* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត ឈត ប៊ុនថង៖ សមភាពចំពោះមុខច្បាប់នៅលើដងផ្លូវ៖ សេចក្ដីថ្លៃថ្នូររបស់ជាតិ ចាប់ផ្ដើមពីការគោរពច្បាប់ចរាចរណ៍

20-05-2026 16:04

(ភ្នំពេញ)៖ នៅលើដងផ្លូវសាធារណៈ ខ្សែភ្នែករាប់ម៉ឺនគូកំពុងសម្លឹងមើលគ្នាទៅវិញទៅមក។ ផ្លូវថ្នល់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌ សីលធម៌ និងការវិវត្តនៃអារ្យធម៌របស់សង្គមជាតិមួយ។ ប៉ុន្តែអ្វីដែលជាសំណួរដ៏គន្លឹះនោះគឺ តើនៅលើដងផ្លូវដែលយើងកំពុងធ្វើដំណើររួមគ្នា រវាង «ច្បាប់» និង «ឋានៈបុគ្គល» តើមួយណាមានអំណាចធំជាង?

ឆ្លើយតបនឹងសំណួរនេះលោកបណ្ឌិត ឈត ប៊ុនថង សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថាចម្លើយដ៏ត្រឹមត្រូវ និងទាក់ទាញបំផុតសម្រាប់សង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺគ្មានអ្វីក្រៅពី «ច្បាប់» នោះឡើយ។ ច្បាប់ចរាចរណ៍ មិនមែនជាឧបករណ៍សម្រាប់តែដាក់ទោសអ្នកទន់ខ្សោយនោះទេ ហើយក៏មិនមែនជាផ្ទាំងសិលាដែលអាចរលាយដោយសារអំណាចទឹកប្រាក់ឬបុណ្យស័ក្តិនោះដែរ។

១. គ្មាន «បុគ្គលឯកសិទ្ធិ» នៅលើទ្រូងផ្លូវទេ

នៅលើដងផ្លូវសាធារណៈ សមភាពត្រូវតែត្រូវបានអនុវត្តជាដាច់ខាត ទោះជា៖
- អ្នកមានឬអ្នកក្រ
- អ្នកធំឬអ្នកតូច
- ចាស់ឬក្មេង, ស្រីឬប្រុស
- អ្នកបើកបរឡានចាស់ឬឡានថ្មី, ឡានថោកឬឡានថ្លៃ
- អ្នកបញ្ជាយានយន្តស៊ីវិល ឬយានយន្តពាក់ស្លាកលេខយោធា/នគរបាល
- អ្នកជិះម៉ូតូតូចឬអ្នកជិះម៉ូតូធំ...ក៏ដោយ

គ្រប់រូបភាព គ្រប់ឋានៈ និងគ្រប់មធ្យោបាយធ្វើដំណើរទាំងអស់ ត្រូវតែឱនក្បាលគោរពច្បាប់ចរាចរណ៍ដូចៗគ្នា។ ស្លាកលេខឡានថ្លៃ គ្រឿងអលង្កាថ្លៃៗពាក់លើខ្លួនឬឋានន្តរស័ក្តិធំពាក់នៅលើស្មា មិនមែនជា «អាវក្រោះ» សម្រាប់ការពារការផាកពិន័យឬជា «សំបុត្រវីអាយភី (VIP)» សម្រាប់បំពានភ្លើងស្តុបឬបើកបរបញ្ច្រាសទិសនោះឡើយ។ ផ្ទុយទៅវិញ បុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ឬមានទ្រព្យសម្បត្តិស្តុកស្តម្ភ គួរតែជាគំរូដ៏ល្អប្រពៃក្នុងការគោរពច្បាប់ ដើម្បីបង្ហាញពីសេចក្ដីថ្លៃថ្នូរនិងការទទួលខុសត្រូវចំពោះសង្គម។

២. អាទិភាពស្របច្បាប់ មិនមែនអាទិភាពតាមចិត្តចង់

ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់លាស់អំពី «សិទ្ធិអាទិភាព»។ មានតែយានយន្តសង្គ្រោះបន្ទាន់ (ឡានពេទ្យ) ដែលកំពុងដឹកអ្នកជំងឺសង្គ្រោះជីវិត រថយន្តពន្លត់អគ្គិភ័យ ដែលកំពុងឆ្ពោះទៅពន្លត់ភ្លើង រថយន្តក្បួនដែលមាននគរបាលនាំមុខការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនរថយន្តកងទ័ពក្នុងបេសកកម្មជាតិប៉ុណ្ណោះ ដែលទទួលបានសិទ្ធិលើកលែងនិងអាទិភាពក្នុងការធ្វើដំណើរ។ ក្រៅពីយានយន្តអាទិភាពដែលកំណត់ដោយច្បាប់ទាំងនេះ គ្មានបុគ្គលឬក្រុមណាមួយ មានសិទ្ធិអំណាចមកបង្កើត«យុត្តិកម្ម» ឬលេសផ្ទាល់ខ្លួន ដើម្បីបំពានសិទ្ធិធ្វើដំណើររបស់អ្នកដទៃឡើយ។ ការប្រញាប់ទៅប្រជុំ ការប្រញាប់ទៅស៊ីការ ឬការអាងខ្នងបង្អែកណាមួយ មិនអាចយកមកធ្វើជាហេតុផលដើម្បីបំពានច្បាប់បានជាដាច់ខាត។

៣. នគរបាលចរាចរណ៍៖ ជាអាជ្ញាកណ្តាលតែមួយគត់នៅលើដងផ្លូវ

នៅលើសមរភូមិចរាចរណ៍ មានតែច្បាប់និងមន្ត្រីនគរបាលចរាចរណ៍ (ដែលជាអ្នកអនុវត្តច្បាប់)ប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចស្របច្បាប់ក្នុងការកំណត់ភាព «ត្រូវ»«ខុស»«ដងផ្លូវមិនមែនជាកន្លែងកាត់សេចក្តីតាមច្បាប់ព្រៃ ឬតាមកម្លាំងបាយ និងឥទ្ធិពលបុគ្គលនោះឡើយ។» នៅពេលមានការប៉ះទង្គិចឬបទល្មើសកើតឡើង គ្រប់ភាគីទាំងអស់ត្រូវតែសម្របសម្រួល និងគោរពតាមការសម្រេចក្ដីរបស់មន្ត្រីជំនាញ។ ការប្រើហិង្សា ការជេរប្រមាថ ឬការទូរស័ព្ទរកខ្សែញាតិមកគំរាមកំហែងមន្ត្រីអូសទាញខុសរឿង គឺជាទង្វើអសីលធម៌ ដែលត្រូវតែរួមគ្នាលុបបំបាត់ចេញពីសង្គមខ្មែរ។

៤. ខុសត្រូវទទួលទោស៖ ស្មើភាពគ្នាចំពោះមុខច្បាប់

ដើម្បីឱ្យច្បាប់មានភាពសក្តិសិទ្ធិ ការអនុវត្តត្រូវតែមានតម្លាភាពនិងសមភាព។ អ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច ឡានស៊ីវិល ឬឡានយោធា កាលបើបានប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ហើយ «ត្រូវតែទទួលទោសនិងការផាកពិន័យដូចគ្នា ដោយគ្មានការលើកលែង»។ ការពិន័យមិនត្រូវមើលទៅលើមុខបុគ្គលឬស្លាកលេខឡាននោះទេ ប៉ុន្តែត្រូវមើលទៅលើទង្វើល្មើស។ នៅពេលដែលសង្គមមួយអាចធ្វើរឿងនេះបាន ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នឹងកើនឡើងខ្ពស់ ហើយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងឆក់យកជីវិតមនុស្សរាល់ថ្ងៃ ក៏នឹងត្រូវកាត់បន្ថយជាអតិបរមាផងដែរ។

ជាការពិតណាស់ ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងដើម្បីតែគេចពីការផាកពិន័យរបស់នគរបាលនោះទេ ប៉ុន្តែវាជាការការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ឋានៈនិងទ្រព្យសម្បត្តិ គឺជារបស់ក្រៅខ្លួនដែលអាចប្រែប្រួលបាន ប៉ុន្តែ «សេចក្ដីថ្លៃថ្នូរនិងតម្លៃនៃជីវិតមនុស្ស» គឺស្មើៗគ្នា។ សូមរួមគ្នាបង្កើតវប្បធម៌បើកបរមួយដែលឈរលើគោលការណ៍៖ «ច្បាប់ជាធំ ស្មើភាពគ្នា យោគយល់គ្នា និងសុវត្ថិភាពជាចម្បង» ដើម្បីនាំមកនូវសន្តិភាពផ្លូវថ្នល់ និងភាពរុងរឿងពិតប្រាកដដល់សង្គមជាតិជាតិកម្ពុជាយើងទាំងមូល៕