Fresh Exclusive: តើដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Trump អាចផ្លាស់ប្តូររូបរាងសង្គ្រាមអ៊ីរ៉ង់ និងនិងអនាគតរបស់តៃវ៉ាន់បានដែរឬទេ? (Video inside)

16-05-2026 18:02

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ China បានបង្កើតជាសំណួរដេញដោលមួយសម្រាប់ក្រុមអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយពិភពលោក។ តើដំណើរនេះ គ្រាន់តែជាជំនួបពាណិជ្ជកម្មធម្មតា ឬជាការវាស់ស្ទង់ «សន្លឹកបៀរ» រវាងមហាអំណាចទាំងពីរ លើបញ្ហា Taiwan និងអនាគតសង្គ្រាម Iran? ហើយតើសម្តីរបស់លោក Trump ដែលបានប្រាប់ Fox News ថា លោក «មិនចង់ឃើញនរណាម្នាក់ឯករាជ្យឡើយ» តើlokកំពុងបញ្ជូនសារយុទ្ធសាស្ត្រអ្វី ទៅកាន់ប្រទេសចិន និង កោះTaiwan? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចរបស់ Donald Trump ទៅកាន់រដ្ឋធានីប៉េកាំង និងជំនួបជាមួយមេដឹកនាំចិនលោក Xi Jinping ប្រហែលមិនមែនគ្រាន់តែជាជំនួបការទូតសាមញ្ញ ឬការចរចាពាណិជ្ជកម្មធម្មតានោះទេ។
នៅពីក្រោយពាក្យសម្តីរបស់មេដឹកនាំទាំងពីរ ដែលសុទ្ធតែអះអាងថា ដំណើរទស្សនកិច្ចនេះជា «ជោគជ័យដ៏អស្ចារ្យ» និងជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» ក៏អាចមានការផ្លាស់ប្តូរយុទ្ធសាស្ត្រពិភពលោកដ៏សំខាន់មួយ កំពុងកើតឡើងផងដែរ។ មហាអំណាចទាំងពីរ ប្រហែលកំពុងព្យាយាមបង្កើត «ប្រព័ន្ធគ្រប់គ្រងវិបត្តិថ្មី» ដើម្បីទប់ស្កាត់ការបែកបាក់ពិភពលោក ខណៈដែលសង្គ្រាម Iran កំពុងគំរាមកំហែងដល់ថាមពល សេដ្ឋកិច្ច និងស្ថេរភាពអន្តរជាតិ។

ប៉ុន្តែសំណួរធំជាងនេះគឺ៖ តើជំនួបនេះ អាចនាំទៅរកដំណោះស្រាយសង្គ្រាមអ៊ីរ៉ង់ដែរឬទេ? ហើយបើអាមេរិក និងចិន ចាប់ផ្តើមសហការគ្នាលើអ៊ីរ៉ង់ តើវានឹងប៉ះពាល់ដល់អនាគត Taiwan យ៉ាងណាដែរ?

*សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ខំឱ្យអាមេរិក និងចិន ចូលមកជិតគ្នា
មុនដំណើរទស្សនកិច្ចនេះ ពិភពលោកស្ថិតក្នុងបរិយាកាសគ្រោះថ្នាក់ខ្លាំង។ គ្រោះថ្នាក់ទាំងនេះ រួមមាន៖
• ១/សង្គ្រាម Iran ជាមួយអាមេរិក–អ៊ីស្រាអែល
• ២/ហានិភ័យបិទ Strait of Hormuz
• ៣/តម្លៃប្រេងឡើងខ្ពស់
• ៤/ភាពតានតឹងក្នុងមជ្ឈិមបូព៌ា
• និង៥/ការភ័យខ្លាចថា សង្គ្រាមអាចពង្រីកទៅជាវិបត្តិពិភពលោក។

ក្នុងបរិបទនេះ ពាក្យរបស់ Trump ថា៖ យើងមានអារម្មណ៍ដូចគ្នាណាស់ លើសង្គ្រាមអ៊ីរ៉ង់ “We feel very similar on Iran.” គឺជាឃ្លាដែលមានន័យសង្កត់ធ្ងន់យ៉ាងខ្លាំង។
ហេតុអ្វី? ពីព្រោះអាមេរិក និងចិន ជាគូប្រជែងយុទ្ធសាស្ត្រ។ ប៉ុន្តែពេលនេះ ពួកគេមានផលប្រយោជន៍រួមមួយ គឺពួកគេទាំងពីរ មិនចង់ឱ្យសង្គ្រាមអ៊ីរ៉ង់ បំផ្លាញប្រព័ន្ធសេដ្ឋកិច្ចពិភពលោកឡើយ។ ចិន ពេលនេះ ត្រូវការប្រេងពីមជ្ឈិមបូព៌ា ខណៈ អាមេរិក មិនចង់ឱ្យទីផ្សារពិភពលោកដួលរលំ។ មានន័យថាប្រទេសមហាអំណាចទាំងពីរ មិនចង់ឱ្យច្រក Hormuz បិទឡើយ ។ បើនិយាយម្យ៉ាងទៀត មានន័យថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ខំឱ្យមហាអំណាចទាំងពីរ សហការគ្នាបណ្តោះអាសន្ន ដើម្បីការពារស្ថេរភាពថាមពល និងសេដ្ឋកិច្ចពិភពលោក។

*តើដំណោះស្រាយសង្គ្រាមអ៊ីរ៉ង់ អាចទៅរួចដែរឬទេ?

ជំនួប Trump–Xi ត្រូវបានអ្នកវិភាគខ្លះយល់ថា ជាការបង្កើន “ឱកាសនៃការគ្រប់គ្រងវិបត្តិ” ប៉ុន្តែមិនទាន់មានន័យថា សង្គ្រាមនឹងបញ្ចប់ភ្លាមៗទេ។ ការវិភាគនេះ នៅក្រោមហេតុផល ៣៖

១. ចិន កំពុងផ្លាស់ប្តូរសម្លេង
មុននេះ រដ្ឋាភិបាលក្រុងប៉េកាំង ពានរិះគន់អាមេរិក និងអ៊ីស្រាអែលជាខ្លាំងលើការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ប៉ុន្តែក្រោយជំនួបជាមួយលោក Trump, ក្រសួងការបរទេសចិន បាននិយាយថា៖ សង្គ្រាមនេះ មិនគួរឱ្យកើតឡើងឡើយ ហើយក៏គ្មានមូលហេតុដែលនឹងត្រូវបន្តទៀតដែរ«The war should have never happened and has no reason to continue.»។
អ្វីទាំងនេះ បានបង្ហាញថា ចិន មិនចង់ឱ្យសង្គ្រាមអូសបន្លាយទៀតទេ។

២. Trump មិនចង់ជាប់ក្នុងសង្គ្រាមវែង
Trump តែងបង្ហាញខ្លួនថាជាអ្នកធ្វើកិច្ចព្រមព្រៀង “deal-maker” មិនមែនជាប្រធានាធិបតីធ្វើសង្គ្រាមរៀងរហូតទេ។ ក្នុងន័យនេះ លោកត្រាំ កំពុងបង្ខំអ៊ីរ៉ង់ឱ្យចរចា, ឱ្យមានការឈប់បាញ់, ការពារច្រកហ័រមូស និងព្យាយាមបញ្ចប់វិបត្តិសង្គ្រាមនេះ មុនសេដ្ឋកិច្ចរបស់អាមេរិកកាន់តែ រងសម្ពាធ។

៣. ទាំងអាមេរិក និងចិន ខ្លាចវិបត្តិថាមពល
ដូច្នេះបើសិនជាច្រក Hormuz បិទ វានឹងធ្វើឱ្យ តម្លៃប្រេងអាចឡើងថ្លៃកាន់តែលើសជាង $100 ក្នុងមួយធុង, ខ្សែសង្វាក់ផ្គត់ផ្គង់អាចបន្តរងគ្រោះ, អតិផរណាកាន់តែកើនឡើង និងទីផ្សារពិភពលោកកាន់តែរងសម្ពាធធ្ងន់។
ដូច្នេះ ទាំង Washington និង ប៉េកាំង សុទ្ធតែមានហេតុផលរួម ដើម្បីទប់សង្គ្រាមមិនឱ្យពង្រីកទៅជាវិបត្តិថាមពល និងសេដ្ឋកិច្ចពិភពលោកឡើយ។

*ប៉ុន្តែហេតុអ្វី Taiwan ក្លាយជាបញ្ហាធំក្នុងជំនួបនេះ?
នេះជាចំណុចដែលប្រកបដោយគ្រោះថ្នាក់បំផុតក្នុងជំនួបរវាង Donald Trump និង Xi Jinping។ លោក Xi Jinping បានប្រាប់លោក Trump ថា Taiwan គឺជា «បញ្ហាសំខាន់បំផុត» ក្នុងទំនាក់ទំនងចិន–អាមេរិក ហើយបើគ្រប់គ្រងមិនបានល្អ ប្រទេសទាំងពីរ អាចប៉ះទង្គិច ឬធ្លាក់ចូលជម្លោះ។ នេះមិនមែនជាភាសាការទូតធម្មតាទេ។ វាជាការបញ្ជាក់ថា៖ Taiwan គឺជា «ខ្សែបន្ទាត់ក្រហម» ដាច់ខាតរបស់ China។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ Trump មិនបានឆ្លើយតបដោយភាសារឹងដូចអតីតប្រធានាធិបតីអាមេរិកមុនៗ ដែលធ្លាប់ប្រកាសជំហរការពារ Taiwan យ៉ាងច្បាស់លាស់នោះឡើយ។

លោក Trump បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកគ្រាន់តែ «ទទួលស្តាប់» នូវការលើកឡើងរបស់ប្រធានាធិបតីចិន ដែលបានប្រើភាសាព្រមានដោយផ្ទាល់ថា ប៉េកាំងមិនចង់ឃើញការប្រយុទ្ធណាមួយ ដើម្បី Taiwan ឯករាជ្យឡើយ ពីព្រោះវាអាចនាំទៅរកការប្រឈមមុខដ៏ខ្លាំង។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យអ្នកវិភាគចាប់អារម្មណ៍នោះ គឺលោក Trump បានប្រាប់ Fox News កាលពីថ្ងៃសុក្រថា លោក «មិនចង់ឃើញនរណាម្នាក់ឯករាជ្យឡើយ» ដែលពាក្យសម្តីនេះ ត្រូវបានគេយល់ថា សំដៅទៅលើ Taiwan។ ទន្ទឹមនឹងនេះ លោក Trump ក៏បានអំពាវនាវឱ្យចិន «រក្សាភាពស្ងប់ស្ងាត់» ផងដែរ។ លោកបានបញ្ជាក់ទៀតថា លោក «មិនបានផ្តល់ការប្តេជ្ញាចិត្តទៅផ្លូវណាមួយឡើយ» ពាក់ព័ន្ធនឹងបញ្ហា Taiwan។

សម្តីទាំងនេះ ត្រូវបានអ្នកវិភាគខ្លះ មើលឃើញថា វាជាការបន្តគោលនយោបាយនៃ «យុទ្ធសាស្ត្រមិនច្បាស់លាស់» (Strategic Ambiguity) របស់សហរដ្ឋអាមេរិក ចំពោះ Taiwan ខណៈដែល Washington កំពុងព្យាយាមជៀសវាងការបើកសមរភូមិថ្មីណាមួយជាមួយចិនក្នុងពេលនេះ។

ការមិនប្រើភាសារឹងមាំដើម្បីការពារ Taiwan ក្នុងដំណើរទស្សនកិច្ចនេះ អាចបង្ហាញថា Trump មិនចង់បង្កការប៉ះទង្គិចភ្លាមៗជាមួយចិនឡើយ ខណៈដែលសហរដ្ឋអាមេរិក កំពុងត្រូវការសន្លឹកបៀរមួយពីប៉េកាំង ដើម្បីជួយទប់ស្កាត់វិបត្តិ Iran ដែលកំពុងគំរាមកំហែងដល់ថាមពល សេដ្ឋកិច្ច និងស្ថេរភាពអន្តរជាតិក្នុងពេលនេះ។

*តើរឿង អ៊ីរ៉ង់ និង Taiwan កំពុងភ្ជាប់គ្នាដែរឬទេ?
ពេលនេះ រឿងអ៊ីរ៉ង់ និង តៃវ៉ាន់ ទំនងមិនអាចជាចំណុចដែលដាច់ដោយឡែកពីគ្នាទៀតឡើយ ហើយនេះប្រហែលជាចំណុចសំខាន់បំផុតនៃជំនួបរវាងមេដឹកនាំមហាអំណាចទាំងពីរក្នុងរដ្ឋធានីប៉េកាំងក្នុងសប្តាហ៍នេះ។

សម្រាប់សហរដ្ឋអាមេរិក សង្គ្រាមអ៊ីរ៉ង់ អាចបំបែកការផ្តោតអារម្មណ៍យោធា និងធ្វើឱ្យ ក្រុង Washington ត្រូវប្រឈមជាមួយចិនលើបញ្ហាកោះ Taiwan ក្នុងពេលតែមួយ ដែលមិនមែនជាសញ្ញាល្អសម្រាប់យុទ្ធសាស្ត្ររបស់អាមេរិកឡើយ។

សម្រាប់ចិនវិញ រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតាមដានយ៉ាងជិតស្និទ្ធថា តើអាមេរិកមានសមត្ថភាពគ្រប់គ្រងវិបត្តិច្រើនសមរភូមិ ក្នុងពេលតែមួយដែរឬទេ។ ចិន ក៏កំពុងសាកល្បងចង់ដឹងផងដែរថា តើលោក Donald Trump ត្រៀមទៅដល់កម្រិតណា ក្នុងការការពារកោះ Taiwan នោះ?

ដូច្នេះ សង្គ្រាមអ៊ីរ៉ង់ និងអនាគតកោះ Taiwan មិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នាទៀតឡើយ។ បញ្ហាទាំងពីរនេះ កំពុងភ្ជាប់គ្នា នៅក្នុង «សមីការអំណាចពិភពលោកថ្មី» ដែលមហាអំណាចទាំងពីរ កំពុងព្យាយាមគ្រប់គ្រងការប្រកួតប្រជែង ដោយមិនឱ្យវាធ្លាក់ចូលទៅក្នុងការប៉ះទង្គិចដោយផ្ទាល់ឡើយ។

សេចក្តីសន្និដ្ឋាន

ដំណើរទស្សនកិច្ចរបស់លោក Donald Trump ទៅកាន់រដ្ឋធានីប៉េកាំងក្នុងសប្តាហ៍នេះ ប្រហែលមិនមែនជាជំនួបធម្មតានោះទេ។

វាអាចជាការចាប់ផ្តើមនៃ «ប្រព័ន្ធគ្រប់គ្រងវិបត្តិថ្មី» រវាងមហាអំណាចទាំងពីរ ខណៈដែលពិភពលោក កំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ទាំងផ្នែកសង្គ្រាម ថាមពល សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

សង្គ្រាម Iran កំពុងបង្ខំឱ្យសហរដ្ឋអាមេរិក និង ចិន ត្រូវសហការគ្នាជាបណ្តោះអាសន្ន ដើម្បីការពារស្ថេរភាពថាមពល និងសេដ្ឋកិច្ចពិភពលោក។

ប៉ុន្តែទន្ទឹមនឹងនេះ បញ្ហា Taiwan នៅតែជាចំណុចគ្រោះថ្នាក់បំផុត ដែលអាចបំបែកទំនាក់ទំនងរវាងមហាអំណាចទាំងពីរ បានគ្រប់ពេលវេលា។

និយាយជារួម ពិភពលោក ប្រហែលកំពុងចូលទៅក្នុងដំណាក់កាលថ្មីមួយ ដែលអាមេរិក និងចិន មិនត្រឹមតែប្រកួតប្រជែងគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងព្យាយាមគ្រប់គ្រងការប្រកួតប្រជែងនោះ ដើម្បីជៀសវាងការប៉ះទង្គិចដោយផ្ទាល់ ដែលអាចធ្វើឱ្យប្រព័ន្ធពិភពលោករងការបែកបាក់។

ក្នុងបរិបទនេះ សំណួរធំៗជាច្រើន កំពុងត្រូវបានដាក់ចេញ៖ តើប៉េកាំង អាចឆ្លៀតប្រើវិបត្តិអ៊ីរ៉ង់ និងការផ្តោតអារម្មណ៍របស់អាមេរិកនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីបង្កើនសម្ពាធលើ Taiwan ដែរឬទេ? ហើយតើ Washington នឹងអាចគ្រប់គ្រងវិបត្តិអ៊ីរ៉ង់ ខណៈរក្សាការទប់ស្កាត់ចិននៅ Indo-Pacific បានដល់កម្រិតណា?

ទាំងនេះ ប្រហែលជាអត្ថន័យជ្រាលជ្រៅបំផុត នៃដំណើរទស្សនកិច្ចរបស់ Trump ទៅកាន់ China ក្នុងសប្តាហ៍នេះ៕