* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឆ្នាំ២០២៧ រាជរដ្ឋាភិបាលគ្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញ បន្ទាប់ពីខកខានដំឡើងនៅឆ្នាំ២០២៦ (Video inside)

22-05-2026 11:39

(ភ្នំពេញ)៖ នៅឆ្នាំ២០២៧ រាជរដ្ឋាភិបាលកម្ពុជា​ នឹងគិតគូរពីការដំឡើងបៀវត្ស ​និងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ​ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការ បន្ទាប់ពីនៅឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលខកខានក្នុងការដំឡើង​បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារជួបវិបត្តិផ្ទួនៗ។

​យោងតាមសារា​ចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧​ បានឱ្យដឹងថា សម្រាប់ចំណាយបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៨.២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ដោយបានគិតគូរការដំឡើងបៀវត្ស ព្រមទាំងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ។

បន្ថែមពីនេះ ​ក្រសួងសេដ្ឋកិច្ចបានណែនាំដល់នាយកដ្ឋានបុគ្គលិក/អង្គភាពគ្រប់គ្រងធនធានមនុស្ស ដែលជាសេនាធិការរបស់ក្រសួង ស្ថាប័ននីមួយៗ ត្រូវសម្របសម្រួល និងគ្រោងចំណាយបន្ទុកបុគ្គលិកឱ្យបានសុក្រឹត តាមគោលការណ៍ ព្រមជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ពោលគឺត្រូវចៀសវាងការគ្រោងបៀវត្ស ឬបន្ទុកពាក់ព័ន្ធនឹងបុគ្គលិកនេះទុកចោល។ ​

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ចំពោះការជ្រើសមន្រ្តីក្របខ័ណ្ឌថ្មី ត្រូវគ្រោងយ៉ាងច្រើនស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ក្នុងឆ្នាំ២០២៦ ប៉ុន្តែការជ្រើសរើសជាក់ស្តែង គឺជាកម្មវត្ថុនៃការឯកភាពពីក្រសួងមុខងារសាធារណៈ។ ទន្ទឹមនេះ​ចំពោះមន្ត្រីដែលព្យួរការងារ និងមន្ត្រីដែលចូលបម្រើការងារវិញ ក៏ត្រូវគ្រប់គ្រង និងគ្រោងថវិកាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។

សន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ២០២៦ (តម្លៃសន្ទស្សន៍ក្នុង ១ ឯកតា ស្មើនឹង ២ ៦៣០ រៀល)។ ទន្ទឹមនេះ​ ក្រសួង ស្ថាប័នអាចគ្រោងថវិកាសម្រាប់ការដំឡើង ឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ស្របតាមបទប្បញ្ញត្តិជាធរមាន។

ប្រាក់បំណាច់មុខងារ ត្រូវដំឡើងប្រាក់បំណាច់មុខងារប្រចាំខែចំនួន ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារក្រោម ៨០០ ០០០រៀល និងដំឡើងប្រាក់បំណាច់មុខងារប្រចាំខែចំនួន ៣ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារចាប់ពី ៨០០ ០០០ រៀល ឡើងទៅដោយគិតចាប់ពីខែ មករា ដល់ខែធ្នូ។

មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងមិនឱ្យលើសពីចំនួន ដែលក្រសួងមុខងារសាធារណៈផ្តល់ជូនក្នុងឆ្នាំ ២០២៦ និងដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះមន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងដំឡើងពី ៧៩ ម៉ឺនរៀលទៅដល់ ៨១ ម៉ឺនរៀល ដោយគិតចាប់ពីខែ មករា ដល់ខែធ្នូ។

ចំណែកប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវគ្រោងចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវគ្រោងចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន​។

ជាមួយគ្នានេះ​សម្រាប់ឆ្នាំ ២០២៧​ រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាដោយឡែកផងដែរ សម្រាប់ការដំឡើងប្រាក់សោធន ជូននិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដោយគិតចាប់ពី ខែ មករា ដល់ខែធ្នូ ដើម្បីជួយទ្រទ្រង់ ជីវភាពបានសមរម្យ ដែលគោលការណ៍លម្អិតសម្រាប់ការអនុវត្ត នឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឆ្នាំ២០២៦​ ត្រូវបានរក្សាឱ្យដូចឆ្នាំ២០២៥ដែរ។ បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០២៦ មានស្ថានភាពដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ ស្មើនឹង ១ ៣៩៦ ៩៥០ រៀល
* បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ ស្មើនឹង ១ ៤៩៦ ៩៥០ រៀល
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) ស្មើនឹង ១ ៤៨៣ ៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) ស្មើនឹង ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ស្មើនឹង ១ ៤១៩ ៦៧៥ រៀល។

សម្រាប់ឆ្នាំ ២០២៦ មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០ ០០០ រៀល៕

ចុចអាន៖ https://t.me/freshnewsasia/284577