ព្រឹទ្ធសភា អនុម័តឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា
20-05-2026 16:52
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ដែលត្រូវអនុវត្តកាតព្វកិច្ចយោធា មានរយៈពេល ២៤ខែ ត្រូវបានអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ការបោះឆ្នោត បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន៥៨រូប។
យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥ លើរបៀបវារៈទី២ ជុំវិញការពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» បានបញ្ជាក់ឱ្យដឹងដូចនេះថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់វិធានការនៃការអនុវត្តកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យ ការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំ ផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ត្រូវអនុវត្តកាតព្វកិច្ចយោធា មានរយៈពេល២៤ខែ។ ចំពោះប្រជាពលរដ្ឋ ខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ប្រជាពលរដ្ឋដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ប្រយោជន៍ដល់យុវជនដែលឆ្លងកាត់កាតព្វកិច្ចយោធា ទទួលបានការអភិវឌ្ឍកាយសម្បទា ការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ, ទទួលបានការលើកទឹកចិត្ត និងសរសើរ ចំពោះយោធិនដែលបានបង្កើតស្នាដៃល្អក្នុងពេល បំពេញកាតព្វកិច្ចយោធា, ទទួលបានការពិចារណាដំឡើងមុខតំណែង ឬថ្នាក់ ឬឋានន្តរសក្តិពេល យោធិនបានបញ្ចប់កាតព្វកិច្ចយោធា, ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិការស្នេហាជាតិ និង ឧត្តមប្រយោជន៍ជាតិ។
សេចក្តីព្រាងច្បាប់នេះរៀបចំឡើងមាន ៨ជំពូក និង ២០មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។
លោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
បន្ទាប់ពីពិនិត្យលើសេចក្តីព្រៀងច្បាប់នេះរួច អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕








