* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: តើសង្គ្រាមអ៊ីរ៉ង់ កំពុងហែកទម្លាយសមត្ថភាពអាមេរិកប្រាប់ពិភពលោកឬ? (Video inside)

19-05-2026 15:50

(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ពិភពលោក មិនអាចមើលឃើញ “ដែនកំណត់” ពិតប្រាកដនៃអំណាចរបស់អាមេរិកបានឡើយ។ ប៉ុន្តែសង្គ្រាមអ៊ីរ៉ង់ ក្នុងរយៈពេលជិតបីខែកន្លងមកនេះ ហាក់ដូចជាកំពុងបង្ហាញថា សូម្បីតែមហាអំណាចយោធាដ៏ខ្លាំងបំផុតលើពិភពលោក ក៏មានដែនកំណត់នៃសមត្ថភាពក្នុងការគ្រប់គ្រងសង្គ្រាម និងផលវិបាករបស់វាផងដែរ។ Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ។

នៅពេលយន្តហោះ Air Force One របស់លោកប្រធានាធិបតី Donald Trump ចុះចតនៅរដ្ឋ ធានី វ៉ាស៊ីនតោន បន្ទាប់ពីបានវិលត្រឡប់មកពីទីក្រុងប៉េកាំងវិញ សង្គ្រាមអ៊ីរ៉ង់ ហាក់មិនដូចមុនទៀតឡើយ។ បើទោះបីជាគេនៅឃើញថា សេតវិមាន នៅតែគំរាមវាយប្រហារ, មន្ទីបញ្ចកោណ នៅតែត្រៀមផែនការវាយប្រហារ។ ប៉ុន្តែលោក ដូណាល់ ត្រាំ ខ្លួនឯង បែរជាពន្យារការវាយប្រហារ ហើយនិយាយអំពី “ការចរចាដ៏ម៉ឺងម៉ាត់” ជាមួយអ៊ីរ៉ង់។ អ្វីដែលកំពុងកើតឡើងនេះ មិនមែនគ្រាន់តែជាការប្រែប្រួលយុទ្ធសាស្ត្រយោធាធម្មតាទេ ប៉ុន្តែអាចជាសញ្ញាមួយបង្ហាញថា ពិភពលោកកំពុងឈានចូលដំណាក់កាលថ្មី ដែលសូម្បីតែមហាអំណាចដូចអាមេរិក ក៏មិនអាចប្រើអំណាចយោធា ដើម្បីគ្រប់គ្រងវិបត្តិពិភពលោក ដូចអតីតកាលបានងាយស្រួលទៀតដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺរដ្ឋបាលរបស់លោក Donald Trump មិនបានធ្វើការសម្រេចចិត្តធំៗ ដូចជាការបើកការវាយប្រហារលើ Iran ភ្លាមៗនោះទេ បន្ទាប់ពីជំនួបជាមួយមេដឹកនាំ ចិន រួចមក។ នេះគឺជាសញ្ញាដ៏សំខាន់មួយបង្ហាញថា សង្គ្រាមអ៊ីរ៉ង់ លែងជាសង្គ្រាមដែលអាមេរិក អាចគ្រប់គ្រងតែម្នាក់ឯង ដូចសម័យសង្គ្រាមអ៊ីរ៉ាក់ឆ្នាំ២០០៣ទៀតហើយ។ នៅក្នុងពិភពលោកពហុប៉ូលថ្មី មុនពេលមហាអំណាចណាមួយសម្រេចធ្វើសង្គ្រាម វាមិនអាចមើលរំលងប្រតិកម្ម និងផលប្រយោជន៍របស់មហាអំណាចផ្សេងទៀតបានឡើយ ជាពិសេសប្រទេសចិន ដែលមិនត្រឹមតែជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។

*យុទ្ធសាស្ត្រមិនច្បាស់លាស់៖ Trump ប្រើការគំរាមវាយប្រហារ ដើម្បីបង្កើនតម្លៃនៃការចរចា
លោក Donald Trump កំពុងប្រើយុទ្ធសាស្ត្រដ៏ស្មុគស្មាញមួយ៖ គំរាមវាយប្រហារផង ពន្យារវាយប្រហារផង ត្រៀមវាយប្រហារផង និងបើកផ្លូវចរចាផង ក្នុងពេលតែមួយ។ CNN បានរាយការណ៍នៅថ្ងៃទី១៩ឧសភា ដកស្រង់សម្តីរបស់លោក Trump ដែលបាននិយាយថា លោកនឹង “ពន្យារ” ផែនការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីមានសំណើពីប្រទេសកាតារ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់អេមីរ៉ាត់ ខណៈពេលតែមួយដែលលោកក៏បានបញ្ជាឱ្យយោធាអាមេរិក ត្រៀមខ្លួនសម្រាប់ “ការវាយប្រហារទ្រង់ទ្រាយធំ” លើអ៊ីរ៉ង់ “គ្រប់ពេល” ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបាន។

នេះគឺជាយុទ្ធសាស្ត្រមួយដែលអាចហៅថាយុទ្ធសាស្ត្រមិនច្បាស់លាស់ “Strategic Limbo” ឬ “Controlled Uncertainty”។ គោលបំណងរបស់វា គឺធ្វើឱ្យទីក្រុងតេហេរ៉ង់មានអារម្មណ៍ថា សង្គ្រាមអាចផ្ទុះឡើងគ្រប់ពេល ប៉ុន្តែទ្វារចរចានៅតែបើកចំហរ។ ក្នុងបរិបទនេះដែរ Trump កំពុងប្រើសង្គ្រាមជាសម្ពាធផ្លូវចិត្ត ដើម្បីបង្កើនតម្លៃនៃការចរចា។

ក្រុមអ្នកវិភាគបានថ្លែងថា ការលេងល្បែងបែបនេះ មានហានិភ័យខ្ពស់ណាស់។ ព្រោះនៅពេលដែលការគំរាមវាយប្រហារត្រូវបានប្រើជាឧបករណ៍ចរចា កំហុសតូចមួយក្នុងការគណនា អាចផ្ទុះជាសង្គ្រាមពិតប្រាកដបាន។ ហានិភ័យនេះកាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលសម្ពាធនយោបាយ និងសេដ្ឋកិច្ចក្នុងស្រុកអាមេរិក កំពុងកើនឡើង ហើយការអត់ធ្មត់របស់សាធារណជនអាមេរិក ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្លាក់ចុះថែមទៀតនេះ។

*សម្ពាធក្នុងស្រុក៖ សង្គ្រាមអ៊ីរ៉ង់កំពុងប៉ះពាល់សេដ្ឋកិច្ច និងធ្វើឱ្យមូលដ្ឋាននយោបាយរបស់ លោក Trump រង្គោះរង្គើ
ការស្ទង់មតិថ្មីៗបានបង្ហាញថា លោក Donald Trump កំពុងប្រឈមនឹងសញ្ញាគ្រោះថ្នាក់មួយនៅក្នុងនយោបាយក្នុងស្រុកអាមេរិក។ ក្រុមអ្នកបោះឆ្នោតស្បែកស ដែលមិនមានសញ្ញាបត្រមហាវិទ្យាល័យ ដែលធ្លាប់ជាមូលដ្ឋាននយោបាយដ៏រឹងមាំបំផុតរបស់លោក កំពុងបង្ហាញការមិនពេញចិត្តកាន់តែខ្លាំង ចំពោះការដឹកនាំរបស់លោក Trump។ យោងតាម CNN ការគាំទ្ររបស់លោក Trump ក្នុងក្រុមនេះ បានធ្លាក់ពី ៦៣% កាលពីខែកុម្ភៈ ឆ្នាំ២០២៥ មកនៅត្រឹម ៤៩% ខណៈការស្ទង់មតិជាច្រើនបង្ហាញថា មនុស្សភាគច្រើនក្នុងក្រុមនេះ ឥឡូវនេះមិនពេញចិត្តចំពោះលោក Trump ទេ។

កត្តាសំខាន់មិនមែនត្រឹមតែសង្គ្រាមអ៊ីរ៉ង់ដោយផ្ទាល់ទេ ប៉ុន្តែជាផលប៉ះពាល់សេដ្ឋកិច្ចដែលសង្គ្រាមនោះបានបង្កឡើង។ CNN បង្ហាញថា ៦៧% នៃអ្នកបោះឆ្នោតស្បែកស ដែលមិនមានសញ្ញាបត្រមហាវិទ្យាល័យ និយាយថា សង្គ្រាមអ៊ីរ៉ង់បានប៉ះពាល់អវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ខណៈ ៥៦% និយាយថា គោលនយោបាយរបស់ Trump បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចជាតិ កាន់តែអាក្រក់ឡើង។
នេះបង្ហាញថា សង្គ្រាមក្រៅប្រទេស កំពុងវាយត្រឡប់មកលើនយោបាយក្នុងស្រុកអាមេរិក។ តម្លៃប្រេងឡើងថ្លៃ ការបិទច្រកសមុទ្រ Hormuz និងការភ័យខ្លាចថា អាមេរិកអាចជាប់ក្នុងសង្គ្រាមយូរមួយទៀតនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសង្គ្រាមអ៊ីរ៉ង់ មិនត្រឹមតែជាបញ្ហាយុទ្ធសាស្ត្រក្រៅប្រទេសប៉ុណ្ណោះទេ, វាកំពុងក្លាយជាបញ្ហាជីវភាព សេដ្ឋកិច្ច និងការបោះឆ្នោតសម្រាប់លោក Trump និងគណបក្សសាធារណរដ្ឋ។

និយាយឱ្យខ្លី ទោះបីលោក Trump អាចមានសមត្ថភាពបញ្ជាយោធាឱ្យវាយប្រហារអ៊ីរ៉ង់បាន ក៏ពិតមែន ប៉ុន្តែគាត់មិនអាចបញ្ជាតម្លៃប្រេង មតិសាធារណៈ និងអារម្មណ៍របស់អ្នកបោះឆ្នោតឱ្យនៅស្ងៀមបានឡើយ។ នេះហើយជាអ្វីដែលធ្វើឱ្យសង្គ្រាមអ៊ីរ៉ង់ក្លាយជាអន្ទាក់នយោបាយដ៏ធ្ងន់សម្រាប់រដ្ឋបាលលោក Donald Trump។

សម្ព័ន្ធមិត្តប្រទេសឈូងសមុទ្រ៖ ហេតុអ្វីប្រទេសជិតស្និទ្ធបំផុតរបស់អាមេរិក ក៏ខ្លាចការពង្រីកសង្គ្រាមជាមួយអ៊ីរ៉ង់ដែរ?
ជាមួយគ្នានេះ សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនៅតំបន់ឈូងសមុទ្រ ដូចជាអារ៉ាប់សាអ៊ូឌីត, កាតារ និងប្រទេសអារ៉ាប់អេមីរ៉ាត់ ក៏កំពុងស្នើឱ្យលោក Donald Trump ពន្យារការវាយប្រហារលើ Iran ផងដែរ។ យោងតាម CNN, លោក Trump ផ្ទាល់ បានបញ្ជាក់ថា មេដឹកនាំប្រទេសទាំងនេះ បានស្នើឱ្យអាមេរិក “ពន្យារពេលពីរឬបីថ្ងៃ” ព្រោះពួកគេជឿថា ការចរចាជាមួយអ៊ីរ៉ង់ អាចនៅមានឱកាសសម្រេចកិច្ចព្រមព្រៀង។

ការព្រួយបារម្ភរបស់ប្រទេសឈូងសមុទ្រ មិនមែនគ្មានមូលហេតុទេ។ ពួកគេដឹងច្បាស់ថា ប្រសិនបើសង្គ្រាមពង្រីក ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក អាចត្រូវបិទ ឬក្លាយជាសមរភូមិយោធា។ ក្នុងស្ថានការណ៍បែបនេះ ទីក្រុងសំខាន់ៗ មូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ប្រទេសក្នុងឈូង សមុទ្ទ អាចក្លាយជាគោលដៅវាយប្រហារតបតពីអ៊ីរ៉ង់ ឬក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាមិនខាន។

សម្រាប់ប្រទេសទាំងនេះ សង្គ្រាមជាមួយអ៊ីរ៉ង់ មិនមែនជាសំណួរអំពី “ជ័យជម្នះយោធា” ប៉ុន្តែជាសំណួរអំពី “តម្លៃនៃការរស់រានមានស្ថិរភាព”។ ពួកគេដឹងថា ទោះបីអាមេរិកអាចមានឧត្តមភាពយោធាក៏ដោយ ប៉ុន្តែការបំផ្លាញទីផ្សារប្រេង អស្ថិរភាពហិរញ្ញវត្ថុ និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល អាចបង្កការខូចខាតដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោកទាំងមូល។

នេះជាសញ្ញាដ៏សំខាន់មួយថា សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វ៉ាស៊ីនតោន ក៏ចាប់ផ្តើមមើលឃើញថា “តម្លៃនៃការពង្រីកសង្គ្រាម” អាចធ្ងន់ជាងផលប្រយោជន៍នយោបាយ និងយោធា។ វាក៏បង្ហាញផងដែរថា នៅក្នុងពិភពលោកពហុប៉ូលថ្មី មហាអំណាចមិនអាចសម្រេចធ្វើសង្គ្រាម ដោយមិនគិតពីការភ័យខ្លាច និងផលប្រយោជន៍របស់សម្ព័ន្ធមិត្តខ្លួនឯងបានទៀតឡើយ។

*សេចក្តីសន្និដ្ឋាន៖ ពិភពលោកថ្មី ដែលសង្គ្រាមមិនអាចគ្រប់គ្រងដោយអាមេរិកតែម្នាក់ឯង ទៀតបានឡើយ
អ្វីដែលកំពុងកើតឡើងនៅពេលនេះ មិនមែនគ្រាន់តែជាការប្រឈមមុខរវាងសហរដ្ឋអាមេរិក និង Iran ប៉ុណ្ណោះទេ។ វាគឺជាការសាកល្បងដ៏ធំមួយចំពោះសមត្ថភាពរបស់អាមេរិក ក្នុងការប្រើអំណាចយោធា ដើម្បីគ្រប់គ្រងវិបត្តិពិភពលោក នៅក្នុងយុគសម័យពហុប៉ូលថ្មី។
នៅក្នុងសម័យនេះ អាមេរិក មិនអាចធ្វើសង្គ្រាម ដោយមិនគិតពីប្រតិកម្មរបស់ប្រទេសចិន, ការប្រែប្រួលទីផ្សារប្រេង, សម្ពាធពីសម្ព័ន្ធមិត្ត, សភាអាមេរិក និងមតិសាធារណៈក្នុងស្រុកបានទៀតឡើយ។ អំណាចយោធា អាចនៅតែមានសមត្ថភាពបំផ្លាញ ប៉ុន្តែមិនប្រាកដថា អាចគ្រប់គ្រងផលវិបាកនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបានដូចអតីតកាលទៀតនោះទេ។

សង្គ្រាមអ៊ីរ៉ង់ ដូច្នេះ មិនមែនគ្រាន់តែជាសង្គ្រាមនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញថា ពិភពលោកកំពុងផ្លាស់ប្តូរ ពីរបៀបពិភពលោកដែលមហាអំណាចតែមួយ អាចកំណត់ទិសដៅសង្គ្រាមដោយខ្លួនឯង ទៅកាន់ពិភពលោកមួយ ដែលអំណាចត្រូវបានចែករំលែក ហើយសង្គ្រាមមួយ អាចប៉ះពាល់ដល់សេដ្ឋកិច្ច ថាមពល និងនយោបាយពិភពលោកទាំងមូល។

បើនិយាយម្យ៉ាងទៀត អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ពិភពលោកស្ទើរតែមិនអាចមើលឃើញ “ដែនកំណត់” ពិតប្រាកដនៃអំណាចអាមេរិកបានឡើយ។ ប៉ុន្តែសង្គ្រាមអ៊ីរ៉ង់ ក្នុងរយៈពេលជិតបីខែកន្លងមកនេះ ហាក់ដូចជាកំពុងបង្ហាញថា សូម្បីតែមហាអំណាចយោធាដ៏ខ្លាំងបំផុតលើពិភពលោក ក៏មានដែនកំណត់នៃសមត្ថភាព ក្នុងការគ្រប់គ្រងសង្គ្រាម និងផលវិបាករបស់វាផងដែរ។

ដូច្នេះ សំណួរធំបំផុតនៅពេលនេះ មិនមែនថា «តើអាមេរិកអាចវាយឈ្នះអ៊ីរ៉ង់បានដែរឬយ៉ាងណានោះទេ?» ប៉ុន្តែគឺថា៖ «តើអាមេរិក អាចគ្រប់គ្រងសង្គ្រាម និងផលវិបាករបស់ខ្លួនបានដែរឬទេ ក្នុងពិភពលោកនៃពហុប៉ូលថ្មី?»