លោក ហេង សួរ៖ សមាជិកគណបក្សប្រជាជនកម្ពុជាទើបបញ្ចូលថ្មីចំនួន ១ ៤២៣នាក់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាការសម្រេចចិត្តជ្រើសរើសយកគណបក្ស ដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ

18-05-2026 11:17

(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម សរុបចំនួន ១ ៤២៣នាក់ (ស្រី ៣៩៤នាក់) មកពីឃុំចំនួន ៣នៃស្រុកកំពង់សៀមរួមមាន ឃុំក្រឡាចំនួន ៨៣៥នាក់ ឃុំអូរស្វាយ ៣៤៥នាក់ និងឃុំវិហារធំ ២៤៣នាក់ ដែលធ្វើឱ្យសមាជិកគណបក្សសរុបកើនឡើងដល់ជិត ៨លាននាក់ នៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម។

លោក ហេង សួរ បានអបអរសាទរ ស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ «ផ្អែកតាមហេតុផលជាក់ស្តែង» ចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះប្រៀបដូចការជ្រើសរើសយក «កៅអីដែកដ៏ស្អាតរឹងមាំ» មិនងាយពុកផុយមកអង្គុយជាបង្អែក និងជាការឆ្លើយតបទៅនឹងសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះជាតិឱ្យរស់ឡើងវិញ ស្តារ កសាងជាតិ ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជួយឱ្យកម្ពុជារុងរឿង។

នាឱកាសនេះដែរ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចអនុប្រធានទាំង៥ រូប ជូនចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម និងសមាជិកគណបក្សទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅជាទីបំផុត។ ថ្នាក់ដឹកនាំកំពូលៗសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រឡាញ់ ខណៈដែលសមាជិកគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសចេះរួមសុខរួមទុក្ខ ពង្រឹងការងារមូលដ្ឋាន និងផ្សព្វផ្សាយពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្សជាប្រចាំ។

ទន្ទឹមនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមដែលបានខិតខំបំពេញតួនាទី ពង្រឹងស្មារតីសមាជិកតាមរយៈអភិក្រម «រក្សាចាស់ បង្កើនថ្មី» ដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែរំឭកលោក ហេង សួរ បានរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ដែលមានគោលបំណងប្រមូលកំលាំងនៃជនជាតិខ្មែរ ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព មិនប្រកាន់ឋានៈ ជនជាតិ ជំនឿសាសនា អតីតកាលដើម្បីរួមគ្នាការពារសមិទ្ធផលជាតិ និងកសាងកម្ពុជាមួយ, ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាមួយនឹងការរំលឹកពីប្រវត្តិគណបក្សប្រកបដោយអត្ថន័យ ឯកឧត្តមបានជំរុញឱ្យសមាជិកថ្មីចងចាំពីប្រវត្តិបក្ស បុព្វហេតុនៃការបង្កើត រូបសញ្ញ បាវចនា និងគណបក្សប្រជាជនកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងមានអនុប្រធាន៥ រូប។

លោកបានបញ្ជាក់ជូនអង្គពិធីថា ជោគជ័យរបស់គណបក្សកើតចេញពីភាពត្រឹមត្រូវនយោបាយគ្រប់កាលៈទេសៈ ការផ្សារភ្ជាប់នឹងប្រជាជន អនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រចនាសម្ព័ន្ធចាត់តាំងរឹងមាំគ្រប់ជាន់ថ្នាក់តាមសមត្ថភាព ជំហរស្មោះត្រង់ មានគុណធម៌និងសីលធម៌ ការគិតគូរយ៉ាងល្អិតល្អន់ក្នុងការកសាងជំនាន់បន្តវេន និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើ។ ដើម្បីឱ្យជោគជ័យនេះ ស្ថិតស្ថេរគឺចាំបាច់ត្រូវការបន្តរក្សាសន្តិភាពដែលថ្នាក់ដឹកនាំគណបក្សជាពិសេស សម្តេចតេជោបានយកជីវិតទៅប្តូរ។ លើសពីនេះ ក្មួយៗជាសមាជិកថ្មីត្រូវខិតខំអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត មានសីលធម៌ល្អ បង្ហាញគំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់រដ្ឋ ដើម្បីបង្កើនជំនឿនិងការគាំទ្រពីពលរដ្ឋបន្ថែមទៀត ហើយយុវជនក៏ត្រូវគោរពឱ្យតម្លៃស្នាដៃរាមច្បងជំនាន់មុនផងដែរ។

ទន្ទឹមនេះ សមាជិកបក្សថ្មីបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបាន១០០% ស្មោះត្រង់រួមរស់ជីវភាពនឹងគណបក្សជារៀងរហូត បំផុសចលនាសមាជិកគណបក្ស អោយចូលរួមគាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សឱ្យទទួលបានជ័យជំនះ ដែលគណបក្សឃុំនីមួយៗ ក្នុងស្រុកកំពង់សៀមនឹងទទួលបាននូវលើកទឹកចិត្តបន្ថែមទៀត។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានជំរុញឱ្យការប្តេជ្ញាចិត្តនេះក្លាយជាការពិតជារៀងរហូតដោយត្រូវ «ដាក់បេះដូង» បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ជាពិសេសដណ្តើមបានប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕