រកឃើញជនជាតិវៀតណាម និងថៃជាង១០០នាក់ នៅក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចចុះបំបែកសំបុក Online Scam
18-05-2026 14:28
(បន្ទាយមានជ័យ)៖ ក្រៅពីជនជាតិវៀតណាម, ជនជាតិថៃចំនួន៣៤នាក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តបន្ទាយមានជ័យ និងនគរបាលជាតិចុះឡោមព័ទ្ធ បំបែកសំបុក និងនាំខ្លួន។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនគរបាលខេត្តដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ និងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡេង ប៊ុនហួរ អនុប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក្រោមការដឹកនាំផ្ទាល់ពីក្រោមបញ្ជាលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះឡោមព័ទ្ធ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០២ទីតាំង។
សមត្ថកិច្ចបានប្រាប់ថា ជនបរទេសជាង១០០នាក់ ត្រូវបាននាំខ្លួន ក្នុងនោះមានជនជាតិវៀតណាម១០១នាក់ ក្នុងនោះស្រី៣៨នាក់ ដែលត្រូវសមត្ថកិច្ចចុះបង្រ្កាបនៅចំណុចទីតាំងទី១ អគារកម្ពស់០៤ជាន់ មាន៥២បន្ទប់ និងសាលចំនួន០២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងការចុះបង្រ្កាបនេះ សមត្ថកិច្ចរកពុំឃើញមានវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នោះទេ។ ដោយឡែកទីតាំងទី២ សមត្ថកិច្ចនាំជនជាតិថៃ ចំនួន៣៤នាក់ ក្នុងនោះមានស្រី១៧នាក់ ដែលសមត្ថកិច្ចចុះបង្រ្កាបនៅចំណុចអគារកម្ពស់០៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ក្រោយបទបញ្ជានាយករដ្ឋមន្រ្ដី កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងប្រតិបត្តិការចុះបង្រ្កាបបទល្មើស (Online Scam) ជាបន្តបន្ទាប់ដោយចូលរួមសហការជាមួយកម្លាំងចម្រុះ ពិសេសកម្លាំងនគរបាលជាតិ៕


















































