Fresh Exclusive: ថ្ងៃទី២៨ ឧសភា៖ ការចងចាំដែលខ្មែរមិនគួរភ្លេច (Video inside)

21-05-2026 16:48

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ គឺជាទិវានៃការចងចាំមួយ ដែលយើងជាខ្មែរមិនគួរបំភ្លេចឡើយ។ វាមិនមែនគ្រាន់តែជាថ្ងៃនៃការបាត់បង់ជីវិតយោធិនខ្មែរម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃដែលបានដាស់រំលឹកជាតិទាំងមូលអំពីតម្លៃនៃអធិបតេយ្យភាព និងការការពារទឹកដី។ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាថ្ងៃដែលយោធិនខ្មែរ ព្រិន្ទបាលឯក សួន រោន បានពលីជីវិតក្នុងបុព្វហេតុការពារជាតិ បន្ទាប់ពីទាហានថៃបានលួចចូលមកក្នុងទឹកដីកម្ពុជា និងបង្កការបាញ់ប្រហារ នៅតំបន់មុំបី ខេត្តព្រះវិហារ។
ហើយក៏ចាប់តាំងពីថ្ងៃនោះផងដែរ ដែលភាពតានតឹងព្រំដែនបានផ្ទុះឡើងជាបន្តបន្ទាប់ និងបានបង្ហាញឱ្យឃើញនូវមុខមាត់ពិតនៃមហិច្ឆតាឈ្លានពាន ដែលតែងតែលាក់ខ្លួននៅក្រោមស្រមោលនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ជុំវិញបញ្ហានេះ៖

ប្រទេសមួយ អាចបាត់បង់អធិបតេយ្យភាព មិនមែនតែនៅក្នុងពេលមានសង្គ្រាមធំប៉ុណ្ណោះទេ។ ពេលខ្លះ ការបាត់បង់អធិបតេយ្យភាព ក៏អាចចាប់ផ្តើមពីការភ្លេចចងចាំប្រវត្តិសាស្ត្រ និងការមើលស្រាលចំពោះសញ្ញាព្រមានតូចៗនៅតាមព្រំដែនផងដែរ។ ដូច្នេះ សម្រាប់កម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មិនគួរត្រូវបានចងចាំត្រឹមតែជាថ្ងៃដែលយោធិនខ្មែរម្នាក់បានបាត់បង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបានចងចាំជាថ្ងៃដែលបានដាស់រំលឹកជាតិទាំងមូលថា សន្តិភាព អធិបតេយ្យភាព និងស្ថិរភាពជាតិ តែងតែត្រូវការការការពារ ការប្រុងប្រយ័ត្ន និងស្មារតីរួបរួមជានិច្ច។
នៅវេលាទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតនៅក្នុងលេណដ្ឋានតំបន់មុំបី បន្ទាប់ពីទាហានថៃបានលួចចូលមកក្នុងទឹកដីកម្ពុជា និងបង្កការបាញ់ប្រហារមកលើកងទ័ពកម្ពុជា។

ការបាត់បង់នេះ មិនមែនជាព្រឹត្តិការណ៍ធម្មតាមួយទេ។ វាបានក្លាយជាចំណុចចាប់ផ្តើមនៃភាពតានតឹងព្រំដែនជាបន្តបន្ទាប់ រួមមានការបាញ់ប្រហារ ការរំលោភបទឈប់បាញ់ ការបង្កើតសាច់រឿងអំពី «ការដាក់មីន និងជាន់មីន» ដើម្បីប្រើជាលេសសម្រាប់ការប្រើកម្លាំងយោធា ការបញ្ជូនយន្តហោះចម្បាំង និងអាវុធធុនធ្ងន់ចូលមកតាមតំបន់ព្រំដែន ព្រមទាំងការឈ្លានពាន និងកាន់កាប់លើទឹកដីកម្ពុជានៅចំណុចមួយចំនួន។

ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ កម្ពុជា បានព្យាយាមតស៊ូ និងប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈមធ្យោបាយការទូត និងផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងទាមទារយកទឹកដីខ្មែរត្រឡប់មកវិញដោយសន្តិវិធី។
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២០ ខែឧសភា ថា៖

«នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃនៃការចងចាំរបស់យើង ដែលវីរៈជន វីរៈយោធារបស់យើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅថ្ងៃទី២៨ ខែឧសភា … ថ្ងៃនោះជាថ្ងៃនៃការចងចាំនៃការឈ្លានពាន និងរំលោភបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលប្រជាជនខ្មែរត្រូវតែចងចាំ»

ពាក្យថា «ត្រូវតែចងចាំ» មានអត្ថន័យធំជាងការរំលឹកព្រឹត្តិការណ៍មួយ។ វាជាការរំលឹកថា ប្រទេសមួយដែលភ្លេចប្រវត្តិសាស្ត្រ អាចនឹងបាត់បង់សមត្ថភាពការពារអនាគតរបស់ខ្លួន ហើយប្រជាជាតិមួយដែលខ្វះការប្រុងប្រយ័ត្ន ក៏អាចបាត់បង់សិទ្ធិ និងអធិបតេយ្យភាពរបស់ខ្លួនបន្តិចម្តងៗ ដោយមិនដឹងខ្លួនផងដែរ។

* តំបន់មុំបី និងសញ្ញាព្រមាននៃភាពផុយស្រួយ
តំបន់មុំបី មិនមែនជាទីតាំងធម្មតាមួយទេ។ វាបានក្លាយជានិមិត្តសញ្ញានៃភាពផុយស្រួយនៅតាមព្រំដែន ដែលបង្ហាញថា ជម្លោះទឹកដី អាចផ្ទុះឡើងវិញគ្រប់ពេល ប្រសិនបើគ្មានការគោរពច្បាប់អន្តរជាតិ, គ្មានការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពគោលការណ៍សន្តិវិធីនោះទេ។
បន្ទាប់ពីហេតុការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ភាពតានតឹងបានបន្តកើតឡើងជាបន្តបន្ទាប់។ មានការបាញ់ប្រហារ ការរំលោភបទឈប់បាញ់ និងការកើនឡើងនៃសកម្មភាពយោធានៅតាមបណ្តោយព្រំដែន។ ស្ថានការណ៍នោះ បានជំរុញឱ្យមានអន្តរាគមន៍ពីប្រធានអាស៊ាន និងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួយជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់មួយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ប៉ុន្តែ ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ភាពតានតឹងមិនបានបញ្ចប់ឡើយ។ ពិភព លោក បានមើលឃើញនូវទង្វើជាក់ស្តែង ដែលភាគីថៃបានបន្តរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែននៅតែស្ថិតក្នុងភាពផុយស្រួយ និងគ្រោះថ្នាក់។
ក្រោយមក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការផ្ទុះជម្លោះឡើងវិញ។ ប៉ុន្តែស្ថានការណ៍បានវិវត្តទៅក្នុងទិសដៅផ្ទុយទៅវិញ។

*ពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡំពួរ ទៅកាន់ការវាយប្រហារថ្ងៃទី៧ ធ្នូ
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃ បានប្រើកម្លាំងយោធាក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់យន្តហោះចម្បាំងជាច្រើន រួមទាំងយន្តហោះ F-16 វាយប្រហារមកលើតំបន់ប្រាសាទបុរាណខ្មែរ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ កម្ពុជា បានចាត់ទុកទង្វើនេះថា
ជាការជាន់ឈ្លីលើកិច្ចព្រមព្រៀងដែលភាគីថៃខ្លួនឯងបានចុះហត្ថលេខា និងជាការប្រើប្រាស់កម្លាំងដែលផ្ទុយពីគោលការណ៍សន្តិភាព និងច្បាប់អន្តរជាតិ។

ក្នុងអំឡុងវិបត្តិនោះ កម្ពុជា បានបង្ហាញប្រាប់ពិភពលោក នូវទង្វើខុសច្បាប់របស់ថៃដែលបានប្រើប្រាស់ផែនទីឯកតោភាគី ដែលគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការឈ្លានពាន និងការចូលកាន់កាប់តំបន់មួយចំនួនតាមបណ្តោយព្រំដែនរបស់ កម្ពុជា។
ទោះបីស្ថានការណ៍មានភាពតានតឹងយ៉ាងណាក៏ដោយ កម្ពុជា នៅតែព្យាយាមទប់ស្កាត់ការរីករាលដាលនៃវិបត្តិ តាមរយៈការទូត សន្តិវិធី និងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដោយបន្តអះអាងថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវតែធ្វើឡើងដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងដែលមានស្រាប់ និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។

ក្នុងរយៈពេលជិតមួយឆ្នាំនៃវិបត្តិនេះ កម្ពុជា បានបន្តគោរពយន្តការដែលមានស្រាប់ ដូចជា MoU 2000 និង MoU 2001 ព្រមទាំងប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដោះស្រាយបញ្ហាតាមសន្តិវិធី។ កម្ពុជាបានព្យាយាមជំរុញការចរចា ការសម្របសម្រួល និងការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីករាលដាលទៅជាវិបត្តិធំជាងមុន។

ប៉ុន្តែ ទោះបីមានការខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងណាក៏ដោយ ភាពតានតឹងមិនបានបញ្ចប់ឡើយ។ ផ្ទុយទៅវិញ វាបានវិវត្តទៅរកភាពមិនច្បាស់លាស់កាន់តែខ្លាំង បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈ MoU 2001 ជាឯកតោភាគី។
សម្រាប់កម្ពុជា ការលុបចោលនេះ មិនមែនគ្រាន់តែជាការដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាព្រមានមួយអំពីភាពផុយស្រួយនៃយន្តការដែលធ្លាប់ត្រូវបានប្រើសម្រាប់រក្សាស្ថិរភាព និងការគ្រប់គ្រងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

វាក៏បានធ្វើឱ្យកើនឡើងនូវការព្រួយបារម្ភថា ប្រសិនបើយន្តការដែលមានស្រាប់ត្រូវបានបដិសេធ ឬបាត់បង់ប្រសិទ្ធភាព នោះជម្លោះព្រំដែនអាចនឹងវិលត្រឡប់ទៅរកស្ថានភាពគ្រោះថ្នាក់ និងការប្រើប្រាស់កម្លាំងកាន់តែខ្លាំងជាងមុន។

*ការចងចាំ មិនមែនដើម្បីស្អប់
មានចំណុចមួយដែលសង្គមខ្មែរ ត្រូវយល់ឱ្យច្បាស់ថា ការរំលឹកថ្ងៃទី២៨ ខែឧសភា មិនមែនដើម្បីបង្កើតអារម្មណ៍ស្អប់ប្រជាជាតិណាមួយទេ។ ការស្អប់ មិនអាចកសាងអនាគតបានឡើយ។ ប៉ុន្តែការចងចាំ គឺជារឿងផ្សេង។
ប្រជាជាតិដែលមានការចងចាំរឹងមាំ ជាប្រជាជាតិដែលមានសមត្ថភាពការពារខ្លួន។ ព្រោះការចងចាំធ្វើឱ្យមនុស្សយល់ថា សន្តិភាពមានតម្លៃប៉ុណ្ណា និងថា អធិបតេយ្យភាពមិនមែនជារឿងដែលអាចមើលស្រាលបានឡើយ។
សម្រាប់ខ្មែរគ្រប់ជំនាន់ ថ្ងៃទី២៨ ខែឧសភា គួរត្រូវបានចងចាំក្នុងន័យនេះ៖
• កុំភ្លេចប្រវត្តិសាស្ត្រ
• កុំមើលស្រាលបញ្ហាព្រំដែន
• កុំបាត់បង់ស្មារតីការពារជាតិ
• និងកុំគិតថា សន្តិភាពអាចរក្សាបានដោយគ្មានការប្រុងប្រយ័ត្ន។

ពេលខ្លះ ប្រទេសមួយ មិនបាត់បង់ទឹកដីដោយសង្គ្រាមធំទេ។ វាអាចចាប់ផ្តើមពីការភ្លេចចងចាំ ការធ្វេសប្រហែស និងការខ្វះស្មារតីរួបរួមជាតិ។

*សន្និដ្ឋាន៖ ថ្ងៃនៃការចងចាំ និងស្មារតីជាតិ
ការចងចាំព្រឹត្តិការណ៍ជាតិ មិនមែនជារឿងចាស់ហួសសម័យទេ។ ប្រទេសធំៗជាច្រើននៅលើពិភពលោក នៅតែមាន “ថ្ងៃនៃការចងចាំ” របស់ខ្លួន ដើម្បីរំលឹកដល់ការលះបង់របស់យុទ្ធជន និងរំលឹកដល់មនុស្សជំនាន់ក្រោយថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យឡើយ។
សម្រាប់កម្ពុជា ថ្ងៃទី២៨ ខែឧសភា គួរត្រូវបានមើលក្នុងន័យនោះដែរ។

វាជាថ្ងៃដែលរំលឹកថា នៅពីក្រោយសន្តិភាពដែលប្រជាជនកំពុងរស់នៅ មានមនុស្សដែលបានឈរយាមព្រំដែន និងមានអ្នកដែលបានពលីជីវិត ដើម្បីការពារអធិបតេយ្យភាពជាតិ។
ព្រិន្ទបាលឯក សួន រោន អាចជាយោធិនម្នាក់ក្នុងចំណោមយោធិនជាច្រើន។ ប៉ុន្តែការបាត់បង់របស់លោក បានក្លាយជានិមិត្តសញ្ញានៃការរំលឹកដ៏ឈឺចាប់មួយថា សន្តិភាព និងអធិបតេយ្យភាព តែងតែត្រូវការការការពារ។

ហើយប្រហែលជាអត្ថន័យនេះហើយ ដែលជាអត្ថន័យពិតនៃ “ថ្ងៃនៃការចងចាំ” ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ដើម្បីឱ្យប្រជាជនខ្មែរត្រូវចងចាំ។ ពិតណាស់ យើងមិនមែនរំលឹកព្រឹត្តិការណ៍នេះ ដើម្បីការរស់នៅជាមួយកំហឹងទេ ប៉ុន្តែដើម្បីឱ្យ ជាតិមួយ មិនត្រូវភ្លេចថា «អនាគតរបស់ខ្លួន ត្រូវបានការពារដោយការចងចាំ ការរួបរួម និងការប្រុងប្រយ័ត្នជានិច្ច»