រថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតបុកចូលផ្ទះពលរដ្ឋ និងបុកអធិការរងស្រុកកៀនស្វាយម្នាក់របួសធ្ងន់
16-05-2026 16:40
(កណ្ដាល)៖ រថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបុករោងលក់ដូរ ម៉ូតូ២គ្រឿង និងបុកចំអធិការរងនគរបាលស្រុកកៀនស្វាយម្នាក់ទទួលការងារគ្រឿងញៀនបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺ ត្រូវថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា រថយន្តបង្កម៉ាក INTERNATIONAL ពណ៌ស ប្រភេទដឹកទំនិញ ពាក់ស្លាក់លេខភ្នំពេញ 3B-7209 និងសឺមីរឺម៉ក់ពាក់ផ្លាក់លេខ ព្រះសីហនុ 4A-0286 មានទិសដៅអ្នកលឿងទៅភ្នំពេញ បើកបរដោយឈ្មោះជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។
ម្ចាស់ផ្ទះប្រជាពលរដ្ឋរងគ្រោះឈ្មោះ ឡេង ឆុន អាយុ៥៥ ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក។ ជនរងគ្រោះដែលជាអធិការរងនគរបាលស្រុកកៀនស្វាយគឺលោកអនុសេនីយ៍ឯក ជិន លីណា អាយុ៤៥ មានទីលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ដែលអង្គុយបំពេញបេសកម្មការងារ បណ្តាលឲ្យរងរបួសបាក់ជើងទាំង២ បាក់ដៃខាងឆ្វេង និងបែកក្បាល។
ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីចាត់ការបន្តទៀត។
នៅពេលនេះអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕















