លោកបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ លើផ្ទៃដី ៥៧៩ហិកតា

17-05-2026 09:29

(ព្រះសីហនុ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ ជានិមិត្តរូប លើផ្ទៃដី ៥៧៩ហិកតាស្មើនឹង ៩២,៦៤០ដើម នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៥៨-១៧០ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។

ពិធីនេះ មានការអញ្ជេីញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា,​ អ្នកឧកញ៉ា​ ទៀ​ វិចិត្រ,​ ថ្នាក់ដឹកនាំក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប,​ ថ្នាក់ដឹកនាំស្រុកព្រៃនប់​, លោកមេឃុំតានៃ​, មេឃុំស្ទឹងឆាយ​, មេឃុំជេីងគោ​, មេឃុំកែវផុស​, អ្នកកាសែតមកពីស្ថាប័នផ្សេងៗ​ និងកម្មករ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

មុនចាប់ផ្តេីមកម្មវិធី​ លោកបណ្ឌិត ម៉ុង ឫទ្ធិ បានដឹកនាំគណៈប្រតិភូទស្សនាការបង្ហាញពីខ្សែសង្វាក់ផលិតកម្មនៃផ្លែដូងប្រេងចាប់តាំងពីការរេីសពូជ​ រហូតដល់ទិន្នផលសម្រេច។ បន្ទាប់មកបានដាំដូងប្រេងជានិមិត្តរូប​ និងមានមតិសំណេះសំណាលជាមួយកម្មករដូងប្រេង។

ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៦ ដោយមានពិធីសម្ពោធបើកការដ្ឋានជាផ្លូវការ ដាំដូងប្រេងជំនាន់ទី១ និងមានការដាំដូងប្រេងជានិមិត្តរូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧៕