លោកស្រី លីម ដារ៉ែន ជួនណារិន្ទ បន្ដឧបត្ថម្ភម៉ូតូចំនួន១០គ្រឿង ដល់វីរៈកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃដឹកជញ្ជូនស្បៀងអាហារ (Video inside)
20-05-2026 15:06
(ព្រះវិហារ)៖ លោកស្រី លីម ដារ៉ែន ជួនណារិន្ទ ភរិយារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដឧបត្ថម្ភម៉ូតូចំនួន១០គ្រឿងបន្ថែមទៀត ដល់វីរៈកងទ័ពជួរមុខចំណុះកងពលតូចអន្ដរាគមន៍លេខ៧ លេខ៨ និងលេខ៩ ទិសប្រាសាទព្រះវិហារ។
ម៉ូតូដែលជាអំណោយរបស់លោកស្រី លីម ដារ៉ែន ត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃវីរៈកងទ័ព នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ពិសេសក្នុងការដឹកជញ្ជូនស្បៀង អាហារជាដើម។ លោក ង៉ាង សេងឡុង ភ្នាក់ងារព័ត៌មានរបស់ Fresh News ប្រចាំខេត្តព្រះវិហារ ជាតំណាងបានប្រគល់ម៉ូតូទាំងនេះជូនវីរៈកងទ័ពយើងរួចហើយ។
លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកស្រី លីម ដារ៉ែន ជួនណារិន្ទ ដែលតែងផ្ដល់នូវការឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ និងបំពេញនូវអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់កងទ័ពជួរមុខ។
លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៣៧៤ ចំណុះកងពលតូចអន្ដរាគមន៍លេខ៧ បានថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភជាបន្តបន្ទាប់របស់លោកស្រី លីម ដារ៉ែន ភរិយារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហើយម៉ូតូទាំងនេះពិតជាផ្តល់សារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់កងកម្លាំងនៅជួរមុខ ដើម្បីដឹកស្បៀងកាន់តែងាយស្រួល ហើយសម្រាប់វរៈ៣៧៤របស់លោក កន្លងមកបានទទួលអំណោយ ស្បៀង និងសម្ភារមួយចំនួនពីលោកស្រីផងដែរ។
សូមជម្រាបថា កន្លងទៅលោកស្រី លីម ដារ៉េន ជួនណារិន្ទ តែងឧបត្ថម្ភនូវអំណោយ គ្រឿងបរិភោគ និងថវិកាជាបន្ដបន្ទាប់ជូនដល់វីរៈកងទ័ពជួរមុខ ដែលក្នុងនោះរួមមាន សាច់ជ្រូក, សាច់ក្រក, ងៀតសាច់មាន់, សាច់ផាត់, អាវរងា, ម៉ូតូ, Powerbank ព្រមទាំងស្បៀងអាហារជាច្រើនទៀតផងដែរ៕





















