លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
21-05-2026 23:09
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅ សាលសន្និសីទចតុមុខ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងសមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ចំនួនប្រមាណជាង៥០០រូប។
ជាកិច្ចចាប់ផ្តើម លោក ហ៊ឺ វឺរ: ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងបានឡើងធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។
ជាកិច្ចបន្ទាប់ លោក សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានប្រធាន១រូប អនុប្រធាន៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន២៨៨នាក់។
បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ឆន រតនា ជាសមាជិកាក្រុមការងារស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក ដើម្បីចូលរួមកសាងនៅគ្រប់សកម្មភាពការងារស្មគ្រ័ចិត្ត និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខបន្ថែមទៀត៕




















