លោក ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៩ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ

17-05-2026 17:00

(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) សម្របសម្រួលដោយលោក Min Byong Jang ទីប្រឹក្សាឯកលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលអំណោយមនុស្សធម៌លើកទី១៩ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា។

សូមជម្រាបថា អំណោយមនុស្សធម៌លើកទី១៩ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណ រដ្ឋកូរ៉េ រួមមាន៖ ឱសថ គ្រឿងបរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ២,២៤៣,៨៦០.១៣ ដុល្លារអាមេរិក។ ជំនួយនេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជនភៀសខ្លួន គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេស។

មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអនុវត្តគម្រោងមនុស្សធម៌នេះ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជាច្រើន ដែលរួមមាន ក្រសួងពាណិជ្ជកម្មកម្ពុជា, លោក ឧកញ៉ា សុខ សីលា, DK C&C, Spine Center, PGCT Center, World-OKTA Phnom Penh និង R&S STEEL (CAMBODIA)។

សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា និង មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០ លានដុល្លារអាមេរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ លោក ម៉ម ប៊ុននាង និងប្រធាន GLS លោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ កម្មវិធីសហប្រតិបត្តិការនឹងបន្តរយៈពេល៥ឆ្នាំបន្ថែម ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយទំហំជំនួយសរុបត្រូវបានពង្រីកយ៉ាងខ្លាំងដល់ ៥០ លានដុល្លារអាមេរិក។ លើសពីនេះ GLS និងព្រឹទ្ធសភាកម្ពុជា កំពុងពិភាក្សាអំពីការពង្រីកគម្រោងមនុស្សធម៌បន្ថែមនៅខែមិថុនា ឆ្នាំ២០២៦ រួមមានគម្រោងគាំទ្រនៅ ខេត្តកែប, ខេត្តបាត់ដំបង និង ខេត្តព្រៃវែង ។ ភាគីទាំងពីរក៏មានផែនការចុះហត្ថលេខាលើ MOU លើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឲ្យដល់ប្រមាណ ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩ ផងដែរ។

កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា និង GLS កូរ៉េ ត្រូវបានទទួលស្គាល់ថា ជាគំរូដ៏លេចធ្លោនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូមនុស្សធម៌រវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា និងកូរ៉េ។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងសកម្មភាពគាំទ្រមនុស្សធម៌បន្ថែមទៀត ក្នុងវិស័យសុខាភិបាល សុខុមាលភាព និងការអភិវឌ្ឍសង្គមនាពេលអនាគត៕