ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ដល់ផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់ជូនស្រ្តីមេម៉ាយក្រីក្រ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

20-05-2026 21:06

(ពោធិ៍សាត់)៖ ដោយមើលឃើញពីស្ថានភាពក្រីក្រលំបាករបស់បងស្រី តែ ចន្នី ជាស្រ្តីមេម៉ាយកូន២ រស់នៅក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកព្រឹកខ្វះល្ងាច និងរស់នៅក្នុងផ្ទះប្រក់ស្លឹកមួយកំណាត់ រកជញ្ជាំងគ្មាន រនូតបាក់ស្ទើរអស់ ទើបឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានចាត់តាំងលោកបណ្ឌិត ហេង សុខគង់ និងសហការីរៀបចំសាងសង់ផ្ទះថ្មីជូន។

នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក. ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងជាប្រធានស.ស.យ.ក.ខេត្តពោធិ៍សាត់ អមដំណើរដោយលោក សំ ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ស.ស.យ.ក.ខេត្ត លោក ផៃ ចាន់ដារ៉ា លោក វេត វិសេសបញ្ញា និងលោកស្រី មិត្ត សុភាព អនុប្រធានស.ស.យ.ក ខេត្ត លោក មូល. មុត មេឃុំបឹងកន្ទួត លោកពេញ ពន ប្រធានស.ស.យ.កឃុំបឹងកន្ទួត រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.កខេត្ត និង អាជ្ញាធរភូមិ ប្រជាការពារភូមិ ព្រមទាំងសប្បុរសជន បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នងមានទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ មានកម្ពស់១.៨០ម៉ែត្រ ប្រក់សង្កសី មានស្លាបជញ្ជាំងប្រវែង២ម៉ែត្រដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក. ជូនបងស្រី តែ ចន្នី និងកូនៗសម្រាប់រស់នៅឲ្យបានសមរម្យ។

ក្រៅពីប្រគល់ផ្ទះជូនបងស្រី លោកបណ្ឌិត ហេង សុខគង់ និងសហការី ក៏បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះមានដូចជា ឆ្នាំងបាយ ឆ្នាំងសម្ល កំសៀវទឹក កន្ទេល មុង ភួយ កន្ធន់តូចធំ ចានបាយតូច ធំ វែកបាយ វែកសម្ល ស្លាបព្រា បំពង់ទឹកក្តៅ ចានស្រាក់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង នំ និងថ្នាំពេទ្យព្រមទាំងថវិកាមួយចំនួនផងដែរដែលជាអំណោយរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ របស់លោកបណ្ឌិតផ្ទាល់ និងសប្បុរសជននានា។

បងស្រី តែ ចន្នី និងកូនៗមានចិត្តរំភើបត្រេកអររកអ្វីគ្មាន និងបានលើកម្រាមដៃ១០សម្បូងសម្រូងអរគុណដល់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លោកបណ្ឌិត ហេង សុខគង់ លោកអភិបាលខេត្ត និងសប្បុរសជនទាំងអស់ដែលបានសាងសង់ផ្ទះដ៏រឹងមាំ ព្រមទាំងប្រគល់សម្ភារៈប្រើប្រាស់ ស្បៀង និងថវិកាដល់បងស្រី និងសូមគោរពជូនពរបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារកុំបីឃ្លៀងឃ្លាតឡើយ៕