អ.វ.ត.ក. រៀបចំពិព័រណ៍លើកកម្ពស់ការយល់ដឹងពីសំណង ការចងចាំ និងកេរដំណែលនៃដំណើរការស្វែងរកយុត្តិធម៌ជូនរងគ្រោះពីរបបខ្មែរក្រហម

20-05-2026 17:40

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលជាខួបលើកទី៩ ទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាននៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីបើកពិព័រណ៍ស្តីអំពី «សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» និងពិព័រណ៍សៀវភៅក្រោមប្រធានបទ «អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រដើម្បីការចងចាំ» នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសំណង ការចងចាំ និងកេរដំណែលនៃដំណើរការស្វែងរកយុត្តិធម៌នៅកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថាប័នជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើមបណ្ដឹងរដ្ឋប្បវេណី អ្នកសិក្សាស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ១៥០នាក់។

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានមានប្រសាសន៍ថា គោលបំណងនៃ ការតាំងពិព័រណ៍សំណងនេះឡើង គឺដើម្បីបង្ហាញអំពីសិទ្ធិក្នុងការទាមទារសំណង លើកតម្លៃបទពិសោធនិងតម្រូវការរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នករស់រានមានជីវិតក្នុងដំណើរការស្វែងរកយុត្តិធម៌និងលើកទឹកចិត្តឱ្យមានការបង្កើតភាពជាដៃគូ និងការប្តេជ្ញាចិត្តបន្ត ដោះស្រាយតម្រូវការរបស់ជនរងគ្រោះនាពេលអនាគត។

លោកបន្ថែមថា«ដោយឡែក សម្រាប់គោលបំណងនៃការតាំងពិព័រណ៍សៀវភៅវិញ គឺដើម្បីចូលរួមរំឭកដល់ការចងចាំពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម, បង្ហាញពីការរួមចំណែករបស់ អ.វ.ត.ក. ក្នុងដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ ការថែរក្សាសន្តិភាព និងការចងចាំ។ ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយក្នុងការស្រាវជ្រាវ និងអានសៀវភៅ ការទស្សនាការតាំងពិព័រណ៍ ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណរបស់ខ្លួន។»

ក្នុងឱកាសបើកពិព័រណ៍នេះ លោកបណ្ឌិត Gidon WINDECKER តំណាងស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជា តំណាងម្ចាស់ជំនួយនៃការតាំងពិព័រណ៍សំណងបានលើកឡើងពីសារៈសំខាន់នៃការចងចាំ និងការស្ដារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ តាមរយៈគម្រោងសំណង និងការអប់រំអំពីប្រវត្តិសាស្ត្រ ដើម្បីធានាថា មេរៀនដ៏ឈឺចាប់ក្នុងរបបខ្មែរក្រហមមិនត្រូវបានបំភ្លេចឡើយ។

លោកបណ្ឌិត Gidon WINDECKER មានប្រសាសន៍ថា «ពិព័រណ៍នេះ គឺជាការបង្ហាញពីភាពក្លាហានរបស់ជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលហ៊ាននិយាយអំពីការឈឺចាប់ និងបទពិសោធន៍របស់ខ្លួន ដើម្បីឱ្យពិភពលោកទទួលស្គាល់ការពិត និងចងចាំអំពីអំពើឃោរឃៅក្នុងរបបខ្មែរក្រហម។ តាមរយៈការគាំទ្ររបស់ដៃគូអន្តរជាតិ ជាពិសេសប្រទេសអាល្លឺម៉ង់ គម្រោងសំណងជាច្រើនត្រូវបានអនុវត្ត ដើម្បីលើកកម្ពស់ការចងចាំ ការអប់រំ ការផ្សះផ្សា និងការស្ដារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ ទោះបីជាសំណងមិនអាចជួសជុលការបាត់បង់ទាំងអស់បានក៏ដោយ កិច្ចខិតខំទាំងនេះបានបង្ហាញថា សំឡេង និងការឈឺចាប់របស់ជនរងគ្រោះមិនត្រូវបានគេបំភ្លេចឡើយ ហើយជាមេរៀនដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយក្នុងការការពារកុំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះកើតឡើងម្ដងទៀត។»

ពិព័រណ៍ស្តីអំពីសំណងនៅចំពោះមុខ អ.វ.ត.ក. បានដាក់តាំងបង្ហាញអំពីគម្រោងសំណងនៅចំពោះមុខ អ.វ.ត.ក. តាមរយៈរូបថត ឯកសារ សក្ខីកម្ម និងផ្ទាំងព័ត៌មានអប់រំផ្សេងៗ ដែលបង្ហាញពីដំណើរការនៃសំណង ចាប់ពីគោលការណ៍ រហូតដល់ការអនុវត្តជាក់ស្តែង និងផលប្រយោជន៍ដែលជនរងគ្រោះ និងសង្គមទទួលបានពីសំណងទាំងនោះ។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌច្បាប់នៃ អ.វ.ត.ក. សំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី មានលក្ខណៈ សមូហភាពនិងផ្លូវចិត្ត មិនមានសំណងជាលក្ខណៈបុគ្គលឬជាថវិកាឡើយ។ អ.វ.ត.ក. បានអនុញ្ញាតឱ្យមានកម្មវិធីសំណងក្រៅប្រព័ន្ធតុលាការដែលហៅថា វិធានការមិនមែនបច្ចេកទេសតុលាការ (NJM) សម្រាប់ផ្តល់ប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះទូទៅ។ ក្នុងសំណុំរឿង ០០១, ០០២/០១, និង ០០២/០២ អ.វ.ត.ក. បានទទួលស្គាល់គម្រោងសំណងចំនួន២៦ និងវិធានការមិនមែនបច្ចេកទេសតុលាការចំនួន២ ដែលគម្រោងទាំងនេះមានគោលដៅលើកកម្ពស់ការចងចាំនិងការគោរពវិញ្ញាណក្ខន្ធ ការស្តារនីតិសម្បទាតាមរយៈការព្យាបាលផ្លូវកាយនិងផ្លូវចិត្ត និងការអប់រំនិងការចងក្រងឯកសារ។

គម្រោងសំណងទាំងនេះ ត្រូវបានអនុវត្តចប់សព្វគ្រប់ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីដើមបណ្តឹងរដ្ឋប្បវេណីប្រមាណ២ពាន់នាក់ និងសាធារណជនជាច្រើននាក់ទៀត និងការសហការអង្គភាពជនរងគ្រោះ អង្គភាពសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ផ្នែកកិច្ចការសាធារណៈរបស់ អ.វ.ត.ក. និងអង្គការដៃគូជាច្រើន ដោយមានការឧបត្ថម្ភថវិកាពីសមាគមន៍ ក្រសួង ស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ក៏ដូចជាស្ថាប័នGIZ ដូចដែលមានរំលេចក្នុងផ្ទាំងតាំងពិព័រណ៍នៃគម្រោងសំណងនីមួយៗ។

ពិព័រណ៍សៀវភៅក្រោមប្រធានបទ «អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រដើម្បីការចងចាំ»

ពិព័រណ៍សៀវភៅ អ.វ.ត.ក. លើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមរំលឹកដល់ការចងចាំពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម ក្នុងឱកាសទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៦។ ពិព័រណ៍នេះផ្តោតសំខាន់លើសៀវភៅប្រវត្តិសាស្ត្រ សៀវភៅច្បាប់ និងសៀវភៅពាក់ព័ន្ធផ្សេងៗ ដើម្បីបង្ហាញពីការរួមចំណែករបស់ អ.វ.ត.ក. ក្នុងដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សា ការចងចាំ និងសន្តិភាព ដែលជាកេរដំណែលដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។
ក្នុងអំឡុងពេលពិព័រណ៍នេះ ក៏មានស្ដង់ដាក់លក់ និងចែកចាយសៀវភៅ និងឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ច្បាប់ យុត្តិធម៌អន្តរកាល និងឯកសារអប់រំផ្សេងៗ ដោយមានការចូលរួមពីអ្នកនិពន្ធ បណ្ណាល័យ បណ្ណាគារ ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល។ បន្ថែមពីនេះ កម្មវិធីក៏មានការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការចាក់បញ្ចាំងភាពយន្តឯកសារផងដែរ។

ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំពឹងថានឹងទាក់ទាញការចូលរួមពីជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី យុវជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ ដើម្បីរួមគ្នាឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការចងចាំ ការទទួលខុសត្រូវ និងការផ្សះផ្សានៅក្នុងសង្គមកម្ពុជា៕