លោក វង សូត បង្ហាញសមិទ្ធផលច្បាប់សំខាន់ៗ និងជំរុញអាជ្ញាធរអូររាំងឪ ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
20-05-2026 17:04
(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងតំណាងរាស្ត្រ និងប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
អនុប្រធានទី២រដ្ឋសភា បានរំលេចនូវសមិទ្ធផលនីតិកម្ម និងទិសដៅនយោបាយសំខាន់ៗមួយចំនួន រួមមាន ៖
*ទី១៖ ការពង្រឹងខឿនការពារជាតិ តាមរយៈ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដោយឯកឧត្តមបានលើកឡើងពីច្បាប់ដែលរដ្ឋសភាទើបអនុម័តថ្មីៗនេះ គឺ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ក្នុងគោលបំណងពង្រឹងសមត្ថភាពយុវជនក្នុងការការពារជាតិ។
លោកបានបញ្ជាក់ថា ច្បាប់នេះមិនមែនជារឿងដោយឡែករបស់កម្ពុជានោះទេ ព្រោះប្រទេសជាច្រើននៅលើពិភពលោកក៏មានច្បាប់នេះដែរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យយុវជនមានមោទនភាពក្នុងការបំពេញកាតព្វកិច្ចនេះ និងបានស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់នេះឱ្យបានពេញលេញ ប្រកបដោយតម្លាភាព និងយុត្តិធម៌។
*ទី២៖ យុត្តិធម៌ប្រវត្តិសាស្ត្រ ក្នុង «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ចំថ្ងៃទិវាជាតិនៃការចងចាំនេះដែរ លោកបានរំឭកពីច្បាប់ស្តីពី «ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ»។ ច្បាប់នេះធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ការឈឺចាប់ និងឧក្រិដ្ឋកម្មក្នុងរបប ប៉ុល ពត (១៩៧៥-១៩៧៩) ព្រមទាំងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដាស់ស្មារតីយុវជនជំនាន់ក្រោយកុំឱ្យរបបឃោរឃៅនេះវិលត្រឡប់មកវិញ។
*ទី៣៖ ការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ពាក់ព័ន្ធនឹងការងារមូលដ្ឋាន លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៧។ ឯកឧត្តមបានណែនាំឱ្យក្រុមប្រឹក្សាឃុំទាំងអស់ បន្តពិនិត្យនិងវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិចាស់ (២០២២-២០២៧) ដើម្បីរៀបចំផែនការអាណត្តិថ្មី (២០២៧-២០៣២) ឱ្យមានប្រសិទ្ធភាពផងដែរ។
ក្រៅពីការបង្ហាញសមិទ្ធផលឆ្ពោះទៅកាន់ «សភាឌីជីថល» ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោក វង សូត ក៏បានកោតសរសើរដល់អាជ្ញាធរអូររាំងឪ និងអតីតនិវត្តជនព្រមទាំងបាន ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណ ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
តមកក្នុងថ្ងៃដដែលលោក វង សូត អនុប្រធានទី២រដ្ឋសភា បានដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញទស្សនកិច្ចទៅកាន់កសិដ្ឋានដាំចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ អនុប្រធានទី២ រដ្ឋសភា ក៏បានគូសបញ្ជាក់ពីគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បច្ចុប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំដុះចេកប្រមាណ ២០០ហិកតា ដោយមានកម្មករ-បុគ្គលិកបម្រើការងារចំនួន ៤៥០នាក់ លើផ្នែកថែទាំ និងវេចខ្ចប់ស្របតាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណប្រមាណ ២០ទូកុងតឺន័រ ក្នុងមួយខែ (ស្មើនឹងប្រហែល ៣០,៨០០កេស ឬជាង ៤០០,៤០០
គីឡូក្រាម)។
ក្នុងឱកាសនោះដែរលោក វង សូត ក៏បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នូវសង្វាក់ផលិតកម្ម នៃការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក វង សូត ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេស ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Jia Zhi Xin និងបានឧបត្ថម្ភថវិការលើកទឹកចិត្តមួយចំនួនផងដែរ៕





































