អភិបាលខេត្តព្រៃវែង៖ អាជ្ញាធរមិនទុកឱ្យបញ្ហាវិវាទដីធ្លីអូសបន្លាយពេលយូរនោះទ ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន
21-05-2026 14:21
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្ត នឹងមិនទុកឱ្យបញ្ហាវិវាទដីធ្លីអូសបន្លាយពេលយូរនោះទេ ពោលគឺត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ដើម្បីចៀសវាងការប៉ះពាល់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងក្នុងជំនួបជាមួយលោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានដឹកនាំប្រតិភូអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
ក្នុងជំនួបពិភាក្សានោះលោក សួន សុម៉ាលីន បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពទូទៅ និងលទ្ធផលដែលខេត្តសំម្រេចបាន ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដោះស្រាយរឿងវិវាទក្រៅប្រព័ន្ធ តុលាការ ដោយពិនិត្យលើសំណុំរឿង និងប្រើយន្តការគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្នាក់ខេត្ត និងយន្តការគណៈកម្មាធិការសុរិយោ ដីខេត្តធ្វើពិនិត្យ និងរៀបចំកម្មវិធី ដោះស្រាយសម្របសម្រួលវិវាទជូន ប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល និងភាពកក់ក្តៅ ដែលប្រជាពលរដ្ឋបានយល់ពីនីតិវិធីក្នុងសម្របសម្រួលរបស់គណៈកម្មាធិការដែលជាយន្តការរបស់រដ្ឋបាលខេត្ត។
លោកបានបន្តទៀតថា ខេត្តព្រៃវែងពុំមានដីសម្បទានទេ ប៉ុន្តែមានការរំលោភបំពានដីរដ្ឋ (ដីចំណីផ្លូវ ដីបឹង ដីចំណីប្រឡាយ ចំណីទន្លេទីទួលសាធារណៈ និងដីអង្គភាពរបស់រដ្ឋមួយចំនួន)។ រដ្ឋបាលខេត្តបានណែនាំរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ឲ្យធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ព្រោះនៅខេត្តព្រៃវែង បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធរួចរាល់ហើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងអំពីបញ្ហាប្រឈមករណីរដ្ឋបាលជលផលប្តឹងជំទាស់ការវាសវែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ លើក្បាលដីលំនៅឋាន និងកសិកម្ម ដោយប្តឹងជំទាស់ទាំងស្រុង និងប្តឹងជំទាស់ដោយផ្នែកមានជំទាស់ ទាំងស្រុងចំនួន ២០ភូមិ ត្រូវនឹង ៧ឃុំ ស្មើនឹង ៣ស្រុកស្មើនឹង ២១,៤៩៧ ក្បាលដី សរុប ១០,៨៣៩ ហិកតា និងជំទាស់មួយផ្នែក៦២ភូមិ ត្រូវនឹង ១៧ឃុំ ស្មើនឹង ៥ស្រុកស្មើនឹង ១៦,៣៩១ ក្បាលដី សរុប ១១,០០២ ហិកតា។
រដ្ឋបាលខេត្តបានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយ និងសម្រប សម្រួលវិវាទនៅក្រៅប្រព័ន្ធតុលាការតាមរយៈយន្តការសម្របសម្រសម្រួលនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និង ថ្នាក់ខេត្ត ឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ឫតុលាការ។
ក្នុងឱកាសនោះលោក សរ ចំរុង បានថ្លែងថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកប្រធានគណៈប្រតិភូ បានបញ្ជាក់ផងដែរថា កន្លងមកនេះគណៈកម្មការបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន ដោយបានចេញញត្តិថ្កោលទោសចំពោះការរំលោភបំពានលើដែនអធិបតេយ្យភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
លោកបានលើកឡើងថា ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ នៃរដ្ឋសភានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ បានប្រគល់ភារកិច្ចជូនគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យ សិទ្ធិមនុស្សបានចំនួន ២ច្បាប់ ទី១-ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគី នៃពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីការប្រឆាំងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ (នីតិកាលទី៣ នៃរដ្ឋសភា) និងទី២-ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនពិការ។ (នីតិកាលទី៤ នៃរដ្ឋសភា) នៅក្នុងឆ្នាំ២០២៦ គិតត្រឹមខែមេសានេះ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន១០ រឿង អន្តរាគមន៍ចំនួន ៥រឿង កំពុងពិនិត្យចំនួន ៣រឿង ឥតចាត់ការចំនួន ២រឿង និងលិខិតឆ្លើយតប ពីក្រសួង-អាជ្ញាធរពាក់ព័ន្ធមិនទាន់មាន។
ឆ្លៀតក្នុងឱកាសនោះ លោក សរ ចំរុង បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ពីយន្តការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ៕




















