បណ្ណដីជិត៣ពាន់បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាង២ពាន់គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ
18-05-2026 13:59
(ភ្នំពេញ)៖ ប្រជាពលរដ្ឋទូទាំងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង២ពាន់គ្រួសារ បានទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចែកជូនដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដី នាវេលាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមដោយលោកស្រី គឹម ញ៉ឹប អភិបាលខណ្ឌដង្កោ, លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីខណ្ឌកំបូល និងជាប្រធានក្រុមវាលទី៧ ព្រមទាំងអាជ្ញាធរសង្កាត់សាក់សំពៅ ព្រមទាំងប្រជាពលរដ្ឋដែលទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនោះផងដែរ ។
លោកស្រី គឹម ញ៉ឹប អភិបាលខណ្ឌដង្កោ បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់សូមជួយថែរក្សា និងទុកដាក់បណ្ណនេះឲ្យមានសុវត្ថិភាពល្អ និងគង់វង់បានយូរអង្វែង។ ជាពិសេសសូមយកទៅប្រើប្រាស់ដោយស្របច្បាប់ កុំយកទៅដាក់បញ្ចាំយកលុយលេងល្បែង កុំយកទៅជួលពាក់ព័ន្ធល្បែងអនឡាញជាដើម ដែលសុទ្ធតែជាទង្វើខុសច្បាប់ នាំឲ្យខាតបង់ហើយមានទោសទណ្ឌថែមទៀត។
លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីខណ្ឌកំបូល និងជាប្រធានវាលទី៧ បានថ្លែងថា កន្លងមកក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី៧ បានចុះធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋទាំង៧ភូមិ របស់រដ្ឋបាលសង្កាត់សាក់សំពៅខណ្ឌដង្កោ មានដូចជាភូមិពោធិ៍រលំ ភូមិខិត ភូមិក្រាំងតាជូ ភូមិកំរ៉ែង ភូមិសំបួរ ភូមិសាក់សំពៅ និងភូមិពារាម។
លោកថា ការចុះប្រតិបត្តិការបច្ចេកទេស និងអនុវត្តនីតិវិធីនៃចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋជាម្ចាស់ដី ដោយមានការសហការ ពីអាជ្ញាធរដែនដី ហើយនឹងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដីផងនោះ បានបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារ ចុះធ្វើការវាស់វែងក្បាលដី និងប្រមូលបាននូវទិន្នន័យក្បាលដី ធ្វើការវិនិច្ឆ័យតាមនីតិវិធី។
លោក ប៉ុក បញ្ញាធិ បានបញ្ជាក់ទៀតថា ជាលទ្ធផលដូចក្រុមការងារសម្រេចបានដូចខាងក្រោម៖
*ទី១៖ ភូមិពោធិ៍រលំសរុបចំនួន២៩៩ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ២៥៨ក្បាលដី គិតជាគ្រួសារ២០៤គ្រួសារ
*ទី២៖ ភូមិខ្វិតចំនួនក្បាលដីសរុប១០៥១ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ៨៨៨ក្បាលដី គិតជាគ្រួសារ៧៣៥គ្រួសារ
*ទី៣៖ ភូមិក្រាំងតាផូ ចំនួនក្បាលដីសរុប២២៣ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ២០២ក្បាលដី គិតជាគ្រួសារ១៦១គ្រួសារ
*ទី៤៖ ភូមិកំរ៉ែងចំនួនក្បាលដីសរុបចំនួន៨២៩ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ៦៧៧ក្បាលដី គិតជាគ្រួសារ៥៥០គ្រួសារ
*ទី៥៖ ភូមិសំបួរចំនួនក្បាលដីសរុបចំនួន៣០៩ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ២៨៥ក្បាលដី គិតជាគ្រួសារ១៩២គ្រួសារ
*ទី៦៖ ភូមិសាក់សំពៅចំនួនក្បាលដីសរុបចំនួន៣៥២ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ២៨៨ក្បាលដី គិតជាគ្រួសារ១៩២គ្រួសារ
*ទី៧៖ ភូមិចំនួនក្បាលដីសរុបចំនួន៤១០ក្បាលដី ចំនួនក្បាលដីដែលត្រូវចេញបណ្ណ៣៧០ក្បាលដី គិតជាគ្រួសារ២២៥គ្រួសារ សរុបទាំង៧ភូមិ មានចំនួនក្បាលដីសរុបចំនួន៣៤៧៣ក្បាលដី។
នៅក្នុងឱកាសនោះលោក ប៊ិន សូឈី បានថ្លែងថា នៅក្នុងខណ្ឌដង្កោមាន១២សង្កាត់ និង៨១ភូមិ ហើយកន្លងមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ រួមជាមួយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌនាងផងនោះ បានចុះវាស់វែងនិងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទូទាំងរាជធានីភ្នំពេញមានជាង១០ខណ្ឌបានចំនួនជាង ៦ម៉ឺនក្បាលដី ហើយបានចែកជូនប្រជាពលរដ្ឋរួចរាល់បានចំនួនជាង ៤ម៉ឺនក្បាលដីរួចមកហើយ គឺនៅសល់តែខណ្ឌ៧មករាមួយប៉ុណ្ណោះ ដែលមិនទាន់បានវាស់វែងនិងចុះបញ្ជីនៅឡើយ។
អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ បានថ្លែងទៀតថា ដោយឡែកនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះមានចំនួន៧ភូមិ ហើយបានវាស់វែង និងចុះបញ្ជីរួចរាល់សរុបចំនួន៣៤៧៣ ក្បាលដី ហើយថ្ងៃនេះបានចែកជូនប្រជាពលរដ្ឋ២២៥៩គ្រួសារស្មើនឹង២៩៦៨ក្បាលដី។
លោកបានបញ្ជាក់អំពីផលប្រយោជន៍បណ្ណកម្មសិទ្ធិដូច្នេះថា បណ្ណកម្មសិទ្ធិនេះត្រូវបានការពារដោយច្បាប់ភូមិបាលនៅក្នុងឆ្នាំ២០០១ ដែលនៅក្នុងមាត្រាទី៥បានចែងថា គ្មានបុគ្គលណាហ៊ានដកហូតបណ្ណពីបងប្អូនទេ បើការដកហូតនោះមិនបម្រើដល់ផលប្រយោជន៍សាធារណៈ ហើយការដកហូតត្រូវបានធ្វើទៅតាមទម្រង់ និងនិតិវិធីច្បាប់ បន្ទាប់ពីបានផ្ដល់សំណងសមរម្យ និងយុត្តិធម៌៕


































