វិភាគអន្តរជាតិ៖ មិនអស់ចិត្តនៅអ៉ីរ៉ង់ តើលោក ត្រាំ ចង់យកគុយបា មកប៉ះប៉ូវឬ?

21-05-2026 21:16

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមសម្រេចឱ្យបានជោគជ័យដ៏ធំមួយ តួយ៉ាងដូចជាការផ្លាស់ប្ដូររបបដឹកនាំនៅគុយបា បន្ទាប់ពីមិនអាចសម្រេចកិច្ចការដ៏ធំដូចគ្នានេះ នៅអ៉ីរ៉ង់។ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនក្នុងសហរដ្ឋអាមេរិកបានព្រមានថាការធ្វើសកម្មភាពប្រឆាំងគុយបា ក្នុងគ្រាដែលកងទ័ពអាមេរិកកំពុងប្រុងជើងការជាមួយអ៉ីរ៉ង់ អាចនឹងនាំមកនូវផលវិបាកទាំង យោធា និងនយោបាយ។ រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ បានចោទប្រកាន់បទព្រហ្មទណ្ឌជាផ្លូវការប្រឆាំងនឹងអតីតប្រធានាធិបតីគុយបា លោក Raúl Castro មានអាយុ៩៤ឆ្នាំ ពីបទឃាតកម្ម និងសមគំនិតដើម្បីសម្លាប់ពលរដ្ឋអាមេរិក។ ការចោទប្រកាន់នេះជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងជម្លោះជិត ៧០ឆ្នាំមកនេះរវាងសហរដ្ឋអាមេរិក និងគុយបាដែលជា ប្រទេសកាន់របបកុម្មុយនិស្ដតែមួយគត់ស្ថិតនៅក្បែររបងផ្ទះអាមេរិក។

ការចោទប្រកាន់ខាងលើ ដែលធ្វើឡើងចំទិវាឯករាជ្យជាតិរបស់គុយបា ក៏ជាការបោះជំហានយ៉ាងធំមួយថ្មីទៀតនៅក្នុងការបង្កើនជម្លោះរបស់លោក ត្រាំផងដែរ។ វាកើតឡើង គាប់ជួបការបិទខ្ទប់ប្រេងរបស់ សហរដ្ឋអាមេរិក បាននិងកំពុងបង្កជាវិបត្តិមនុស្សធម៌ និងគំរាមកំហែងធ្វើឱ្យសង្គមគុយបាដួលលរំ ក្នុងបរិបទសម្ពាធការទូតកើនឡើងជាលំដាប់ និងការប្រគល់សំណើទាមទារជាច្រើនកាលពីពេលថ្មីៗរបស់ នាយក CIA លោក John Ratcliffe ទៅឱ្យទីក្រុងឡាហាវ៉ាន។ លោក ត្រាំបានគំរាមគុយបាជាច្រើនសប្ដាហ៍មកថារូបលោកអាចធ្វើអ្វីក៏តាមចិត្តចង់ជាមួយប្រទេសក្រីក្រដូចជាគុយបា ហើយថាលោកនឹង មានកិត្តិយសដើម្បីគ្រប់គ្រងប្រទេសមួយនេះ។ កាលពីថ្ងៃពុធ លោក ត្រាំថែមទាំងព្រលយទៀតផងថារូបលោកកំពុងរដោះប្រទេសគុយបា។ «នេះជាប្រទេសបរាជ័យមួយ។ នេះជាប្រទេសកំពុងបែកបាក់។ ពួកគេគ្មានប្រេង។ ពួកគេគ្មានលុយ។ ប៉ុន្តែយើងនឹងទៅទីនោះដើម្បីជួយ។ យើងនឹងជួយគ្រួសារ និងប្រជាជនជាច្រើន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

ការចោទប្រកាន់លោក Raúl Castro ជុំវិញតួនាទីរបស់លោកក្នុងការបាញ់ទម្លាក់យន្ដហោះស៊ីវិល ២គ្រឿងកាលពីឆ្នាំ១៩៩៦ ដែលបានសម្លាប់មនុស្ស៤នាក់ ក្នុងនោះមានពលរដ្ឋអាមេរិក ៣នាក់ ត្រូវបានគេមើលឃើញថាជា «ល្បែងព្រួញមួយបាញ់យកសត្វ ២ក្បាល»។ នៅម្ខាងលោក ត្រាំ សង្ឃឹមថាការចោទប្រកាន់នេះនឹងបង្កើនសម្ពាធបន្ថែមលើរបបដឹកនាំក្នុងទីក្រុងឡាហាវ៉ាន ដែលក្នុងនោះ លោកសង្ឃឹមថាអាចនឹងបង្កការបែកបាក់ផ្ទៃក្នុង ដែលជាលទ្ធផល សហរដ្ឋអាមេរិកអាចនឹងរកបានមិត្តក្នុងចំណោមក្រុមមន្ត្រីជាន់ខ្ពស់គុយបាដែលមានទំនោរចង់ចរចាជាមួយសហរដ្ឋអាមេរិក។ នៅម្ខាងទៀត ចំណាត់ការតាមផ្លូវច្បាប់អាចនឹងក្លាយជាលេសមួយសម្រាប់ការធ្វើសកម្មភាពយោធា ឬប្រតិបត្តិការនៃកងកម្លាំងពិសេស តួយ៉ាដូចជាប្រតិបត្តិការចូលទៅចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro កាលពីខែមករា ឆ្នាំ២០២៦។

ក្នុងពេលបច្ចុប្បន្ន មិនមានសញ្ញាណាមួយនៃការកើនឡើងសកម្មភាពយោធាទ្រង់ទ្រាយធំនៅក្បែរគុយបា ដូចគ្នាទៅនឹងការបង្កើនវត្តមានយោធាត្រៀមវាយវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ នៅឡើយទេ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ពីការកើនឡើងសកម្មភាពស៊ើបការណ៍របស់យន្ដហោះយោធាអាមេរិកនៅតាមបណ្ដោយឆ្នេររបស់គុយបា។ មុននឹងវាយវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ អាមេរិក បានបង្កើនវត្តមានយោធាយ៉ាងសម្បើមនៅក្បែរប្រទេសទាំង២នេះ។ បើតាមក្រុមអ្នកជំនាញ ការធ្លាក់ចុះអត្រាគាំទ្ររបស់លោក ត្រាំ ដោយសារសង្រ្គាមជាមួយអ៉ីរ៉ង់ អាចនឹងបង្កការលំបាកដល់រូបលោក ក្នុងការស្វែងរកការគាំទ្រផ្នែកនយោបាយសម្រាប់ការធ្វើប្រតិបត្តិការយោធាថ្មីណាមួយ។ ការស្ទង់មតិថ្មីៗនេះរបស់សារព័ត៌មានអាមេរិកធំៗដូចជា CNN និង New York Times បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនប្រឆាំងជំទាស់នឹងសង្រ្គាមអ៉ីរ៉ង់ ហើយក្នុងចំណោមពួកគេកាន់តែច្រើនឡើងបានចាប់ផ្ដើមទាញភ្ជាប់ដោយផ្ទាល់ថាគោលនយោបាយរបស់លោក ត្រាំ គឺជាដើមហេតុធ្វើឱ្យពួកគេ ប្រឈមមុខនឹងបញ្ហាប្រឈមខាងសេដ្ឋកិច្ច។

ការស្ទង់មតិក៏បានបង្ហាញដែរថាប្រជាជនអាមេរិកភាគច្រើនប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ ចំពោះគុយបា។ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយគុយបា ពិតណាស់វាមានប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនគុយបាដែលប្រឆាំងរដ្ឋាភិបាលសព្វថ្ងៃក្នុងទីក្រុងឡាហាវ៉ាន។ តែវាជារឿងឈឺក្បាលថ្មីមួយបន្ថែមទៀត ចំពោះគណបក្សសាធារណរដ្ឋដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតមុនអាណត្តិនៅខែវិច្ឆិកាខាងមុខ។ គណបក្សសាធារណរដ្ឋបានខកចិត្តរួចទៅហើយទៅនឹងការធ្លាក់ចុះអត្រាគាំទ្រដល់កម្រិតទាបបំផុតមួយរបស់លោក ត្រាំ ហើយការផ្ទុះសង្រ្គាមថ្មីណាមួយ ប្រៀបដូចជាការហុចដងឱ្យគណបក្សប្រជាធិបតេយ្យយកទៅឃោសនា និងអះអាងប្រាប់ប្រជាជនអាមេរិកថាលោក ត្រាំ មិនបានខ្វល់ខ្វាយពីទុក្ខលំបាករបស់ពួកគេនោះទេ។

ម្យ៉ាងវិញទៀត ដោយសារមានមេរៀនពីវ៉េណេស៊ុយអេឡា រដ្ឋាភិបាលគុយបាប្រហែលជាកំពុងរឹតបន្តឹងការការពារសន្តិសុខរបស់លោក Raúl Castro ដែលនេះអាចនឹងធ្វើឱ្យប្រតិបត្តិការរបស់កងកម្លាំង អាមេរិកទំនងជានឹងមិនងាយស្រួលដូចនៅវ៉េណេស៊ុយអេឡាឡើយ។ យ៉ាងណាក៏ដោយ គេក៏មិនអាចច្រានចោលជម្រើសធ្វើសកម្មភាពយោធារបស់សហរដ្ឋអាមេរិកទាំងស្រុងបាននោះដែរ។

* ហេតុអ្វីរដ្ឋបាលលោក ត្រាំ គិតថាខ្លួនមានឱកាសជោគជ័យនៅគុយបា?
តាមពិតទៅ ដោយសារតែមានហានិភ័យខ្ពស់ និងការសង្ស័យជាច្រើនអំពីជ័យជម្នះនៃការធ្វើសកម្មភាពយោធា គួបផ្សំជាមួយការសន្យារបស់លោក ត្រាំ ថានឹងមិននាំសហរដ្ឋអាមេរិកប្រឡូកចូលក្នុងសង្រ្គាម នៅក្រៅប្រទេស តើហេតុអ្វីបានជារដ្ឋបាលលោក ត្រាំ នៅតែគិតពីការបង្កើតវិបត្តិថ្មីមួយនៅគុយបា? ចំពោះសំណួរនេះ ក្រុមអ្នកជំនាញបានឆ្លើយតបថាលោក ត្រាំ កំពុងស្រេកឃ្លានចង់បានជ័យជម្នះមួយ ដើម្បីជំរុញគោលនយោបាយការបរទេសមួយដែលក្រុមមន្ត្រីជំនិតរបស់លោកបាននិយាយថានឹងប៉ះប៉ូវ ក៏ដូចជាជួយស្ដារឡើងនូវកិត្យានុភាពរបស់សហរដ្ឋអាមេរិក និងការកោតខ្លាចគោរពពីប្រទេសដទៃ ជាពិសេសក្នុងពេលដែលលោក ត្រាំ បានបរាជ័យក្នុងការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន និងបរាជ័យក្នុងការជំរុញភាពរីកចម្រើនក្នុងដំណាក់កាលបន្ទាប់នៅក្រោមផែនការបទឈប់បាញ់ហ្កាហ្សា ព្រមទាំង មិនទាន់អាចបញ្ចប់សង្រ្គាមអ៉ីរ៉ង់ជាស្ថាពរ។

សម្រាប់លោក ត្រាំ ការក្លាយទៅជាប្រធានាធិបតីអាមេរិកដំបូងបំផុតម្នាក់ដែលធ្វើរឿងមួយបានដោយជោគជ័យ ដែលគ្មានប្រធានាធិបតីអាមេរិករូបណា រាប់ចាប់តាំងពីជំនាន់លោក John F. Kennedy អាចធ្វើបាន នោះគឺការផ្ដួលរំលំ ឬប្ដូររបបដឹកនាំនៅគុយបា គឺជាការចារឈ្មោះមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលលោក ត្រាំចង់បានយ៉ាងខ្លាំង។ មួយវិញទៀត ការកែប្រែគុយបាពីសត្រូវឱ្យក្លាយទៅជាមិត្ត នឹងជួយពង្រឹងគោលលទ្ធិ «Donroe Doctrine» ជាការជំរុញមួយរបស់រដ្ឋបាលលោក ត្រាំ ដើម្បីឱ្យសហរដ្ឋអាមេរិកមានអំណាចផ្ដាច់មុខនៅក្នុងតំបន់អាមេរិកទាំងមូល។ គោលនយោបាយគុយបារបស់លោក ត្រាំ មានចំណុចមួយចំនួនដូចគ្នាទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកមុនៗ។ ពួកគេព្រួយបារម្ភជាយូរណាស់មកហើយថាគុបាយដែលស្ថិតនៅចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រពីរដ្ឋ Florida អាចនឹងត្រូវបានប្រើប្រាស់ដោយសត្រូវរបស់សហរដ្ឋអាមេរិកដូចជាចិន ឬរុស្ស៉ី ធ្វើជាមូលដ្ឋានមួយដើម្បីតាមដាន និងឈ្លបយកការណ៍លើសហរដ្ឋអាមេរិក។ ក្នុងន័យនេះ ប្រសិនបើសហរដ្ឋអាមេរិកអាចរកបាន រដ្ឋាភិបាលគុយបាមួយដែលមានទំនោរមិត្តភាពចំពោះសហរដ្ឋអាមេរិក នោះរុស្ស៉ី ឬចិននឹងបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយក្នុងទីក្រុងឡាហាវ៉ាន។

យ៉ាងណាក៏ដោយ វិធីសាស្ត្រដែលលោក ត្រាំ កំពុងប្រើដើម្បីជំរុញកេរ្តិ៍ឈ្មោះ ឬចង់ឱ្យគេចារឈ្មោះរបស់លោកក្នុងប្រវត្តិសាស្ត្រ អាចនឹងធ្វើឱ្យលោកប្រឈមនឹងការលះបង់ខ្ពស់ បើទោះជាលោកទទួលបានជោគជ័យ ឬបរាជ័យក៏ដោយ៕