រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យរួមគ្នាបង្កើតមាតិកាព័ត៌មានល្អៗ ដើម្បីបញ្ជ្រាបដល់យុវ័យ, បើយើងនៅស្ងៀមស្ងាត់នោះវានឹងបំផ្លាញសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលព័ត៌មានមិនបានត្រឹមត្រូវ
19-05-2026 13:41
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គភាពព័ត៌មាន បង្កើនការផលិតមាតិកាព័ត៌មានល្អៗ ចំណេះដឹង ដើម្បីអប់រំអំពីវិធីសម្គាល់ព័ត៌មានក្លែងក្លាយ ធ្វើឱ្យសាធារណជន ជាពិសេសយុវជនឱ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ និងមានភាពរឹងមាំ។ សម្រាប់អ្នកបង្កើតមាតិកា (Content Creator) ត្រូវចូលរួមផ្សព្វផ្សាយនូវការពិត មិនបន្តចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់ការ ឬមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ។ ស្នើឱ្យអង្គភាពព័ត៌មាន និងអ្នកបង្កើតមាតិការួមគ្នាជាមួយក្រសួងព័ត៌មាន អប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់យុវជន ដើម្បីបម្រើឱ្យការសិក្សារបស់យុវជន។
ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក លោកស្រីជាប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ ថ្នាក់ដឹកនាំស្ថានីយវិទ្យុ ទូរទស្សន៍ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម ជាច្រើនរូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើយើងនៅស្ងៀមស្ងាត់ទាំងអស់ នោះភាពស្ងៀមស្ងាត់របស់យើងវានឹងបំផ្លាញសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធព័ត៌មានមិនបានត្រឹមត្រូវ ព្រមទាំងគ្មានមូលដ្ឋានច្បាស់លាស់។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងភាពតានតឹង ឬការផ្សព្វផ្សាយព័ត៌មាន កុំឱ្យមានការបញ្ឆេះកំហឹង ឬបង្កើតឱ្យមានការយល់ច្រឡំ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាន ត្រូវសរសេរព័ត៌មាន ដោយឈរលើប្រភពច្បាស់លាស់ សូមកុំសរសេរព័ត៌មាន ដោយគ្រាន់តែលឺគេនិយាយតៗគ្នាឱ្យសោះ។ ខណៈព័ត៌មានក្លែងក្លាយ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ ចំពោះគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ ធ្វើឡើងក្នុងហេតុផលនយោបាយ ដើម្បីបំផ្លាញទំនុកចិត្ត បំផ្លាញកេរ្តិ៍ឈ្មោះ បំផ្លាញកិត្តិយសបុគ្គលណាម្នាក់ ឬផលប្រយោជន៍លើផលិតផលពាណិជ្ជកម្មណាមួយជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមការកត់សម្គាល់ គឺប្រភេទព័ត៌មានក្លែងក្លាយចំនួន២ ដែលត្រូវបានបង្កើតឡើងជាញឹកញាប់ គឺហេតុផលនយោបាយ និងហេតុផលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល។ ត្រង់ចំណុចនេះ ប្រសិនបើយើងមិនបានទប់ស្កាត់ព័ត៌មានក្លែងក្លាយនោះទេ បើសិនជាយើងទុកលំហរនៃព័ត៌មានក្លែងក្លាយឱ្យកាន់តែធំ ច្បាស់ណាស់ហានិភ័យនឹងកាត់តែធំដូចគ្នា។ ដូច្នេះ ឱសថដែលសំខាន់បំផុតក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺដាក់ការពិតឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់នូវការរីកសាយភាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតនេះ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បើទោះបីជាយើងមិនអាចលុបបំបាត់បានទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយ ក៏ប៉ុន្តែ យើងត្រូវដោះស្រាយ បង្ការ និងទប់ស្កាត់ ព័ត៌មានក្លែងក្លាយនេះឱ្យទាន់ពេលវេលា។ ខណៈនៅក្នុងបរិបទឌីជីថលនេះ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ត្រូវបន្សាំខ្លួននៅក្នុងបញ្ហាដែលព័ត៌មានក្លែងក្លាយនៅពាសពេញលើបណ្តាញសង្គម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់អង្គភាពសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ត្រូវមានភាពចាំបាច់សង្កត់ធ្ងន់ទៅលើប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ត្រូវផ្ទៀសផ្ទាត់ព័ត៌មានមុននឹងចេញផ្សាយ។ ដូច្នេះ សុំស្នើសុំដល់អង្គភាពសារព័ត៌មានរដ្ឋ និងឯកជន មុននឹងចេញផ្សាយព័ត៌មាន ត្រូវផ្តោតលើប្រភពព័ត៌មានច្បាស់លាស់ បើទោះបីជាយើងច្បាស់ថាព័ត៌មាននេះត្រឹមត្រូវក៏ដោយ។ អង្គភាពសារព័ត៌មាន មិនត្រូវយកល្បឿនជំនួសឱ្យភាពត្រឹមត្រូវ ដើម្បីការប្រកួតប្រជែងនៃការចេញផ្សាយព័ត៌មាននោះទេ។ យើងត្រូវរួមគ្នាផ្តោតលើភាពត្រឹមត្រូវ ជាងល្បឿន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយនូវកំហុសឆ្គង ឬទប់ស្កាត់ភាពមិនត្រឹមត្រូវរបស់ព័ត៌មាន ដែលបានចេញផ្សាយ៕


























