រដ្ឋមន្ត្រី ហួត ហាក់ ជំរុញយុវជនអភិវឌ្ឍ Soft Skills និងធ្វើការដោយភាពឆ្លាតវៃ ជាជាងប្រើកម្លាំងសុទ្ធសាធ

17-05-2026 19:51

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាល ស្តីពីច្បាប់សកលនៃភាពជោគជ័យ៖ ធ្វើការដោយភាពឆ្លាតវៃ ជាជាងធ្វើការដោយប្រើកម្លាំង» ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវចំណេះដឹងថ្មីៗ និងពង្រឹងសមត្ថភាពដល់មន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍជំនាញទន់ (Soft Skills) ដែលជាមូលដ្ឋានសំខាន់ក្នុងការបង្កើនភាពវៃឆ្លាត ប្រាជ្ញាស្មារតី និងសមត្ថភាពក្នុងការបំពេញការងារស្របតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវស្ដីពីសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក នី ផល្លី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យទេសចរណ៍, លោក Christopher LEE ស្ថាបនិកអង្គការHEDC International និងជាអ្នកឯកទេសអភិវឌ្ឍធនធានមនុស្ស, លោកស្រី ឈន ខេមា នាយិកាអង្គការHEDC International, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ក្នុងវិស័យទេសចរណ៍, លោក លោកស្រី សិក្ខាកាម និងជាសមាជិក ស.ស.យ.ក. ក្នុងវិស័យទេសចរណ៍សរុបប្រមាណ ១៥០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ HEDC International ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់យុវជន ស.ស.យ.ក. ក្នុងវិស័យទេសចរណ៍, ជាពិសេសសូមថ្លែងអំណរគុណ វាគ្មិនកិត្តិយសរបស់យើងនៅថ្ងៃនេះគឺ លោក Christopher LEE ស្ថាបនិកអង្គការ HEDC International និងជាអ្នកឯកទេសអភិវឌ្ឍធនធានមនុស្ស ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី មកធ្វើបទឧទ្ទេសនាម ចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ជូនដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពគន្លឹះមួយដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានភ្ជាប់ទៅនឹងស្នូល នៃយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល។

លោកបន្តថា មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយម របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ និង បានកំណត់នៅក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងន័យនេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស កាន់តែមានភាពចាំបាច់ និងបន្ទាន់ក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅ ជាពិសេស ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសសង្កត់ធ្ងន់ថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ជាពិសេស យុវជន យើងត្រូវចងចាំថា យើងមានកាតព្វកិច្ច ៤៖ ទី១៖ ចំពោះប្រទេសជាតិ, ត្រូវបេ្តជ្ញាការពារ ទោះក្នុងតម្លៃណាក៏ដោយ, ទី២៖ ចំពោះប្រជាជន, ត្រូវបេ្តជ្ញាបម្រើប្រជាជន ដោយស្មោះត្រង់, ទី៣៖ ចំពោះច្បាប់, ត្រូវប្តេជ្ញាគោរព ឱ្យបានម៉ឺងម៉ាត់ និងទី៤៖ ចំពោះតួនាទីភារកិច្ច, ត្រូវខិតខំបំពេញ និង អនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់៕