កម្មវិធីប្រកួតគំនូរ និងស្មាដៃស្ត្រី Dream Girls Design Contest លើកកម្ពស់ស្មាដៃសិល្បៈច្នៃប្រឌិតស្ត្រីដែលអាចធ្វើឱ្យសម្បកវេចខ្ចប់ផលិតផលខ្មែរកាន់តែមានភាពទាក់ទាញ និងគុណតម្លៃ

18-05-2026 07:48

(ភ្នំពេញ)៖ កម្មវិធីប្រកួតគំនូរ និងស្មាដៃស្ត្រី Dream Girls Design Contest គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការបើកឱកាសឱ្យស្ត្រីកម្ពុជាបង្ហាញទេពកោសល្យ និងការច្នៃប្រឌិតរបស់ពួកគេ ដើម្បីកែប្រែមុខមាត់សំបកវេចខ្ចប់ផលិតផលខ្មែរឱ្យកាន់តែមានភាពទាក់ទាញ និងមានតម្លៃនៅលើទីផ្សារ។

កម្មវិធីនេះមិនត្រឹមតែលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសិល្បៈ និងការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០រសៀលតទៅ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយអ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និងអ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។

អស់រយៈពេល១៣ឆ្នាំហើយ កម្មវិធីប្រកួតគំនូរ និងស្មាដៃស្ត្រី Dream Girls Design Contest បានផ្តល់ឱកាសដល់អ្នករចនាវ័យក្មេងស្ត្រី និងអ្នកមានសមត្ថភាពច្នៃប្រឌិតថ្មីៗរាប់រយនាក់ ក្នុងការបង្កើតស្នាដៃសិល្បៈ ដែលអាចយកទៅប្រើប្រាស់លើផលិតផលពិតប្រាកដ ជាពិសេសផលិតផលផលិតនៅកម្ពុជា ដូចជា សូកូឡាគ្រាប់ស្វាយចន្ទី នំខូគី អាហារសម្រន់ ផលិតផលជាកាដូ និងផលិតផលខ្មែរផ្សេងៗទៀត។ តាមរយៈកម្មវិធីនេះ ការវេចខ្ចប់មិនមែនគ្រាន់តែជាប្រអប់ ឬសម្បកផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយបង្ហាញរឿងរ៉ាវ អត្តសញ្ញាណ វប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជា។

អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធី បានលើកឡើងថា កម្មវិធីនេះចាប់ផ្តើមតាំងពីឆ្នាំ២០១០ ហើយស្មាដៃសិល្បិៈរបស់ក្មេងស្រីជាច្រើនត្រូវបានប្រើប្រាស់លើសម្បកវេចខ្ចប់ផលិតផល។

ផលិតផលខ្មែរជាច្រើន បានប្រើប្រាស់ស្មាដៃសិល្បៈច្នៃប្រឌិតដែលបានចូលរួមកម្មវិធីប្រកួតគំនូរ និងស្មាដៃស្ត្រី Dream Girls Design Contest ហើយបង្ហាញឱ្យឃើញថា សិល្បៈ និងការរចនាអាចជួយបង្កើនតម្លៃផលិតផលខ្មែរ ធ្វើឱ្យផលិតផលកាន់តែទាក់ទាញ ងាយចងចាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ។

ផលិតផលខ្មែរដែលបានប្រើប្រាស់ស្មាដៃសិល្បៈច្នៃប្រឌិតនេះ ក៏មានវត្តមានក្នុងហាង Amazing Cambodia ទាំងអស់ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ។

កម្មវិធីប្រកួតគំនូរ និងស្មាដៃស្ត្រី Dream Girls Design Contest ជឿជាក់ថា ការវេចខ្ចប់ល្អអាចជួយឱ្យផលិតផលខ្មែរមានភាពលេចធ្លោលើទីផ្សារ បង្កើតទំនាក់ទំនងអារម្មណ៍ជាមួយអតិថិជន និងជួយពង្រឹងអត្តសញ្ញាណម៉ាកផលិតផល។ ការរួមបញ្ចូលរវាងសិល្បៈខ្មែរ បេតិកភណ្ឌវប្បធម៌ និងការរចនាបែបទំនើប គឺជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រឌិតនៅកម្ពុជា។

អ្នកនាង ហ៊ាង វត្តី ជាអ្នករៀបចំកម្មវិធីនេះ និងម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ បានលើកឡើងថា៖ «កម្មវិធីនេះមិនមែនគ្រាន់តែជាការប្រកួតគំនូរ និងស្នាដៃសិល្បៈស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពិតប្រាកដសម្រាប់អ្នករចនាស្ត្រីវ័យក្មេង ក្នុងការឃើញស្នាដៃរបស់ខ្លួនត្រូវបានយកទៅប្រើប្រាស់លើទីផ្សារ ព្រមទាំងជួយឱ្យផលិតផលខ្មែរមានអត្តសញ្ញាណរូបភាពកាន់តែខ្លាំង និងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ»។

ពិធីប្រគល់រង្វាន់ឆ្នាំ២០២៦ នឹងប្រមូលផ្តុំអ្នករចនាស្ត្រីវ័យក្មេងជាច្រើនរូបដៃគូឧបត្ថម្ភ ស្ថាប័នសារព័ត៌មាន អ្នកជំនាញផ្នែកច្នៃប្រឌិត និងអ្នកគាំទ្រការលើកកម្ពស់ស្ត្រី។ កម្មវិធីនេះក៏មានគោលបំណងគាំទ្រឯករាជ្យភាព ទំនុកចិត្ត និងសមត្ថភាពរបស់ស្ត្រីនៅកម្ពុជាតាមរយៈការអប់រំផ្នែកច្នៃប្រឌិត ឱកាសក្នុងវិស័យរចនា និងការសហការជាមួយអាជីវកម្ម។

តាមរយៈការភ្ជាប់ទេពកោសល្យវ័យក្មេងជាមួយម៉ាកផលិតផលក្នុងស្រុក កម្មវិធីនេះកំពុងបង្កើតផ្លូវជាក់ស្តែងសម្រាប់សិល្បករ និងអ្នករចនា ឱ្យចូលទៅក្នុងពិភពវិជ្ជាជីវៈ៕