កងកម្លាំងកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់សមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II)

18-05-2026 10:21

(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) គណៈប្រតិភូ និងកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ពីព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលចូលរួមសមយុទ្ធ CINBAX II កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ដោយផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។

សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ស្មារតីសាមគ្គីភាព និងភាពជាបងប្អូនរវាងកងកម្លាំងនៃប្រទេសទាំងពីរ។

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណចំពោះកងទ័ពជើងគោកឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងសកម្មក្នុងសមយុទ្ធនេះ ហើយសង្ឃឹមថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀតនាពេលអនាគត។