មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ វិស័យយែនឌ័រ បានរួមចំណែកយ៉ាងសំខាន់ដើម្បីប្រែក្លាយខេត្តស្ទឹងត្រែង ទៅជាសក្តានុពលទេសចរណ៍

21-05-2026 21:17

(ស្ទឹងត្រែង)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយស្តីពីការលើកកម្ពស់ សមភាពយែនឌ័រក្នុងវិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមា្ចស់អាជីវកកម្ម សេវាកម្មទេសចរណ៍ និងមន្រ្តីរាជការ មកពីគ្រប់អង្គភាព យុវជន ប្រមាណ ១៦០នាក់។

លើកឡើងនាឱកាសនោះលោកស្រី ហ៊ុន ដានី បានបញ្ជាក់ថា វិស័យយែនឌ័រ បានរួមចំណែកយ៉ាងសំខាន់ដើម្បីប្រែក្លាយខេត្តស្ទឹងត្រែង ទៅជាសក្តានុពលទេសចរណ៍ ហើយដើម្បីចូលរួមអនុវត្តគោលនយោបាយ សមភាពយេនឌ័រ ក្រសួងទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។

លោកស្រី ហ៊ុន ដានី បានបន្ថែមថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយលើកកម្ពស់សមភាពយែនឌ័រ ក្នុងវិស័យទេសចរណ៍ គឺជាយន្តការការងារដ៏សំខាន់មួយ របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងគោលបំណងជំរុញ និងបង្កើនភាពអង់អាចដល់ស្ត្រីទាំងក្នុងក្របខណ្ឌមន្ត្រីរាជការ និងផ្នែកឯកជនដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងន័យនេះគោលនយោបាយ និងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ៕

នាឱកាសនោះដែរលោក សរ សុពុត្រា បានឡើងមានប្រសាសន៍ថា វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារបង្កើនចំណូលប្រជាជន នៅតាមមូលដ្ឋាន។
ជាក់ស្តែងខេត្តស្ទឹងត្រែង បានពង្រឹងការរៀបចំសក្តានុពលទេសចរណ៍យ៉ាងសកម្ម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្តោតលើអេកូទេសចរណ៍ ទេសចរណ៍សហគមន៍ និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនជារៀងរាល់ថ្ងៃ ។

ទន្ទឹមនឹងមានភ្ញៀវទេសចរ មកទស្សនាខេត្តស្ទឹងត្រែង មានកំណើនកើនឡើង គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ប្រជាពលនៅខេត្តស្ទឹងត្រែង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រួមគ្នារក្សានូវអនាម័យបរិស្ថាន​ តម្លៃសមរម្យ រួសរាយរាក់ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីឱ្យវិស័យទេសចរណ៍ទទួលបានជោគជ័យ គឺយើងមិនអាចបំភ្លេចស្នាមញញឹមរបស់នារីនោះបានទេ ដែលបងប្អូនក្នុងវិស័យយែនឌ័រ បានរួមចំណែកយ៉ាងសំខាន់ ដើម្បីប្រែក្លាយតំបន់មួយនេះទៅជាសក្តានុពលទេសចរណ៍។

លោក អភិបាលខេត្តបានចាត់ទុកថា ស្ត្រីពិតជា កម្លាំងចលករ ដ៏សំខាន់ និងជាឆ្អឹងខ្នងសេដ្ឋកិច្ច-សង្គម ដែលមិនអាចខ្វះបាន នៅក្នុងយុគសម័យបច្ចុប្បន្ន ស្ត្រីបាននិងកំពុងបំពេញការងារ និងដឹកនាំយ៉ាងសកម្មលើគ្រប់វិស័យ ដោយបញ្ជាក់យ៉ាងច្បាស់ពី ភាពវៃឆ្លាត និងភាពច្នៃប្រឌិតរបស់ពួកគាត់៕