រដ្ឋមន្ដ្រី ហួត ហាក់ ចាត់ទុកព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង» ជាព្រឹត្តការណ៍ថ្មី និងទាក់ទាញក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»

19-05-2026 15:07

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់បណ្តាប្រទេស ក្នុងអាងទន្លេមេគង្គ ពង្រឹងទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់មហាអនុតំបន់មេគង្គ។

ពិធីបើកព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រតិភូក្បួនរថយន្តជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង១៥០រូប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបទី៦៨ឆ្នាំ នៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ព្រមទាំងជាការជួយបន្ថែមសន្ទុះ ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ដែលត្រូវបានចាត់ជា «មាសបៃតង» ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រតិភូក្បួនរថយន្តទាំងអស់សូមជាជាទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយពីសភាពការណ៍នយោបាយ និងសង្គមពិតរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ច និងស្នាមញញឹមដ៏កក់ក្តៅ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ កាលានុវត្តភាពវិនិយោគដ៏ល្អ ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់របស់កម្ពុជា ដ៏សំបូរទៅកាន់ប្រជាជន និងភ្ញៀវទេសចរអន្តរជាតិតាមគោលដៅដែលធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង» មានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្បួនរថយន្តនឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបន្តដំណើរទៅកាន់ខេត្តយូណាន (Yunnan Province) នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៣០​ ​ខែឧសភា​ ឆ្នាំ២០២៦។ នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៦ ក្បួនរថយន្ត នឹងចេញដំណើរពីខេត្តយូណាន (Yunnan Province) នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕