រដ្ឋមន្ត្រីព័ត៌មាន៖ ពាក្យសម្តី អាកប្បកិរិយា របស់អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី អ្នកផលិតមាតិកា អាចក្លាយជាគំរូល្អ ឬអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សីលធម៌ និងតម្លៃសង្គម ដូចនេះត្រូវមានស្មារតីជាអ្នកទទួលខុសត្រូវ ចំពោះសង្គម

20-05-2026 15:58

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម នាពេលបច្ចុប្បន្ន ពិធីករ ពិធីការិនី អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល មានតួនាទី និងឥទ្ធិពលយ៉ាងសំខាន់ លើការយល់ឃើញ អាកប្បកិរិយា រសនិយម និងការសម្រេចចិត្តរបស់សាធារណជន ជាពិសេសយុវជន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ពាក្យសម្តី អាកប្បកិរិយា សម្លៀកបំពាក់ ការបង្ហាញរូបភាព ការប្រើភាសា ការលេងសើច និងវិធីសាស្ត្រផ្សព្វផ្សាយរបស់បងប្អូន អាចក្លាយជាគំរូល្អ ឬអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សីលធម៌ និងតម្លៃសង្គមផងដែរ។ ដូច្នេះអ្នកដែលមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែត្រូវស្វែងរកភាពល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានស្មារតីជាអ្នកទទួលខុសត្រូវចំពោះសង្គម។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «រួមគ្នាលើកកម្ពស់សីលធម៌តាមរយៈការផ្សព្វផ្សាយ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ សិក្ខាសាលានេះសហការរៀបចំដោយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែររបស់យើង ជាពិសេសដើម្បីលើកតម្កើងកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់ស្ត្រីខ្មែរ ក្នុងយុគសម័យឌីជីថល ដែលបច្ចេកវិទ្យា វិស័យព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលកាន់តែខ្លាំងលើជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចំពោះពិធីករ និងពិធីការិនី លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ សុជីវធម៌ ការប្រើប្រាស់ភាសាសមរម្យ និងអាកប្បកិរិយាដែលសមសួនក្នុងការបង្ហាញខ្លួនជាសាធារណៈ។ ពិធីករ និងពិធីការិនី មិនត្រឹមតែជាអ្នកដឹកនាំកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកនាំសារ អ្នកបង្ហាញគំរូ និងជាផ្នែកមួយក្នុងការបង្កើតបរិយាកាសផ្សព្វផ្សាយដែលមានសុជីវធម៌ វិជ្ជាជីវៈ និងការគោរពតម្លៃមនុស្ស។

ចំពោះអ្នកផលិតមាតិកា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអំពាវនាវឱ្យបន្តច្នៃប្រឌិតមាតិកាដែលមានគុណភាព មានអត្ថប្រយោជន៍ មានការទទួលខុសត្រូវ និងមិនបំពានលើវប្បធម៌ ប្រពៃណី សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។ ការច្នៃប្រឌិតមិនមែនមានន័យថា អាចធ្វើអ្វីក៏បានដើម្បីទាក់ទាញការចាប់អារម្មណ៍នោះទេ។ ការច្នៃប្រឌិតពិតប្រាកដ គឺការបង្កើតមាតិកាដែលទាំងមានភាពទាក់ទាញ ទាំងមានគុណតម្លៃ ទាំងគោរពសីលធម៌ និងទាំងរួមចំណែកលើកកម្ពស់សង្គម។

ចំពោះអ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល និងម្ចាស់អាជីវកម្មទាំងអស់ លោករដ្ឋមន្ត្រី សូមបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្ម គួរត្រូវបានធ្វើឡើងដោយមានភាពស្មោះត្រង់ ត្រឹមត្រូវ មិនបំភាន់អតិថិជន មិនប្រើពាក្យសម្តី ឬរូបភាពអសីលធម៌ និងមិនប្រើប្រាស់ស្ត្រី ឬរាងកាយស្ត្រីជាឧបករណ៍ទាក់ទាញការលក់ដោយមិនសមរម្យ។ ផលចំណេញផ្នែកពាណិជ្ជកម្ម មិនគួរត្រូវបានដាក់ខ្ពស់ជាងសីលធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមឡើយ។

ជាមួយគ្នានេះ អង្គភាពសារព័ត៌មាន ស្ថានីយទូរទស្សន៍ វិទ្យុ វេទិកាអនឡាញ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផល គួរមានយន្តការត្រួតពិនិត្យផ្ទៃក្នុងឱ្យបានច្បាស់លាស់ មុនពេលអនុញ្ញាតឱ្យមាតិកា ឬពាណិជ្ជកម្មណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ការត្រួតពិនិត្យជាមុននេះ គឺជាការការពារកិត្តិយសរបស់ស្ថាប័ន ការពារអតិថិជន ការពារសង្គម និងរួមចំណែករក្សាបាននូវសណ្តាប់ធ្នាប់ សីលធម៌ និងតម្លៃវប្បធម៌ជាតិ។

ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ក្រសួងមិនប្រឆាំងនឹងការច្នៃប្រឌិត ការកម្សាន្ត ឬការផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែ យើងចង់ឃើញការច្នៃប្រឌិតដែលមានគុណតម្លៃ ការកម្សាន្តដែលមានសុជីវធម៌ និងការផ្សាយពាណិជ្ជកម្មដែលមានសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម។ ដូច្នេះ សូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ប្រកាន់យកគោលការណ៍មួយថា៖ «ផ្សព្វផ្សាយដោយមានសីលធម៌ លក់ដោយមានសុចរិតភាព និងច្នៃប្រឌិតដោយមានការទទួលខុសត្រូវ»។

ក្នុងនាមជាអ្នកផលិត និងអ្នកផ្សព្វផ្សាយព័ត៌មាន អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម យើងគួរចងចាំនូវគោលការណ៍ខ្លីមួយ គឺ «៣ កុំ និង ៣ ត្រូវ» រួមមាន៖

* ៣ កុំ៖ ទី១. កុំផលិត ផ្សព្វផ្សាយ ឬចែករំលែកមាតិកាបំពានសីលធម៌ វប្បធម៌ និងប្រពៃណីជាតិ។, ទី២. កុំប្រើប្រាស់រូបភាព សម្តី កាយវិការ ឬសម្លៀកបំពាក់ដែលបន្ទាបតម្លៃស្ត្រី ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបង្កើនការលក់ និងទី៣. កុំផ្សព្វផ្សាយព័ត៌មាន ឬពាណិជ្ជកម្មដែលមិនពិត មិនបានផ្ទៀងផ្ទាត់ បំភាន់សាធារណជន ឬអាចបង្កការយល់ច្រឡំដល់អ្នកប្រើប្រាស់។

* ៣ ត្រូវ៖ ទី១. ត្រូវគោរពការពិត ភាពត្រឹមត្រូវ សុចរិតភាព និងក្រមសីលធម៌វិជ្ជាជីវៈ, ទី២.ត្រូវគោរពកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់មនុស្ស ជាពិសេសស្ត្រី និងយុវជន និងទី៣. ត្រូវទទួលខុសត្រូវចំពោះឥទ្ធិពលនៃមាតិកា ពាក្យសម្តី ការបង្ហាញខ្លួន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំពោះសង្គម។

គោលការណ៍ ៣ កុំ និង ៣ ត្រូវនេះសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ ប្រសិនបើយើងអនុវត្តបាន នោះការផ្សព្វផ្សាយរបស់យើងនឹងមិនត្រឹមតែមានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណតម្លៃ មានសុចរិតភាព និងមានការគោរពពីសាធារណជនផងដែរ៕