លោក លឹម សុវណ្ណរិទ្ធ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងការពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា

18-05-2026 11:57

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលតម្រូវឱ្យយុវជនអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ខណៈដែលពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ច្បាប់ដែលមាន៨ជំពូក និង២០មាត្រានេះ ត្រូវបានប្រកាសជាការប្រញាប់ ហើយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៦នេះតទៅ ខណៈដែលច្បាប់នេះមានការលើកលែងចំពោះព្រះសង្ឃ បព្វជិតសាសនា និងជនពិការ។ យោងតាមខ្លឹមសារនៃច្បាប់នេះ អ្នកដែលគេចវេសពីការបម្រើកងទ័ពអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី ៦ខែ ដល់ ៥ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់អាស្រ័យលើភាពធ្ងន់ធ្ងរនៃបទល្មើស។

បើតាមលោក លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនមុខវិទ្យាវិទ្យាសាស្រ្តនយោបាយ បានបង្ហាញទស្សនៈរបស់លោក មកកាន់បណ្ដាញព័ត៌មាន Fresh News ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធាដែលត្រូវបានអនុម័តនាពេលនេះ គឺជាចំណែកមួយនៃការចូលរួមកសាងនិងពង្រឹងខឿនការពារជាតិកម្ពុជា។ ខណៈដែលបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកភាគច្រើន សុទ្ធតែបានអនុម័ត និងអនុវត្តច្បាប់កាតព្វកិច្ចយោធាជាយូរណាស់មកហើយ។

បើតាមគ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយរូបនេះនេះ ការអនុម័តច្បាប់ថ្មីជំនួសច្បាប់ស្ដីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦នាពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលមួយដែលកម្ពុជាត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាចាំបាច់ និងដើម្បីឆ្លើយតបទៅនឹងការវិវត្តស្ថានការណ៍តំបន់ និងពិភពលោក ពិសេសដើម្បីត្រៀមខ្លួនប្រឈមនឹងមហិច្ឆតាឈ្លានពានឥតឈប់ឈររបស់ប្រទេសជិតខាង។

លោកបន្តថា ប្រទេសជាច្រើន សុទ្ធសឹងតែមានការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងបានកសាងកងទ័ពបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះបីជាប្រទេសជាតិកំពុងស្ថិតនៅក្នុងសន្តិភាព និងមានទំនាក់ទំនងជាប្រក្រតីភាពជាមួយប្រទេសជិតខាងក៏ដោយក្ដី ព្រោះសភាពការណ៍សន្តិសុខតំបន់ និងពិភពលោកតែងតែប្រែប្រួលមិនជាក់លាក់ ហើយបទពិសោធន៍នៃការផ្ទុះសង្គ្រាមនៅតាមបណ្ដាប្រទេសនិងតំបន់នានា ក៏ជាហេតុផលសំខាន់មួយទៀតដែលកម្ពុជាត្រូវតែត្រៀមបង្ការទុកមុនចំពោះស្ថានការណ៍វិវត្តខាងយោធាដែលមិនអាចប៉ាន់ប្រមាណទុកជាមុន។

ជាមួយគ្នានេះ ការអនុម័តច្បាប់ស្ដីពីកាតព្វកិច្ចយោធានាពេលនេះ ក៏ជាការអនុញ្ញាតឱ្យយុវជនកម្ពុជាគ្រប់រូប ទទួលបានឱកាសនៅក្នុងការចូលរួមពង្រឹងសមត្ថភាពការពារជាតិរបស់ឱ្យបានរឹងមាំប្រសើរឡើងបន្ថែមទៀតផង និងជាផ្នែកមួយនៃការបំប្លែងស្មារតីមនសិកាស្នេហាជាតិរបស់យុវជន ឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដនិងការចូលរួមជាក់ស្ដែងផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក លឹម សុវណ្ណរិទ្ធ។

ក្នុងនាមជាគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រ ជំនាញវិទ្យាសាស្រ្តនយោបាយ លោកមើលឃើញថា យុវជនកម្ពុជា ដែលកន្លងមកនេះបានបង្ហាញនូវមនោសញ្ចេតនា និងការឈឺចាប់ចំពោះការឈ្លានពានដ៏គឃ្លើន និងសកម្មភាពឃោរឃៅរបស់ពួកទាហានឈ្លានពានមកលើមាតុភូមិកំណើតរបស់ខ្លួន តែងតែប្រាថ្នាចង់រួមចំណែកដើម្បីប្រឆាំងនឹងការឈ្លានពាននេះ រាប់ចាប់តាំងពីការបញ្ចេញមតិទស្សនៈនិងចំណេះដឹងដែលខ្លួនមាន ការចូលរួមពហិកាផលិតផលជាតិសាសន៍ឈ្លានពាន និងមានយុវជនមួយចំនួនទៀត ថែមទាំងបានបង្ហាញការឈឺឆ្អាលចំពោះការរំលោភអធិបតេយ្យភាព តាមរយៈការប្រមូលផ្ដុំគ្នាទៅកាន់ទីតាំងដែលត្រូវបានរំលោភបំពានរាយបន្លាលួស និងដាក់ទូរកុងតឺន័រថែមទៀតផង។

ទោះជាយ៉ាងណា លោក លឹម សុវណ្ណរិទ្ធ មើលឃើញថា សកម្មភាពនៃការចូលរួមទាំងនេះ គឺត្រឹមតែជាការចូលរួមដោយប្រយោលដែលអាចបង្ហាញពីឆន្ទៈយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមរបស់ប្រទេសជាតិ ហើយប្រសិនបើមានការប្រឈមធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ការពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន ទើបជាកម្លាំងពិតប្រាកដដែលអាចទប់ទល់ការរំលោភបំពានបាន។ ក្នុងចំណោមការពង្រឹងសមត្ថភាពជាតិទាំងអស់ ការពង្រឹងសមត្ថភាពការពារជាតិ គឺជាកិច្ចការអាទិភាពចម្បងនិងជាការឆ្លើយតបដោយផ្ទាល់និងចាំបាច់ចំពោះមុខជាក់ស្ដែង តទល់ទៅនឹងការឈ្លានពានអធិបតេយ្យភាពជាតិ ព្រោះគេមិនអាចរង់ចាំរហូតដល់ប្រទេសជាតិត្រូវប្រឈមនឹងសង្គ្រាមធំ ទើបចាប់ផ្ដើមកេណ្ឌកងទ័ពហ្វឹកហាត់ដើម្បីចូលសមរភូមិទប់ទល់សត្រូវនោះឡើយ។

បន្ថែមពីលើនេះ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក៏ជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា នៅក្នុងការបំពាក់បំប៉នជំនាញជាមូលដ្ឋាននានាដល់យុវជនទូទៅ ជាមួយនឹងការពង្រឹងសមត្ថភាពកាយសម្បទាឱ្យបានរឹងមាំសម្រាប់យុវជនខ្មែរជំនាន់ក្រោយ។ ក្រៅតែពីការត្រៀមទុកជាមុននូវសមត្ថភាពឆ្លើយតបរបស់ជាតិប្រឆាំងទៅនឹងការឈ្លានពាន ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាចំណែកមួយនៃការត្រៀមខ្លួនសម្រាប់ការប្រឈមមុខនឹងករណីប្រធានស័ក្តិផ្សេងៗទៀតដូចជា ករណីគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយផងដែរ ពោលគឺយុវជនដែលបានឆ្លងកាត់ការហ្វឹកហាត់ខាងយោធារយៈពេល២៤ខែនេះ មិនត្រឹមតែជាកងទ័ពបម្រុងប្រកបដោយសមត្ថភាព និងការត្រៀមខ្លួនរួចរាល់នោះទេ ប៉ុន្តែក៏ជាកម្លាំងដ៏រឹងមាំពេញលេញនៅក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋក្នុងសហគមន៍ តំបន់ និងអ្នកនៅជុំវិញខ្លួន ក្នុងករណីមានហេតុការណ៍មួយដែលកងកម្លាំងសង្គ្រោះពុំទាន់អន្តរាគមន៍ទៅដល់ផងដែរ។ នេះមានន័យថា បើទោះបីជាគ្មានសង្គ្រាមកើតមានឡើង យុវជនដែលទទួលបានការហ្វឹកហាត់ទាំងនេះ នឹងក្លាយទៅជាធនធាន ដែលកសាងបាននូវភាពធន់របស់ជាតិឆ្លើយតបទៅនឹងករណីគ្រោះធម្មជាតិឬគ្រោះមហន្តរាយផ្សេងៗ។

លើសពីនេះទៅទៀត អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ យល់ឃើញថា ការអនុម័តនិងអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ នឹងមិនត្រឹមតែជាមូលដ្ឋានក្នុងការកសាងសមត្ថភាពការពារជាតិឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជំរុញកសាងយុវជនកម្ពុជា ឱ្យក្លាយទៅជាធនធានមនុស្ស ដែលប្រកបដោយវិន័យចំពោះខ្លួនឯងនិងសង្គមជាតិ ចេះរៀបចំចាត់ចែងនិងគ្រប់គ្រងពេលវេលា និងក្លាយទៅជាធនធានមនុស្សដែលមានស្មារតីទំនួលខុសត្រូវខ្ពស់។ ការហ្វឹកហាត់លត់ដំទាំងកាយសម្បទា និងស្មារតីនៅក្នុងរយៈពេល២៤ខែនេះ នឹងធ្វើឱ្យយុវជនកម្ពុជា ដែលបានចូលរួម អាចក្លាយទៅជាមនុស្សដែលមានស្មារតីរឹងមាំជម្នះរាល់បញ្ហាប្រឈមចំពោះមុខ មានសុខភាពល្អបរិបូរណ៌ និងមានសមត្ថភាពឆ្លើយតបរហ័ស។

ជាមួយគ្នានេះ ការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក៏ជាដំណើរការមួយដែលនឹងបង្កលក្ខខណ្ឌកាន់តែងាយស្រួលនិងកាន់តែប្រសើរបន្ថែមទៀតនៅក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលយោធិនថ្មីៗដែលមានសមត្ថភាព តាមរយៈការពិនិត្យមើលសមត្ថភាព និងទេពកោសល្យរបស់យុវជន ដែលបាននិងកំពុងចូលរួមហ្វឹកហាត់ជំនាញយោធាទាំងនោះ ដើម្បីជ្រើសរើសឱ្យក្លាយជាយោធិនក្នុងក្របខ័ណ្ឌផ្លូវការនិងឱ្យទៅបំពេញក្នុងអង្គភាពដែលខ្វះខាត ឬមានតម្រូវការកងទ័ពបន្ថែមទៀត។ ប្រការនេះ នឹងក្លាយទៅជាការពង្រីកវិសាលភាពនៃការជ្រើសរើសធនធានមនុស្សប្រកបដោយសក្ដានុពល ដើម្បីជំរុញប្រសិទ្ធភាពក្នុងកិច្ចការងារយោធា និងជំរុញការពង្រឹងសមត្ថភាពយោធិនថ្មីៗកាន់តែប្រសើរឡើង។

ទោះជាយ៉ាងណាក៏ដោយ លោក លឹម សុវណ្ណរិទ្ធ រំពឹងថាដើម្បីឱ្យការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះមានប្រសិទ្ធភាពនិងទទួលបានស័ក្តិសិទ្ធិភាព ក្នុងគោលដៅធានានូវការត្រៀមខ្លួនរួចរាល់ខាងយោធារបស់កម្ពុជាដើម្បីឆ្លើយតបនឹងសភាពការណ៍ខាងមុខ ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដោយតម្លាភាព សុចរិតភាព និងសមភាព (អនុវត្តជាទូទៅមិនចំពោះ) ពោលគឺត្រូវចៀសវាងឱ្យបាននូវបាតុភាពអសកម្មនានាដូចជា ការប្រព្រឹត្តអំពើពុករលួយនិងបក្សពួកនិយម ការបែងចែកនិន្នាការ ការរើសអើងស្ថានភាពសង្គម/សេដ្ឋកិច្ច សាវតាជាតិ និងសាសនាជាដើម។

ជាមួយគ្នានេះ ការហ្វឹកហាត់គួរតែត្រូវបានផ្ដោតជាសំខាន់ទៅលើការគោរពវិន័យឱ្យបានម៉ឺងម៉ាត់ បណ្ដុះបណ្ដាលទាំងជំនាញវិជ្ជាជីវៈយោធានិងជំនាញបន្ទាប់បន្សំនានា (អាចប្រើប្រាស់ក្នុងករណីមានអាសន្នណាមួយ និងនៅក្នុងជីវភាពប្រចាំថ្ងៃ) ព្រមជាមួយការគ្រប់គ្រងរយៈពេលនៃការហ្វឹកហាត់ជាប់ជាប្រចាំនិងដោយផ្ដោតលើគ្រប់សេនារីយ៉ូផ្សេងៗដែលអាចប្រឈម (ទាំងសង្គ្រាមនិងគ្រោះមហន្តរាយផ្សេងៗ) ជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់លើការបណ្ដុះស្មារតីមនសិកាជាតិ ទឹកដី និងប្រជាជន។

លោក លឹម សុវណ្ណរិទ្ធ បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពការពារជាតិឱ្យកាន់តែមានថាមភាពខ្លាំងក្លា លើការជំរុញពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយដៃគូ (ការផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីយោធាជំនាញ ការហ្វឹកហាត់បណ្ដុះបណ្ដាល ការធ្វើសមយុទ្ធរួមគ្នា និងការផ្លាស់ប្ដូរបច្ចេកទេសយោធា) កម្ពុជាក៏គួរតែផ្ដោតការយកចិត្តទុកដាក់បន្ថែមទៅលើការទំនើបកម្មយោធា (តាមរយៈការនាំចូលសព្វាវុធថ្មីៗនិងទំនើប ការស្វែងយល់ពីបច្ចេកវិទ្យាយោធាថ្មីៗ ការកែច្នៃសមត្ថភាពសព្វាវុធដែលមាននិងកំពុងប្រើប្រាស់ ការពង្រឹងនិងពង្រីកសមត្ថភាពអង្គភាពផលិតយុទ្ធោបករណ៍និងគ្រឿងផ្ទុះក្នុងស្រុក និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ដែលមានលក្ខណៈពហុមុខងារនិងគាំទ្រគ្នាទៅវិញទៅមក) ការពង្រឹងនិងធ្វើពិពិធកម្មយុទ្ធសាស្ត្រនិងតាក់ទិចសង្គ្រាមសម័យទំនើប (ដកស្រង់បទពិសោធន៍សង្គ្រាមនៅតាមតំបន់និងសមរភូមិនានាលើពិភពលោក) ការទទួលយកនិងជំរុញលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាថ្មីៗក្នុងចំណោមសហគ្រិនវ័យក្មេង និងការទាក់ទាញនិងលើកទឹកចិត្តការចូលរួមរបស់យុវជនដែលមានទេពកោសល្យច្នៃប្រតិដ្ឋឱ្យចូលរួមជាមួយជាដើម៕