អាមេរិកដាក់ទណ្ឌកម្មថ្មីលើស្ថាប័នប្តូរប្រាក់ និងនាវាដឹកប្រេងលួចលាក់របស់អ៊ីរ៉ង់ ដើម្បីបន្តដាក់សម្ពាធ (Video inside)
19-05-2026 22:42
(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្តូរប្រាក់រូបិយប័ណ្ណបរទេសរបស់អ៊ីរ៉ង់ និងក្រុមហ៊ុនជាច្រើនទៀតដែលអាមេរិកចោទប្រកាន់ថា ជាអ្នកគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុជំនួសឱ្យធនាគារអ៊ីរ៉ង់ ក្នុងគោលបំណងបន្តដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ក្រុមហ៊ុនប្តូរប្រាក់ទាំងនេះបានជួយសម្រួលដល់ប្រតិបត្តិការរូបិយប័ណ្ណបរទេសរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអ៊ីរ៉ង់អាចគេចវេះពីទណ្ឌកម្ម និងចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបាន។ ទន្ទឹមនឹងនេះ អាមេរិកក៏ដាក់ទណ្ឌកម្មលើនាវាចំនួន ១៩គ្រឿង ដែលជាប់ពាក់ព័ន្ធនឹងការលួចដឹកជញ្ជូនប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ទៅកាន់អតិថិជនបរទេសផងដែរ។
លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារបានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធធនាគារស្រមោលរបស់អ៊ីរ៉ង់ គឺជាឧបករណ៍សម្រួលដល់ការផ្ទេរថវិកាខុសច្បាប់សម្រាប់គោលបំណងភេរវកម្ម។ ស្របពេលដែលក្រសួងរតនាគារកំពុងកម្ទេចប្រព័ន្ធនេះជាលក្ខណៈប្រព័ន្ធ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលរបស់របបនេះ»។
គួរបញ្ជាក់ថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ សំណើនេះទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ ការដកកងទ័ពអាមេរិកចេញពីតំបន់ក្បែរប្រទេសអ៊ីរ៉ង់ និងទាមទារសំណងសម្រាប់ការខូចខាតបង្កឡើងដោយសង្គ្រាម៕





