និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពីការផ្ញើសារខ្លីជាអក្សរពាក់ព័ន្ធនឹងការប្រើប្រាស់សេវាទូរស័ព្ទចល័ត

22-05-2026 12:59

(ភ្នំពេញ)៖ ដើម្បីទទួលបាន ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងងាយយល់ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាទូរស័ព្ទចល័ត រាល់ការផ្ញើសារខ្លីជាអក្សរត្រូវមានភាសាខ្មែរ និង/ឬភាសាផ្សេងទៀត តាមការជ្រើសរើសរបស់អ្នកប្រើប្រាស់ នៅពេលចុះឈ្មោះប្រើស៊ីមទូរស័ព្ទចល័តលើកដំបូង និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមណែនាំប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ដូចខាងក្រោម៖

ក. ការផ្ញើសារខ្លីពីការប្រើប្រាស់សេវាទូរស័ព្ទចល័ត

១- នៅពេលអ្នកប្រើប្រាស់ចុះឈ្មោះដំណើរការស៊ីមរួច ប្រតិបត្តិករទូរស័ព្ទចល័តត្រូវផ្ញើសារខ្លីស្វាគមន៍ទៅអ្នកប្រើប្រាស់ ដោយបញ្ជាក់ថា ស៊ីមនោះត្រូវបានដំណើរការដោយជោគជ័យ និងរួចរាល់សម្រាប់ប្រើប្រាស់។ សារខ្លីទាំងនេះត្រូវមានព័ត៌មានពាក់ព័ន្ធសំខាន់ៗ សម្រាប់ការប្រើប្រាស់លើកដំបូងមាន ជាអាទិ៍ របៀបពិនិត្យមើលសមតុល្យក្នុងគណនីគោល ឬរបៀបចូលប្រើប្រាស់សេវាមូលដ្ឋានដូចជាការហៅទូរស័ព្ទ ការផ្ញើសារ និងទិន្នន័យ។

២- រាល់ពេលអ្នកប្រើប្រាស់បានបញ្ចូលទឹកប្រាក់ក្នុងគណនីគោល ពេលភ្ជាប់ឬផ្តាច់ ឬបន្តឡើងវិញដោយស្វ័យប្រវត្តិនូវគម្រោងឬសេវាកម្ម ដោយជោគជ័យ។

៣- រាល់ពេលអ្នកប្រើប្រាស់ភ្ជាប់ឬបន្តឡើងវិញដោយស្វ័យប្រវត្តិ ឬពេលមិនបន្តឡើងវិញដោយស្វ័យប្រវត្តិមុន និងក្រោយពេលផុតសុពលភាពគម្រោងឬសេវាកម្ម មិនបានជោគជ័យ។

៤- រាល់ពេលមុនផុតសុពលភាពនៃការប្រើប្រាស់ទឹកប្រាក់ក្នុងគណនីគោល ឬទិន្នន័យអ៊ីនធឺណិត ឬគម្រោងឬ សេវាកម្ម។

៥- នៅពេលអ្នកប្រើប្រាស់ប្រើសេវារ៉ូមីងនៅក្រៅប្រទេស ប្រតិបត្តិករទូរស័ព្ទចល័តត្រូវផ្ញើសារជូនដំណឹងដល់អ្នកប្រើប្រាស់នូវព័ត៌មានសំខាន់ៗពាក់ព័ន្ធមាន ជាអាទិ៍ សារជូនដំណឹងស្វាគមន៍សម្រាប់សេវារ៉ូមីង, រាល់ពេលភ្ជាប់ឬផ្តាច់សេវារ៉ូមីង, និងតម្លៃស្តង់ដានៃការប្រើប្រាស់សេវារ៉ូមីងមានដូចជាការហៅទូរស័ព្ទ និងការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត។

៦- នៅពេលការប្រើប្រាស់សមតុល្យ ជាអាទិ៍ ទិន្នន័យអ៊ីនធឺណិត, នាទីហៅទូរស័ព្ទ, សារខ្លី, ឬទឹកប្រាក់ក្នុងគណនីគោលត្រូវបានប្រើប្រាស់ឈានដល់កម្រិត ៩០% និង ១០០ % មុនផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលឬគម្រោងឬសេវាកម្ម ដោយត្រូវអនុវត្តសម្រាប់ការប្រើប្រាស់ទាំងក្នុងស្រុកនិងការប្រើសេវារ៉ូមីងក្រៅប្រទេស។

៧- នៅពេលផ្អាកដំណើរការជាបណ្តោះអាសន្ន និងការបញ្ឈប់ដំណើរការទាំងស្រុងនៃការប្រើប្រាស់លេខទូរស័ព្ទចល័តអនុលោមតាមសេចក្តីជូនដំណឹងលេខ ១០៨២៧ ន.ទ.ក. ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

៨- ក្នុងករណីមានការស្នើសុំរបស់អ្នកប្រើប្រាស់តាមរយៈលេខកូដខ្លីមាន ជាអាទិ៍ ការពិនិត្យសមតុល្យ ការភ្ជាប់និងផ្តាច់គម្រោងឬសេវាកម្ម និងឬការពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់។

៩- ក្នុងករណីមានការរំខាន ឬការកាត់ផ្តាច់សេវាទូរស័ព្ទចល័តដោយមានឬគ្មានការគ្រោងទុក ឬករណីប្រធានសក្តិ និងឬករណីមានការស្នើពី ន.ទ.ក.។

ខ. ការផ្ញើសារខ្លីពីការផ្សព្វផ្សាយពាណិជ្ជកម្ម

១- រាល់ការផ្ញើសារខ្លីពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីគម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសារពីពាណិជ្ជកម្មផ្សេងទៀតអាចអនុវត្តចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:០០យប់។ រាល់ខ្លឹមសារនៃសារខ្លីអំពីពាណិជ្ជកម្មត្រូវអនុលោមតាមសេចក្តីណែនាំលេខ ៩៤៥២ ន.ទ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការផ្សាយពាណិជ្ជកម្មសេវាទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិពាក់ព័ន្ធ។

២- ការផ្ញើសារខ្លីពីពាណិជ្ជកម្មត្រូវធ្វើឡើងដោយឡែកពីសារខ្លីពាក់ព័ន្ធនឹងការប្រើប្រាស់សេវាទូរស័ព្ទចល័តដូចបានកំណត់ក្នុងចំណុច (ក) នៃសេចក្តីណែនាំនេះ ដោយបញ្ជាក់ក្នុងចំណងជើងថា “ពាណិជ្ជកម្ម” ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលកត់សម្គាល់ពីប្រភេទសារខ្លីទាំងនោះ។

៣- ក្នុងករណីការផ្ញើសារខ្លីផ្សព្វផ្សាយពាណិជ្ជកម្មដែលធ្វើឡើងដោយភាគីទីបីតាមរយៈបណ្តាញរបស់ប្រតិបត្តិករទូរស័ព្ទចល័ត គ្រប់សារខ្លីទាំងអស់ត្រូវបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកផ្ញើឱ្យបានច្បាស់លាស់។

៤- រាល់ការផ្ញើសារខ្លីផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវផ្តល់នូវមធ្យោបាយមានដូចជាតាមរយៈលេខកូដខ្លី ១២០៤ ឬមធ្យោបាយសមស្របផ្សេងទៀត ដែលអ្នកប្រើប្រាស់អាចជ្រើសរើសដោយបន្ត ឬមិនបន្តទទួលយកនូវសារពីពាណិជ្ជកម្មទាំងនោះ៕