សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និងរដ្ឋមន្ដ្រី ចាយ បូរិន ស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងកម្ពុជា ពង្រឹងនិងបង្កើតឱ្យមានបណ្ណាល័យ សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវរៀនសូត្រ ទាំងគ្រហស្ថនិងបព្វជិត

18-05-2026 14:30

(តាកែវ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦​ បាននិមន្ត និងអញ្ជើញទៅ​ចូលរួមដាំដើមឈើ និង​ពិនិត្យមើលការដាំ​បន្លែបង្ការ ​នៅវត្ត​​សំរោងរ័ត្ន ដែលមានព្រះគ្រូសរណមុនីធម្ម ឃុន សំបុត្រ ជាព្រះចៅអធិការ ​ស្ថិតនៅ​ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដើម្បីចូលរួមចំណែកបង្កើនបរិស្ថានស្អាតក្នុងវត្ត និងទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការនិមន្ត និងអញ្ជើញចូលរួម​​ពីសំណាក់សម្តេច ព្រះមន្រ្តីសង្ឃ លោក លោកស្រី ជាថា្នក់ដឹកនាំ មន្ត្រីរាជការ លោកប្រធានមន្ទីរធម្មការ និងសាសនា ពុទ្ធបរិស័ទ សិស្សានុសិស្សព្រមទាំងអាជ្ញាធរ​មូលដ្ឋានផងដែរ។

ជាកិច្ចស្វាមគមន៍ ព្រះគ្រូសរណមុនីធម្ម ​ព្រះចៅអធិការវត្ត បានថ្លែងអំណរព្រះគុណនិងអរគុណដល់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត និងបណ្ឌិតរដ្ឋមន្ត្រី ព្រមទាំងលោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេល​និមន្ត និងអញ្ជើញចូលរួមដាំដើមឈើ និងពិនិត្យការដាំដំណាំ និងបន្លែបង្ការនៅក្នុងវត្ត។

ព្រះគ្រូសរណមុនីធម្ម មានព្រះសង្ឃដីការប្រគេន និងបញ្ជាក់ជូនអំពីស្ថានភាពទូទៅរបស់វត្តថា វត្ត​​​សំរោងរ័ត្ន បានកសាងឡើងនៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០០០ បើគិតមកដល់ពេលនេះ មានអាយុកាល២៦ឆ្នាំ​ ដោយមានការឧបត្ថម្ភពីសំណាក់សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ទើបធ្វើឱ្យសមិទ្ធផលនានានៅក្នុងវត្ត​មានការរីកចម្រើនជាលំដាប់ ទាំងអស់នេះ អាស្រ័យដោយមានសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសាររបស់សម្តេច ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ។​

បច្ចុប្បន្នវត្តមានព្រះសង្ឃសរុបចំនួន ១០ព្រះអង្គ តាជី យាយជីសរុបចំនួន៣០នាក់ និងក្មេងវត្តសរុបចំនួន៧នាក់។ ​ក្រៅពីសមិទ្ធផលដែលជាសំណង់ហើយនោះ ផ្ទៃដីវត្តមួយចំនួនបានប្រើប្រាស់ទៅលើការដាំដើមឈើនិង​បន្លែបង្ការ។

ព្រះគ្រូសរណមុនីធម្ម បានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតឱ្យព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តដាំដើមឈើ ​ដើម្បីចូលរួមចំណែកបង្កើនបរិស្ថានស្អាតក្នុងវត្តស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ «វត្តស្អាត វត្តស្វាង និងវត្តស្ងប់» និងដាំបន្លែ​បង្ការ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ​បានឆាន់និងទទួលទាន។ ម្យ៉ាងទៀតក៏ទទួលបាននូវបន្លែផ្លែឈើធម្មជាតិ ដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី ជាគុណប្រយោជន៍ចំពោះព្រះសុខភាពនិងសុខភាព ព្រមទាំងបំផុសឱ្យពុទ្ធបរិស័ទ ចេះស្រឡាញ់បរិស្ថាននិងដាំបន្លែបង្ការនៅក្នុងបរិវេណលំនៅដ្ឋានដែលមានដីទំនេរ ដើម្បីសម្រួលបន្ទុកចំណាយក្នុងជីវភាពរស់របស់ខ្លួនផងដែរ។

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត និងលោកបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះ​ព្រះចៅអធិការវត្ត​ ដែលបានយកព្រះទ័យទុកដាក់ចាត់ឱ្យអាចារ្យ គណៈកម្មការ ក្មេងវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទដាំដើមឈើ ​និងបន្លែបង្ការ​​។

សកម្មភាពទាំងនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយនិងការដឹកនាំរបស់រាជរដ្ឋាភិបាល និងបរិបទនៃពិភពលោកបច្ចុប្បន្ន​​ ហើយបានជំរុញលើកទឹកព្រះទ័យ ទឹកចិត្តឱ្យព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ខិតខំប្រឹងប្រែងបន្តនិរន្តភាពនៃការដាំដើមឈើ និងបន្លែបង្ការ​ឱ្យកាន់តែ​ផុសផុល ដើម្បីអភិវឌ្ឍវត្តឱ្យប្រែក្លាយទៅជារមណីយដ្ឋានបៃតង ជាវត្តគំរូសម្រាប់ឱ្យវត្តដទៃទៀត​បានយកតម្រាប់តាម និងដើម្បី​រក្សាបានសុខមាលភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ស្របតាមព្រះពុទ្ធដីការទ្រង់សម្តែងទុកថា «អរោគ្យា បរមា លាភា» ភាពមិនមានរោគ ជាលាភដ៏ប្រសើរ។

លើសពីនេះ សម្តេចព្រះសង្ឃនាយករងទី៣ និងលោកបណ្ឌិតរដ្ឋមន្ត្រី​ បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពង្រឹងនិងបង្កើតឱ្យមានបណ្ណាល័យ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរៀនសូត្រ ទាំងគ្រហស្ថនិងបព្វជិត ដើម្បីពង្រឹងការយល់ដឹង និងការប្រតិបត្តិបានត្រឹមត្រូវ ទៅតាមទ្រឹស្តីព្រះពុទ្ធសាសនា។
​​​
នាឱកាសនោះដែរ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត លោកបណ្ឌិតរដ្ឋមន្រ្តី និងអគ្គមហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ក៏បានប្រគេនទេយ្យវត្ថុបច្ច័យ គ្រឿងបរិក្ខាមួយចំនួន ​ដល់ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត លោកតា លោកយាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបានប្រគេនពរ ជូនពរសូមឱ្យបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕