ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជា! ក្រុមហ៊ុន Sky Angkor Airlines បញ្ជាក់ថា នឹងភ្ជាប់ជើងហោះហើរត្រង់សេអ៊ូល-សៀមរាប នៅរដូវរងាខាងមុខ

20-05-2026 16:00

(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារ នៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅ នៃការធ្វើដំណើរតាមអាកាសចរណ៍​ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េ ទៅទស្សនាប្រទេសកម្ពុជា។

ក្នុងឱកាសនេះ លោកឯកអគ្គរាជទូត បានជម្រាបលោក Kim អំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំៗរបស់ស្ថានទូតក្នុងពេលខាងមុខ និងបានស្នើក្រុមហ៊ុនចូលរួមហ​សហការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ លោកបានជម្រាបលោក Kim ថាមានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាព បើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ​ ដែលមានបំណងធ្វើដំណើរកម្សាន្ដដោយផ្ទាល់ទៅកាន់ខេត្តសៀមរាប។

ជាការឆ្លើយតប​ លោក Kim បានលើកឡើងថា ក្រុមហ៊ុន​ Sky Angkor Airlines ក៏មានគម្រោងរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាប សម្រាប់រដូវរងារខាងមុខនេះផងដែរ៕