មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការប្រើប្រាស់ដីឃុំ សង្កាត់ នៅទូទាំងខេត្តបន្ទាយមានជ័យ

21-05-2026 12:56

(បន្ទាយមានជ័យ​)៖​ នាព្រឹកថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២៦នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ​ បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយផែនការប្រើប្រាស់ដីឃុំ សង្កាត់ នៅទូទាំងខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត​ ព្រមទាំងមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរង លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី​ ប្រធាន-អនុប្រធានមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​។

លោក​ មាស​ ដារ៉ា​ ប្រធានមន្ទីររៀបចំដែនដី​ បានបញ្ជាក់ថា​ ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និងបានធ្វើកម្មវិធីប្រកាសបិទបញ្ចប់ការងារវាស់វែង ដីធ្លីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាដំបូងក្បាលដីប៉ាន់ស្មាន មានចំនួន៦៧៨,៦៦៧ក្បាលដី ប៉ុន្តែក្រោយពីយុទ្ធនាការចុះវាស់វែងបង្ហើយរួចមកមានក្បាលដីចំនួន៧៥២,១៨១ក្បាលដី លើសពីការប៉ាន់ស្មានចំនួន៧៣,៥១៤ក្បាលដី។

រហូតមកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធចំនួន៧ក្រុង-ស្រុក បានបញ្ចប់ការងារប្រមូលទិន្នន័យ និងនៅសល់ចំនួន២ក្រុង-ស្រុកទៀត នឹងបញ្ចប់ការងារនៅចុងខែឧសភា ឆ្នាំ២០២៦ ចំពោះការបញ្ចូលទិន្នន័យដែលនៅសល់ប្រមាណជិត១០ម៉ឺនក្បាលដីទៀត នឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៦ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋយ៉ាងយូរចុងឆ្នាំ២០២៧។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ លោក​ លៀម​ សុដា​ បានបញ្ជាក់ថា​ ខេត្តបន្ទាយមានជ័យ បានរៀបចំផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដី ក្រុងសិរីសោភ័ណ និងផែនការប្រើប្រាស់ដី​ និងប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែតរួចរាល់ ដោយរង់ចាំប្រជុំពិនិត្យ និងអនុម័តពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះមន្ទីរបានរៀបចំកសាងផែនការប្រើប្រាស់ដីឃុំសម្រេចបានចំនួន៨ឃុំ និងបានអនុម័តចំនួន២ឃុំបន្ថែម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

លោកអភិបាលរងខេត្ត បានបន្តថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្នុងនោះមុំទី៤ ដែលនិយាយអំពីការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម ដែលជាគោលដៅយុទ្ធសាស្ត្រ គឺការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែមទៀត នៅតាមបណ្តារាជធានី-ខេត្ត ការបង្កើតសួនសាធារណៈ និងឧទ្យានបៃតង និងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ គាំទ្រ និងប្តេជ្ញាជំរុញអនុវត្តនូវយុទ្ធសាស្ត្រនេះ ឲ្យមានប្រសិទ្ធភាព។

លោក​ លៀម​ សុដា​ ក៏បានបញ្ជាក់ទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេស គឺរដ្ឋបាលឃុំ សង្កាត់ផ្ទាល់តែម្តង ទាក់ទងនឹងការកសាងផែនការប្រើប្រាស់ដីឃុំ-សង្កាត់នេះ គឺរដ្ឋបាលឃុំ សង្កាត់ ត្រូវតែលើកគម្រោងអភិវឌ្ឍន៍ និងកំណត់ចក្ខុវិស័យរបស់ខ្លួនឲ្យបានច្បាស់លាស់។

លោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីរ​ ក៏បទបង្ហាញស្តីពីលិខិតបទដ្ឋានគតិយុត្តគាំទ្រការងាររៀបចំ ផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់។ ដោយបច្ចុប្បន្នការកសាងផែនការប្រើប្រាស់ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលមួយចំនួន ព្រមទាំងបានបើកឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួម មានការលើកឡើងជាសំណួរចម្លើយ ដើម្បីឲ្យការប្រើប្រាស់ដី ប្រកបដោយប្រសិទ្ធភាព៕