរៀបចំពិព័រណ៍នេះ មានអត្ថន័យជានិមិត្តរូប ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ»។
លោកឯកអគ្គរដ្ឋទូត បានបន្តថា៖ «ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការនាពេលអនាគត យើងចាំបាច់ត្រូវពិចារណាថា កម្រិតនៃពាណិជ្ជកម្មទ្វេភាគីនាពេលបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបពេញលេញទៅនឹងសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឡើយទេ។ ទំនាក់ទំនងនយោបាយ និងវប្បធម៌រវាងយើងកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយវាមានសារៈសំខាន់ក្នុងការជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ដើម្បីធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែរឹងមាំ»។
ជាមួយគ្នានេះលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា៖ «យានយន្តរបស់ក្រុមហ៊ុន GAZ នឹងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅកម្ពុជា។ យានយន្តទាំងនេះ អាចឆ្លើយតបទៅនឹងតម្រូវការរបស់ទាំងអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗ ហើយខ្ញុំជឿជាក់ថា វានឹងទទួលបានទីតាំងដ៏សមស្របមួយនៅលើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ យើងសង្ឃឹមថានឹងអាចឃើញស្លាកសញ្ញាដែលត្រូវបានស្គាល់យ៉ាងទូលំទូលាយនេះ នៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមស្ថានទូតសហព័ន្ធរុស្ស៊ី យើងតែងតែត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការបង្កើតទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ផ្តល់ការប្រឹក្សាដល់សហគ្រាសនានា ពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងរុស្ស៊ី និងកម្ពុជា ក្នុងវិស័យផ្សេងៗ ព្រមទាំងជួយសម្របសម្រួលការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងលក្ខខណ្ឌនៃការធ្វើធុរកិច្ចនៅក្នុងប្រទេសទាំងពីរ»។
លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ បានរំពឹងថា តាមរយៈតាំងបង្ហាញ និងដាក់ឲ្យបើកបរសាកល្បងរថយន្តពាណិជ្ជកម្ម GAZ នេះអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ស្វែងយល់អំពីយានយន្ត Gazelle និង Sobol ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយយើងជឿជាក់ថា បទពិសោធន៍ និងបច្ចេកវិទ្យារបស់យើង នឹងអាចផ្តល់អត្ថប្រយោជន៍យ៉ាងមានតម្លៃដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកជឿជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន យានយន្តរបស់ GAZ អាចក្លាយជាជំនួយការដ៏មានប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត សម្រាប់ទាំងវិស័យអាជីវកម្មខ្នាតតូច និងវិស័យសេវាសាធារណៈ។ ជាងនេះទៅទៀត ក្រុមហ៊ុន GAZ បានបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពលនានា ហើយសង្ឃឹមថា ប្រជាជនកម្ពុជា នឹងមើលឃើញពីតម្លៃពិតនៃយានយន្តរបស់ GAZ ដែលមានរចនាសម្ព័ន្ធរឹងមាំ និងភាពជឿជាក់ត្រូវបានបញ្ជាក់តាមពេលវេលា សមត្ថភាពប្រើប្រាស់ក្នុងលក្ខខណ្ឌអាកាសធាតុពិបាក និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់។
ក្នុងនាមជាអ្នកសម្របសម្រួលឲ្យមានព្រឹត្តិការនេះ លោកបណ្ឌិត ញិល រដ្ឋា បានបង្ហាញឲ្យដឹងថា ការនាំចូលម៉ាកសញ្ញា GAZ របស់រុស្ស៊ីមកកាន់កម្ពុជានាពេលនេះ គឺធ្វើឡើងដោយឈរលើមូលដ្ឋានគ្រឹះចំនួន ៤ សំខាន់ៗ៖
១៖ ការឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច៖ កម្ពុជាកំពុងមានតម្រូវការខ្ពស់លើការដឹកជញ្ជូន និងឡូជីស្ទិក។ រថយន្ត GAZ ដូចជា GAZelle NN និង Sobol NN គឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងវិ ស័យសាធារណៈ។
២៖ គុណភាព និងភាពធន់៖ ផលិតផលរុស្ស៊ីត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនូវភាព ធន់នឹងស្ថានភាពផ្លូវលំបាកៗ និងមានតម្លៃប្រតិបត្តិការទាប ដែលស័ក្តិសមបំផុតសម្រាប់ភូមិសា ស្ត្រក្នុងតំបន់អាស៊ានរបស់យើង។
៣៖ ការផ្ទេរបច្ចេកវិទ្យា និងវិជ្ជាជីវៈ៖ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែនាំចូលរថ យន្តប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេស និងសេវាកម្មក្រោយការលក់ ដើម្បីធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់។
៤៖ «វត្តមានជាប្រវត្តិសាស្ត្រ» ដ៏យូរអង្វែងរបស់ GAZ នៅលើទឹកដីកម្ពុជា៖ យើងទាំងអស់ គ្នានៅចងចាំបានថា ក្នុងសម័យសហភាពសូវៀត រថយន្ត GAZ គឺជាសក្ខីភាពនៃចំណងមិត្តភាព ការទូតដ៏ស្អិតរមួត។ រថយន្តលីមូស៊ីន GAZ-13 Chaika ដ៏ប្រណីត ធ្លាប់ត្រូវបានថ្វាយជាព្រះរាជ អំណោយដល់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយរថយន្ត GAZ-69 ព្រមទាំងរថពាសដែក BRDM-2 ក៏ធ្លាប់មានវត្តមានយ៉ាងសកម្មនៅក្នុងភារកិច្ចការពារ ជាតិរបស់កម្ពុជាផងដែរ។
ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។ បង្កើតឡើងក្នុងឆ្នាំ១៩៣២ ក្រុមហ៊ុននេះបានដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី តាំងពីសម័យសហភាពសូវៀតរហូតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។
សូមជម្រាបថា រថយន្តដែលផលិតដោយ GAZ មានចំណុចពិសេសដូចជា ភាពធន់នៃរថយន្ត GAZ ត្រូវបានរចនាឡើងសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងនៅរុស្ស៊ី និងស្ថានភាពផ្លូវដែលមិនរាបស្មើ។ មានតម្លៃសមរម្យ បើធៀបនឹងរថយន្តមកពីអឺរ៉ុបខាងលិច ឬជប៉ុន រថយន្ត GAZ មានតម្លៃធូរថ្លៃជាង ទាំងតម្លៃទិញ និងតម្លៃថែទាំ។ ភាពងាយស្រួលក្នុងការជួសជុល គ្រឿងបន្លាស់មានតម្លៃថោក និងមានរចនាសម្ព័ន្ធម៉ាស៊ីនដែលមិនសូវស្មុគស្មាញ ងាយស្រួលដល់ជាងក្នុងការជួសជុល ហើយចំណុចសំខាន់បន្ទាប់ទៀតនោះគឺការអភិវឌ្ឍបច្ចេកវិទ្យា បច្ចុប្បន្ន GAZ បានងាកមកផលិតរថយន្តដើរដោយថាមពលអគ្គិសនី (GAZelle e-NN) ដើម្បីដើរឱ្យទាន់សម័យកាលបៃតង៕





















