លោក ញឹក ប៊ុនឆៃ អះអាងថា កងទ័ពកម្ពុជាពិតជាខ្លាំងក្លា ព្រោះអាចទប់ទល់ជាមួយភាគីថៃក្នុងសង្រ្គាម២លើកជាមួយគ្នាបានយ៉ាងល្អ

20-05-2026 15:04

(ភ្នំពេញ)៖ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានរំលឹកថា ក្នុងសង្គ្រាម ២លើកកន្លងទៅនេះ កងទ័ពកម្ពុជាពិតជាខ្លាំងក្លា ព្រោះអាចទប់ទល់ជាមួយភាគីថៃក្នុងសង្រ្គាម២លើកជាមួយគ្នាបានយ៉ាងល្អ។

លោក ញឹក ប៊ុនឆៃ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ថៃបានផ្ទុះសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ចំនួនពីរលើក ដែលលើកទីមួយ បានកើតឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ រីឯលើកទីពីរ ចាប់ពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥។ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពកម្ពុជា គឺជាកងទ័ពមួយ កើតចេញពីភាគីទាំងបី ខណៈភាគីទីមួយ គឺគណបក្សប្រជាជនកម្ពុជា ដែលមានចំនួនច្រើនលើសលប់ បន្ទាប់មកមានភាគីពីគណបក្ស ហ្វ៊ុនស៉ិនប៉ិច ដែលជាកងទ័ពសីហនុនិយម និងភាគីទីបី គឺកងទ័ពលោក សឺន សាន ក្រោយមកមានកងទ័ពខ្មែរក្រហមចូលរួម។ អីចឹង កម្ពុជាមានកងទ័ពចាស់ដែលមានបទពិសោធន៍គ្រប់គ្រាន់។

លោកបានបន្តថា ទោះបីថៃមានយុទ្ធោបករណ៍ និងមានទាហានច្រើន បើប្រៀបធៀបទៅខុសគ្នាឆ្ងាយណាស់ពីកម្ពុជា។ បើនិយាយទៅ ថៃគួរតែគេអាចវាយរបើកព្រំដែន និងធ្លាយចូលដល់ក្រុង ប៉ុន្តែថៃមិនអាចធ្វើអីកម្ពុជាយើងបានទេ៕