មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន៣ទីតាំង នៅស្រុកកំពង់រោទិ៍
17-05-2026 16:40
(ស្វាយរៀង)៖ លោកស្រី អុី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង ស្ថិតនៅឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។
លោកស្រី អុី សេដ្ឋា បានឲ្យដឹងថា ក្រុមការងារនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានចុះដល់ទីតាំងចំនួន ៣ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ រួមមាន៖ ទីតាំង១ គឺ ទួលបាយផ្អូម ដែលស្ថិតនៅភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន ៣ រូប/ផ្ទាំង គឺវត្ថុទី១ ជាប្រភេទ ជើងទម្រ វត្ថុទី២ ជាប្រភេទ ផ្ទាំងថ្ម។
ទីតាំងទី២ គឺ ទួលគោករាក់ ដែលស្ថិតនៅភូមិចន្រ្ទា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន ១ រូប/ផ្ទាំងគឺ ជាប្រភេទផ្ទាំងថ្ម។ និងទីតាំងទី៣ គឺ ទួលអង្កាំ ដែលស្ថិតនៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន១ រូប/ផ្ទាំងគឺ បំណែកជើងទម្រ។
ជាមួយគ្នានេះការិយាល័យសារមន្ទីរ ក៏បានធ្វើកំណត់ហេតុលើការប្រគល់ទទួលបុរាណវត្ថុទាំងអស់នេះផងដែរ ដោយមានការចូលរួមពីសំណាក់លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិធំ លោកមេភូមិប្រចន្រ្ទា លោកមេភូមិពោធិក្រូច ស្មៀនឃុំនិងសមាជិកភូមិផងដែរ៕










