កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រួតពិនិត្យសំណើការសវនកម្មផ្ទៃក្នុង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ជីសារពើភ័ណ្ឌប្រចាំឆ្នាំ

22-05-2026 15:33

(បាត់ដំបង)៖ ដោយមានការយកចិត្តទុក្ខដាក់ពីលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួត ពិនិត្យដំណើរការសវនកម្មផ្ទៃក្នុង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ជីសារពើភ័ណ្ឌប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សម្រាប់ដំណាច់ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង។

ក្នុងនោះក៏មានការចូលរួមពី លោក សុវណ្ណ​ វិទិត្យា ហិរញ្ញឹកគណៈកម្មាធិការសាខាអនុប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង លោក លោកស្រី សមាជិកក្រុមការងារសរនកម្មផ្ទៃ លោក នាយកនាយករងសាខា និងមន្ត្រី ក្រុមប្រតិបត្តសាខា។

ថ្លែងក្នុងកិច្ចស្វាគមន៍ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខា បានជម្រាបជូនប្រធានអង្គប្រជុំថាយោង លិខិតលេខ០០២/២៦កក្រករហ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ របស់កាកបាទកក្រហមកម្ពុជា ស្តីពីការអនុវត្ត ការងារសវនកម្មផ្ទៃក្នុង និងការធ្វើបច្ចប្បន្នភាពបញ្ជីសារពើភ័ណ្ឌប្រចាំឆ្នាំ របស់កាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំសវនកម្មនេះ ជាការលើកកម្ពស់កិត្តិនាមកាកបាទក្រហមកម្ពុជា និងជាការបំពេញកាតព្វកិច្ចរបស់កាកបាទក្រហម កម្ពុជាតាមធម្មនុញ្ញ របស់សហព័ន្ធអន្តរជាតិ ក្នុងនាមជា សមាជិកទី៨៥ ការអនុវត្តការងារសវនកម្មផ្ទៃក្នុងសាខា និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌប្រចាំឆ្នាំរៀងរាល់ ដំណាច់ឆ្នាំហិរញ្ញកិច្ចធ្វើឲ្យមានប្រសិទ្ធភាព។

លោក ផេង សិទ្ធី អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារសវនកម្មផ្ទៃ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខជូនសមាជិក សមាជិកា នៃកិច្ចប្រជុំពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា និងបានសម្ដែងនូវការកោតសរសើរ ចំពោះមន្ដ្រី ប្រតិបត្តិសាខា ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុស ត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់លោក លោកស្រីទាំងគណៈកិត្តិយស សាខាគណៈកម្មាធិការ សាខាក្រុមប្រតិបត្តិសាខា អនុសាខាក្រុង-ស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់បានរួមគ្នាដោះស្រាយ ឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀតទទួលបានកាន់តែប្រសើរថែមទៀត ដោយមិនគិតពេលវេលាឡើយ។

កិច្ចប្រជុំក្រុមការងារសវនកម្មផ្ទៃក្នុង ក្នុងគោលចំណងដើម្បីពិនិត្យសកម្មភាព នៃការងារគ្រប់គ្រងបញ្ជីសាពើភ័ណ្ឌដែលជាទ្រព្យសម្បត្តិសាខា ក៏ដូចសកម្មភាពរកចំណូល ហើយសកម្មភាពនៃការចំណាយរបស់ក្រុមប្រតិបត្តិសាខាយោងតាមផែនការចំណាយប្រចាំឆ្នាំរបស់សាខា សំដៅយ៉ាងណាឲ្យមានតម្លាភាព និងសុក្រិត្យភាពដើម្បីកង្កើនដល់ ទំនុកចិត្ត និងគណនេយ្យភាពចំពោះសាខា និងសប្បុរសជន ក្នុងការបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់អនុវត្តន៍សកម្មភាពមនុស្សធម៌ជួយសង្គ្រោះជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ក្នុងនាមលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា, លោក ផេង សិទ្ធី ក៏បានសំណូមពរ និងបានដាស់តឿនដោយក្រើនរំឭកដល់មន្ដ្រីប្រតិបត្តិសាខាទាំងអស់ ត្រូវបន្តខិតខំ និងលះបង់នូវស្មារតី ក្នុងការចូលរួមបន្តអនុវត្តគ្រប់សកម្មភាពមនុស្សធម៌លើការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុលផុសក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤ រួមមាន៖ ១៖ការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ២៖សុខភាព និងការថែទាំ សុខភាពនៅក្នុងសហគមន៍, ៣៖ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤៖ការអភិវឌ្ឍស្ថាប័នឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕