រដ្ឋមន្ត្រីព័ត៌មាន៖ ពលរដ្ឋខ្មែរចាប់ផ្តើមយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន យើងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ផ្តល់នូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន
19-05-2026 09:50
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរ ចាប់ផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំនៅទូទាំងប្រទេស។ ដូច្នេះ យើងរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់នូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក លោកស្រីជាប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ ថ្នាក់ដឹកនាំស្ថានីយវិទ្យុ ទូរទស្សន៍ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម ជាច្រើនរូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២៥កន្លងទៅ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត ៤០០០ព័ត៌មាន ត្រូបានកត់សម្គាល់។ ចំពោះព័ត៌មានដែលត្រូវបានកត់សម្គាល់ គឺជាប្រភេទព័ត៌មានដែលប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់ស្ថិរភាព សន្តិភាព សន្តិសុខសង្គម ហើយព័ត៌មានដែលត្រូវបានជនទុច្ចរិតបង្កើតឡើងក្នុងចេតនាបង្កចលាចលនៅក្នុងសង្គម។ ខណៈចំនួនព័ត៌មានក្លែងក្លាយនេះមិនទាន់ធ្លាក់ចុះនោះទេ បើប្រៀបធៀបនឹងឆ្នាំ២០២៣ (មានចំនួន ៣ ២០០ និងឆ្នាំ២០២៤ មានចំនួន ៣ ៦០០ ព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា មានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណី បានចេញមកពីប្រភព ២សំខាន់ គឺទី១៖ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២៖ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ប្រជាពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃ ចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការមិនជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិការួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ជាពិសេសត្រូវបន្សុទ្ធព័ត៌មានពិត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមរបស់ខ្លួន ឱ្យបានច្រើន សំដៅលុបបំបាត់ចោលនូវព័ត៌មានមិនប្រាកដប្រជា, ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានចរាមអារ៉ាម ដែលត្រូវបន្តសកម្មភាពរួមគ្នាលុបបំបាត់នៅលើបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។
បើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំក្រសួងព័ត៌មាន បានថ្លែងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ ក្នុងគោលដៅលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា ដែលជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយនៅពេលនេះក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តក្នុង ជំហានទី២ជាបន្តទៀត។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ត្រូវបានប្រើប្រាស់នូវមធ្យោបាយក្នុងការផ្សព្វផ្សាយដោយផ្ទាល់ តាមរយៈការរៀបចំព្រឹត្តិការណ៍តាមទីប្រជុំជននានាជាង ៥០០លើក និងការផ្សាយតាមរយៈផ្ទាំងប៉ាណូនៅតាមបណ្តារាជធានី ខេត្ត ដោយយុទ្ធនាការបានចាក់បញ្ចូលនូវមាតិកាបែបអប់រំក្នុងគ្រប់ទម្រង់ចម្រុះទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថលជាង ៤៣ ០០០មាតិកា ក្នុងនោះគឺមានខ្លឹមសារក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រមាណ ៤០០០កម្រងមាតិកា ដោយការផ្សាយទាំងអស់នេះគឺទទួលបាននូវការតាមដាន និងចូលមើលក្នុងចំណោមពលរដ្ឋ រួមទាំងការចែករំលែកបន្តសរុបជាង ៨,៤លានដងនៅក្នុងយុទ្ធនាការទាំងមូល។ មិនតែប៉ុណ្ណោះសារអប់រំក៏ត្រូវបាន បញ្ជូនតាមរយៈប្រព័ន្ធសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ២៣លានអង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។



































