* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ញិល រដ្ឋា៖ «ល្បែងនយោបាយផ្ទៃក្នុងថៃ» កលល្បិចចិត្តសាស្ត្របន្តបន្ទាប់ដើម្បីរុញឱ្យខ្មែរជឿថៃ រួចដើរចូលអន្ទាក់ចរចាដោយមិនដឹងខ្លួន

17-05-2026 13:55

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ដោយបើកបង្ហាញពីល្បែងនយោបាយផ្ទៃក្នុងថៃ ដែលបង្កប់នៅក្នុងកលល្បិចចិត្តសាស្ត្របន្តបន្ទាប់ ដើម្បីរុញឱ្យខ្មែរជឿថៃ រួចដើរចូលអន្ទាក់ចរចាដោយមិនដឹងខ្លួន។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត ញិល រដ្ឋា៖

លោក កសិដ ភិរម្យ (Kasit Piromya) គឺជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ (ចន្លោះឆ្នាំ ២០០៨-២០១១) ក្នុងសម័យរដ្ឋាភិបាលលោក អភិស៊ិត វេជ្ជាជីវ៉ា (Abhisit Vejjajiva)។ លោកត្រូវបានគេស្គាល់ថាជាអ្នកការទូតជើងចាស់មួយរូប ប៉ុន្តែក៏ជាបុគ្គលដែលមាននិន្នាការជាតិនិយមខ្លាំង និងធ្លាប់មានវោហារសាស្ត្រតឹងតែងដាក់កម្ពុជា ក្នុងអំឡុងពេលមានជម្លោះប្រាសាទព្រះវិហារ។

ថ្មីៗនេះ ការដែលលោកត្រឡប់មកផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលថៃបច្ចុប្បន្នប្រើប្រាស់ «យុទ្ធសាស្ត្រការទូតវាយលុក» មកលើកម្ពុជានៅពេលនេះ គឺបង្កប់នូវ «គំនិតយុទ្ធសាស្ត្រ និងកលល្បិចនយោបាយ» យ៉ាងស៊ីជម្រៅ ដូចខាងក្រោម៖

១. វិភាគគំនិតស្នូល៖ ការផ្លាស់ប្តូរពី «រឹងត្អឹង» មក «តថភាពនិយម»

- ការទទួលស្គាល់ភាពទាល់ច្រកនៃយុទ្ធសាស្ត្រចាស់៖ កាលពីមុនក្រុមជាតិនិយមថៃ តែងប្រើប្រាស់វោហារសាស្ត្រវាយប្រហារកម្ពុជា ដើម្បីចំណេញនយោបាយក្នុងស្រុក។ ប៉ុន្តែក្នុងសារនេះ លោក កសិដ បានទទួលស្គាល់ថា វិធីសាស្ត្រ «ង៉ក់ងងរ» ឬការរង់ចាំឱ្យកម្ពុជាមកសំពះសុំទោសមុន គឺជារឿងមិនទុំជោរខាងនយោបាយ និងមិនអាចដោះស្រាយបញ្ហាបានឡើយ។

- ការបារម្ភពីការបាត់បង់មុខមាត់លើឆាកអន្តរជាតិ៖ គំនិតសំខាន់មួយរបស់លោកគឺការខ្លាចអន្តរជាតិ (ចិន អាមេរិក ជប៉ុន រុស្ស៊ី) មើលងាយថៃ។ លោកមើលឃើញថា បើថៃនៅតែបណ្តោយឱ្យមានជម្លោះជាមួយជិតខាង ថៃនឹងបាត់បង់តួនាទីជា «បងធំ» ឬជាស្នូលនៃអាស៊ាន ហើយធ្លាក់ខ្លួនទៅជា «ក្មេងឈ្លោះគ្នា» ក្នុងក្រសែភ្នែកមហាអំណាច។

- ផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង (Pragmatism)៖ លោកយល់ច្បាស់ថា ថៃកំពុងជួបវិបត្តិសេដ្ឋកិច្ច និងការខាតបង់ឱកាសពាណិជ្ជកម្ម ក៏ដូចជាកង្វះខាតកម្លាំងពលកម្ម។ ការបន្តបិទច្រក ឬរក្សាភាពតានតឹងព្រំដែន គឺស្មើនឹងការ «សម្លាប់សេដ្ឋកិច្ចខ្លួនឯង»។

២. វិភាគកលល្បិចរបស់លោក កសិដ ភិរម្យ៖ «វាយលុកដើម្បីគ្រប់គ្រងសភាពការណ៍»

លោក កសិដ ភិរម្យ គឺជាអ្នកនយោបាយជើងចាស់ដែលស្គាល់ចរិត និងចំណុចខ្សោយរបស់ខ្មែរយ៉ាងច្បាស់។ ភាសាបន្ទន់ឥរិយាបថរបស់លោក គឺធ្វើឡើងដើម្បីវាយលុកលើ «ចិត្តសាស្ត្រ» របស់កម្ពុជាតាម ៣ ជំហាន៖

ក. ល្បិច «ផ្ដល់ភាពយុត្តិធម៌ក្លែងក្លាយ» ដើម្បីឱ្យខ្មែរបើកចិត្ត (Validation Trap)

- ល្បិច៖ លោក កសិដ ងាកមកវាយប្រហារអ្នកនយោបាយថៃគ្នាឯងថា «ដូចក្មេងង៉ក់ងងរ» និងទទួលស្គាល់ថាខ្មែរមានសិទ្ធិ និងមានតម្លៃ។ ការធ្វើបែបនេះធ្វើឱ្យភាគីខ្មែរមានអារម្មណ៍ថា «អូ! លើកនេះថៃនិយាយត្រូវ ថៃយល់ខុសពីមុន ថៃចង់រាប់អានយើងពិតមែន»។

- គោលបំណងពិត៖ ធ្វើឱ្យខ្មែរបន្ទន់ចិត្ត ជឿជាក់លើភាពស្មោះត្រង់ រហូតដល់បន្ធូរការប្រុងប្រយ័ត្ន (Lower the Guard) មុនពេលថៃឈានជើងចូលតុចរចា។

ខ. កលល្បិចទី២៖ ល្បិច «ប្រើប្រាស់កិត្តិយសផ្ទាល់ខ្លួន» មកអន្ទាក់ (Ego Inflation)

- ល្បិច៖ ជំរុញឱ្យថ្នាក់ដឹកនាំថៃមកជួប «ទាំងឪពុកទាំងកូន» (សម្តេចតេជោ និងសម្តេចធិបតី) ដោយផ្ទាល់។ នេះជាការផ្ដល់តម្លៃ និងលើកជើង (Flattery) ថ្នាក់ដឹកនាំកំពូលកម្ពុជាថា ជាអ្នកមានអំណាចសម្រេចចិត្តដាច់ខាត និងជាអ្នកមានឥទ្ធិពលជាងភាគីថៃ។

- គោលបំណងពិត៖ ល្បិចនេះចង់រុញឱ្យខ្មែរមានមោទនភាពចំពោះ «ការទូតបុគ្គល» រហូតដល់អាចរំលងចោលនូវ «ប្រព័ន្ធការទូតស្ថាប័ន»។ នៅពេលជំនួបធ្វើឡើងដោយផ្អែកលើមនោសញ្ចេតនា និងទំនាក់ទំនងផ្ទាល់ខ្លួន វាងាយស្រួលណាស់ក្នុងការឱ្យថៃលបលួចសុំ «ការយោគយល់ ឬការសន្យាផ្ទាល់មាត់» ណាមួយ ដែលអាចធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ជាតិរយៈពេលវែង។

គ. កលល្បិចទី៣៖ សន្តិភាពនិយម បិទមាត់ការតវ៉ា

- ល្បិច៖ លោក កសិដ ប្រើពាក្យថា «អ្នកដែលចង់បានសន្តិភាព គឺត្រូវតែនិយាយមុន»។

- គោលបំណងពិត៖ នៅពេលថៃដើរចូលមកក្នុងនាមជា «អ្នកស្វែងរកសន្តិភាព» គេបានយកសន្តិភាពធ្វើជាខែលបិទបាំងរបៀបវារៈទាមទាររបស់គេរួចជាស្រេច។ ប្រសិនបើកម្ពុជាជឿតាម ហើយព្យាយាមដេញដោលរឿងច្បាប់ ឬដេញដោលរឿងព្រំដែនតឹងរ៉ឹង ថៃអាចនឹងចោទប្រកាន់ភ្លាមៗថា «ថៃបានបន្ទន់ខ្លួនមកដល់ភ្នំពេញទៅហើយ ហេតុអ្វីកម្ពុជានៅតែរឹងត្អឹងមិនចង់បានសន្តិភាព?»។ នេះជាការរុញឱ្យខ្មែរទាល់ច្រកខាងចិត្តសាស្ត្រ។

៣. យុទ្ធសាស្ត្របំបែកល្បិច «រុញឱ្យខ្មែរជឿថៃ»

៣.១. ក្បួន «ស្តាប់ពាក្យផ្អែម តែមើលសកម្មភាពជាក់ស្តែង»

- ទោះបីជាសារព័ត៌មាន ឬអ្នកវិភាគថៃលើកសរសើរកម្ពុជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវញែកឱ្យដាច់រវាង «សម្តីការទូត» និង «ផលប្រយោជន៍ជាតិ»។ ត្រូវចងចាំជានិច្ចនូវសម្តីរបស់លោក កសិដ កាលពីអតីតកាល។

- សកម្មភាពតបត៖ រាល់ការចរចាត្រូវផ្អែកលើឯកសារបច្ចេកទេស ច្បាប់អន្តរជាតិ និងផែនទីដែលមានជាធរមាន ដាច់ខាតមិនត្រូវចរចាផ្អែកលើភាពទន់ភ្លន់ ឬការយោគយល់គ្នានោះឡើយ។

៣.២. ការពារ «របាំងការពារស្ថាប័ន»

- ទោះបីជាលោក អនុទិន មកជួបថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាដោយផ្ទាល់ក៏ដោយ កម្ពុជាត្រូវតែបញ្ចូលមន្ត្រីជំនាញ បច្ចេកទេស និងច្បាប់ ឱ្យអង្គុយស្តាប់ និងកត់ត្រាជានិច្ច។

- សកម្មភាពតបត៖ រាល់លទ្ធផលនៃជំនួបមិនត្រូវបញ្ចប់ត្រឹម «ការព្រមព្រៀងផ្ទាល់មាត់» នោះទេ គឺត្រូវតែរុញចូលទៅក្នុងប្រព័ន្ធស្ថាប័នផ្លូវការ ដូចជា គណៈកម្មការព្រំដែនរួម (JBC) ឬគណៈកម្មាធិការរួមជាន់ខ្ពស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យមើលចន្លោះប្រហោងគតិយុត្តិ មិនឱ្យថៃលួចបន្លំបាន។

៣.៣. យុទ្ធសាស្ត្រ «វាយបកខាងចិត្តសាស្ត្រ»

- នៅពេលថៃព្យាយាមរុញឱ្យខ្មែរជឿថាពួកគេចង់បានសន្តិភាព កម្ពុជាត្រូវរុញបាល់ត្រឡប់ទៅវិញ ដោយការសាកល្បងភាពស្មោះត្រង់ (Acid Test)។

- សកម្មភាពតបត៖ កម្ពុជាអាចនិយាយថា៖ «កម្ពុជាត្រេកអរណាស់ដែលថៃចង់បានសន្តិភាពពិតប្រាកដ។ ដូច្នេះ ដើម្បីបង្ហាញពីភាពស្មោះត្រង់ ជំហានដំបូង សូមភាគីថៃមេត្តាអនុម័តយល់ព្រមលើការបោះបង្គោលព្រំដែនគោកដែលបានព្រមព្រៀងគ្នារួចហើយ និងបញ្ឈប់ការរារាំងការចរចា OCA តាមយន្តការ UNCLOS។

សន្និដ្ឋាន៖ យុទ្ធសាស្ត្រល្អបំផុតសម្រាប់កម្ពុជានៅពេលនេះគឺ «យកភាពស្ងៀមស្ងាត់គ្រប់គ្រងភាពចលាចល និងយកច្បាប់ជាខែលការពារ»។ កម្ពុជាត្រូវចាំថា ថៃកំពុងរងសម្ពាធខ្លាំងជាងកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចផ្ទៃក្នុង និងមុខមាត់អន្តរជាតិ។ ក្នុងល្បែងការទូតជាមួយថៃ កម្ពុជាអាចញញឹមដាក់គេបាន អាចចាប់ដៃគេបាន ប៉ុន្តែជើងទាំងពីររបស់កម្ពុជាត្រូវតែឈរឱ្យនឹងលើខឿនច្បាប់ និងផែនទីដាច់ខាត។ កុំឱ្យការទម្លាក់អត្តទិដ្ឋិជាលក្ខណៈបុគ្គលរបស់វាគ្មិនថៃ មកបោកបញ្ឆោតស្មារតីការពារជាតិ និងទឹកដីរបស់ខ្មែរបានឡើយ។ ការបើកទ្វារស្វាគមន៍ រួចចាក់សោរចងជើងថៃឱ្យចូលក្នុងកិច្ចចរចាផ្លូវការ ផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារយោងដែលកម្ពុជាមានប្រៀប» ដើម្បីបញ្ចប់បញ្ហាព្រំដែន និងតំបន់ត្រួតគ្នា (OCA) ដោយយុត្តិធម៌ និងមានសន្តិភាពពិតប្រាកដ៕