Fresh Exclusive: មន្ត្រី «គ្រាប់ល្ពៅ» និង មន្ត្រី «ផ្លែទុរេន»៖ ពេលដែលការកុហកថ្នាក់លើ កំពុងបំផ្លាញទំនុកចិត្តរវាងរដ្ឋ និងប្រជាជន (Video inside)

18-05-2026 16:49

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានិច្ចជាកាល តែងមានប្រសាសន៍ដាស់តឿនថា «យើងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ»។ នៅពីក្រោយប្រសាសន៍ដ៏សាមញ្ញនេះ គឺជាការព្រមានធ្ងន់ធ្ងរ ចំពោះមន្ត្រីមួយចំនួន ដែលចូលចិត្តកុហកថ្នាក់លើ បិទបាំងការពិត និងយកអំណាច ទៅការពារផលប្រយោជន៍ខ្លួនឯង។

Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ស្តីពីគ្រោះថ្នាក់នៃវប្បធម៌បិទបាំងការពិត និងសារៈសំខាន់នៃមន្ត្រីស្មោះត្រង់ ក្នុងការរក្សាទំនុកចិត្តរបស់ប្រជាជន និងអនាគតរបស់ជាតិ៖

នៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលតែងនិយាយជាញឹកញាប់អំពីទំនាក់ទំនងរវាង «អំណាច» និង «ការបម្រើប្រជាជន»។ ប៉ុន្តែ ក្នុងចំណោមប្រសាសន៍ជាច្រើនរបស់សម្តេចតេជោ មានឃ្លាមួយ ដែលនៅតែបន្តបន្លឺសារៈសំខាន់ខ្លាំងសម្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ នោះគឺ៖ «យើងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ»៖ «អ្វីដែលខ្ញុំចង់ដាស់តឿនសម្រាប់មន្ត្រីរបស់យើងនោះ គឺត្រូវចាំឲ្យបាន រំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំ៖ យើងជាមន្ត្រី ដែលត្រូវតែធ្វើការបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សុំក្តាប់ចំណុចនេះឲ្យបាន។»

ប្រសាសន៍នេះ មិនមែនគ្រាន់តែជាពាក្យលើកទឹកចិត្តផ្នែកសីលធម៌នយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាស់តឿនដ៏ជ្រាលជ្រៅមួយ ចំពោះជំងឺរ៉ាំរ៉ៃនៅក្នុងប្រព័ន្ធរដ្ឋបាល ដែលកំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាជន នោះគឺ «មន្ត្រីកុហកថ្នាក់លើ និងបិទបាំងការពិត»។

នៅពេលដែលមន្ត្រីមួយចំនួន មិនចង់ឲ្យថ្នាក់ដឹកនាំដឹងការពិត ពួកគេចាប់ផ្តើមបង្កើតវប្បធម៌នៃការរាយការណ៍ក្លែងក្លាយ ការរៀបចំសេណារីយ៉ូបំភាន់ និងការយកអំណាចទៅគាបសង្កត់ពលរដ្ឋ។ នេះហើយជាអ្វីដែលសម្តេចតេជោ បានប្រើពាក្យប្រៀបធៀបថា «មន្ត្រីគ្រាប់ល្ពៅ» និង «មន្ត្រីផ្លែទុរេន»។

*«មន្ត្រីគ្រាប់ល្ពៅ»៖ អ្នកបិទបាំងការពិត
សម្តេចតេជោ បានពន្យល់ថា «មន្ត្រីគ្រាប់ល្ពៅ» គឺជារឿងនិទានប្រៀបធៀប សំដៅលើមន្ត្រីដែលចូលចិត្តកុហក លាក់បាំងការពិត ឬគ្មានសមត្ថភាព ប៉ុន្តែតែងរាយការណ៍ឲ្យថ្នាក់លើស្តាប់តែរឿងល្អៗ។

មន្ត្រីប្រភេទនេះ គ្រោះថ្នាក់មិនមែនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគ្រោះថ្នាក់ដល់ប្រព័ន្ធដឹកនាំទាំងមូល។ ព្រោះនៅពេលដែលថ្នាក់ដឹកនាំ មិនបានទទួលព័ត៌មានពិត ការសម្រេចចិត្តជាតិអាចត្រូវបានធ្វើឡើងលើមូលដ្ឋានខុសឆ្គង។

បញ្ហាដីធ្លីនៅតំបន់មួយចំនួន គឺជាឧទាហរណ៍ជាក់ស្តែង។ ប្រជាពលរដ្ឋ បានរស់នៅលើដីជាយូរឆ្នាំមកហើយ ដូចជានៅលើដីភូមិស្មាច់ដែង (ចំណុចអូរស្វាយ) សង្កាត់រាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវគេចោទថា រំលោភដីអ្នកមានអំណាចម្នាក់ ដែលជាឧកញ៉ាម្នាក់នោះទៅវិញ។ នៅពីក្រោយរឿងទាំងនេះ មិនមែនមានតែជម្លោះដីធ្លីទេ ប៉ុន្តែមានបណ្តាញមន្ត្រីខ្លះ ដែលព្យាយាម «យកដៃបិទមេឃ» ដោយបិទបាំងការពិត មិនឲ្យធ្លាយដឹងដល់ថ្នាក់ដឹកនាំកំពូលឡើយ។ មន្ត្រីបែបនេះ មិនបានការពារប្រជាជនទេ។ ពួកគេកំពុងការពារប្រព័ន្ធផលប្រយោជន៍របស់ខ្លួន។

*«មន្ត្រីផ្លែទុរេន»៖ ពេលការបោកប្រាស់ ក្លាយជាគ្រោះថ្នាក់សង្គម
បើ «មន្ត្រីគ្រាប់ល្ពៅ» ជាការប្រៀបធៀបតាមរឿងនិទាន នោះ «មន្ត្រីផ្លែទុរេន» គឺជាបាតុភាពពិតៗដែលកំពុងធ្វើឲ្យសង្គមបាត់ទំនុកចិត្ត។

ករណីផ្លែទុរេននៅផ្សារភូពុយ ខេត្តបាត់ដំបង ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង និងការដកតំណែងប្រធាន ក.ប.ប ខេត្ត គឺជាសញ្ញាថា ប្រជាពលរដ្ឋមិនអាចទទួលយកការបោកប្រាស់ និងការបំភ័ន្តការពិតបានទៀតឡើយ។

«មន្ត្រីផ្លែទុរេន» មិនត្រឹមតែបំភាន់ថ្នាក់លើទេ ប៉ុន្តែបំភាន់ប្រជាជនទាំងមូល។ ពួកគេអាចធ្វើរបាយការណ៍ស្អាតបាត ប៉ុន្តែការពិតនៅមូលដ្ឋានពោរពេញដោយការឈឺចាប់ និងអយុត្តិធម៌។

គ្រោះថ្នាក់ធំបំផុតរបស់មន្ត្រីប្រភេទនេះ គឺការបំផ្លាញ «ទំនុកចិត្តសាធារណៈ»។ ហើយនៅក្នុងសតវត្សរ៍ទី២១ ដែលជាសម័យព័ត៌មាន និងបណ្តាញសង្គម ការបិទបាំងការពិត មិនអាចលាក់បានយូរទៀតឡើយ។

*មន្ត្រីដែលប្រជាជនត្រូវការ គឺមន្ត្រីដែលហ៊ានប្រាប់ការពិត
សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាបន្តបន្ទាប់ថា កម្លាំងពិតរបស់គណបក្ស និងរដ្ឋ មិនមែនស្ថិតលើការឃោសនា ប៉ុន្តែស្ថិតលើ «មន្ត្រីស្អាតស្អំ និងស្មោះត្រង់»។

មន្ត្រីដែលល្អ មិនមែនជាមន្ត្រី ដែលចេះតែធ្វើឲ្យថ្នាក់លើសប្បាយចិត្តទេ ប៉ុន្តែជាមន្ត្រីដែលហ៊ានប្រាប់ការពិត ទោះការពិតនោះ ពិបាកស្តាប់យ៉ាងណាក៏ដោយ។ ព្រោះការពិត អាចជួយកែបញ្ហា។ ប៉ុន្តែការកុហកទេ ដែលគ្រាន់ជាការពន្យារពេលនៃវិបត្តិតែប៉ុណ្ណោះ។
ប្រទេសមួយអាចរីកចម្រើនបាន លុះត្រាតែមានប្រព័ន្ធមន្ត្រីដែលគោរពប្រជាជន។ បើមន្ត្រីមួយចំនួន ចាប់ផ្តើមគិតថាខ្លួនឯងជាចៅហ្វាយ មិនមែនជាអ្នកបម្រើទេ នោះអំណាចនឹងក្លាយជាឧបករណ៍គាបសង្កត់ មិនមែនជាឧបករណ៍បម្រើសង្គមឡើយ។

*សេចក្តីសន្និដ្ឋាន៖ កម្ពុជា មិនត្រូវរងគ្រោះដោយសារមន្ត្រីកុហកទៀតឡើយ
នៅពេលដែលកម្ពុជា កំពុងប្រឈមសម្ពាធភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាអធិបតេយ្យភាពជាតិ អ្វីដែលប្រទេសត្រូវការបំផុត គឺមន្ត្រីដែលស្មោះត្រង់ចំពោះប្រជាជន និងចំពោះការពិត។
ប្រទេសមួយ អាចរងគ្រោះពីសត្រូវខាងក្រៅ។ ប៉ុន្តែប្រទេសមួយ ក៏អាចដួលរលំដោយសារការពុករលួយ និងការកុហកពីខាងក្នុងផងដែរ។

ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ «យើងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ» គឺមិនមែនគ្រាន់តែជាពាក្យអប់រំទេ ប៉ុន្តែជាគោលការណ៍នយោបាយ និងសីលធម៌សម្រាប់មន្ត្រីគ្រប់រូប។

ព្រោះនៅទីបំផុត ប្រជាជនមិនវាស់តម្លៃមន្ត្រីតាមសម្បុរសុន្ទរកថាទេ ប៉ុន្តែវាស់តាមអំពើ ស្មោះត្រង់ គុណធម៌ និងការហ៊ានការពារការពិត។

សម្តេចតេជោ បានមានប្រសាសន៍ដាស់តឿនចុងក្រោយយ៉ាងនេះទៀតថា៖ «ជានិច្ចកាល ត្រូវរំលឹកខ្លួនឯងថា យើងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ ហើយត្រូវទុកការបំរើប្រជាពលរដ្ឋ គឺជាគោលដៅដែលយើងត្រូវធ្វើ។ ធ្វើមន្ត្រីបើមិនចាត់ទុកការបំរើពលរដ្ឋជាគោលដៅ គឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ ។ ហើយមិនមែនតែកម្ពុជាទេ នៅលើពិភពលោក គេដាក់ចេញនូវសកម្មភាព ដែលយកប្រជាជនធ្វើជាស្នូល។ ឯយើងគឺត្រូវយកប្រជាជនជាគោលដៅ ដែលត្រូវបំរើ ហើយបញ្ហារបស់ប្រជាជនមិនមែនជាបញ្ហាតូចតាចទេ»